កំពង់ធំ៖ អ្នកស្រី សួ ចិត្រ និងប្តីគឺលោក ផ្លុង លិន ជាអ្នកធ្វើម្ហូបអាហារស្រាប់លក់នៅផ្សារមួយកន្លែងស្ថិតក្នុងភូមិបឹង ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ សព្វថ្ងៃប្តីប្រពន្ធទាំងពីររូបនេះ បានដាំបន្លែខ្លួនឯងខ្លះ ដើម្បីកាត់បន្ថយការចំណាយទិញបន្លែពីផ្សារដែលសម្បូរដោយសារជាតិគីមីធ្វើឱ្យប៉ះពាល់សុខភាព។
អ្នកស្រីឱ្យដឹងថា ការដាំបន្លែខ្លួនឯងមិនប្រើថ្នាំគីមីគឺអាចរក្សាបានសុខភាពគ្រួសារ និងអ្នកទទួលទាន។
អ្នកទាំងពីរបានចាប់យកមុខរបរធ្វើម្ហូបលក់នេះរយៈពេល ៤ ឆ្នាំមកហើយ ហើយមុខម្ហូបដែលអ្នកស្រីនិងប្ដីតែងតែធ្វើមានដូចជា ផាកឡូវ ញាំ ម្ជូរគ្រឿង ឆាតាំងហ៊ុន និងប្រហុកខ្ទិះ។
ប្តីប្រពន្ធទាំងពីរចាប់ផ្ដើមធ្វើម្ហូបចាប់ពីម៉ោង ១ រសៀលដល់ម៉ោង ៣:៣០នាទីល្ងាចទើបរួច ហើយត្រូវដឹកយកទៅលក់ម៉ោង ៤ ល្ងាចនៅផ្សារក្នុងភូមិបឹងស្រាប់ និងត្រឡប់មកវិញនៅម៉ោង ៦:៣០ នាទីល្ងាច។
ចំណែកចំណូលវិញក្នុងមួយថ្ងៃ អាចចំណេញប្រាក់ជាមធ្យមពី ៤ម៉ឺន ទៅ ៥ម៉ឺន។ អ្នកស្រីប្រាប់ថា មុខរបរនេះគឺចំណេញមិនច្រើននោះទេ តែវាជាមុខរបរបន្ទាប់បន្សំក្នុងគ្រួសារដែលអាចជួយរកប្រាក់បន្ថែមពីមុខរបរប្ដីដែលធ្វើស្រែចំការ និងចុងភៅតាមរោងការផងដែរ។
មុខរបរធ្វើម្ហូបអាហារលក់នេះ បានធ្វើអោយគ្រួសារបងស្រីមានភាពធូរធាជាងមុនច្រើន ទាំងការហូបចុកគ្រប់គ្រាន់ មានលុយទិញរបស់ប្រើប្រាស់ល្អៗ ជួយរកប្រាក់បន្ថែមដើម្បីអាចមានលទ្ធភាពធ្វើផ្ទះនៅ និងអាចផ្គត់ផ្គង់កូនៗរៀនសូត្របានទាំងបីនាក់ ដែលកូនទីមួយរៀនថ្នាក់ទី១០ កូនទីពីររៀនថ្នាក់ទី ៦ កូនពៅទីបីរៀនថ្នាក់ទី ២៕
អត្ថបទខ្លីសរសេរដោយ ហុក ដេប៉ូ យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។