ភ្នំពេញ៖ មានការឯកភាពគ្នាចំនួនបីចំនួន បានកើតឡើងក្នុងជំនួបរវាងតំណាងធនាគារចំនួន១០ និងអ្នកឧកញ៉ាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា ដែលលទ្ធផលនេះជាគន្លឹះមួយឈានទៅរកដំណោះស្រាយបញ្ហាប្រឈមនៃវិស័យលំនៅឋាន និងអចលនទ្រព្យ។ នេះបើតាមព័ត៌មានដែលបង្ហោះលើទំព័រហ្វេសប៊ុកក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ។
បើតាមលទ្ធផលនៃកិច្ចសម្របសម្រួលចំពោះមុខរដ្ឋមន្រ្តីក្រសួងដែនដី តំណាងធនាគារនិងអ្នករកស៊ីអចលនទ្រព្យទាំងនោះយល់ព្រម គាំទ្រគំនិតផ្តួចផ្តើមបន្ធូរបន្ថយការប្រាក់លើកម្ចីសម្រាប់ការអភិវឌ្ឍលំនៅឋាន និងទិញអចលនទ្រព្យ មកត្រឹម ៨% ក្នុងមួយឆ្នាំ។ អត្រាការប្រាក់ថ្មីនេះ នឹងផ្តល់ឱ្យអតិថិជន ទិញលំនៅឋាននូវលទ្ធភាពអនុវត្តកាតព្វកិច្ចសងត្រឡប់ទៅធនាគារកាន់តែមានភាពងាយស្រួល។
កិច្ចពិភាក្សារវាងតំណាងធនាគារចំនួន១០ និងអ្នកឧកញ៉ាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជានៅទីស្តីការក្រសួងដែនដី។រូបភាពពីហ្វេសប៊ុកក្រសួង។
ចំណុចមួយទៀត គឺត្រង់ការបន្ទាបអត្រាការប្រាក់មកត្រឹម ៨% នឹងក្លាយជាធាតុចូលមួយជួយស្តារវិស័យអចលនទ្រព្យ និងការទិញលក់លំនៅឋានឱ្យងើបឡើងវិញ ពិសេសជួយកាត់បន្ថយនិងបញ្ចប់វិវាទក្នុងបុរីពេលអតិថិជនគ្មានលទ្ធភាពបង់សងធនាគារ។
និងចំណុចចុងក្រោយ ភាគីទាំងអស់ឯកភាពគ្នាជួបពិភាក្សាគ្នាបន្តបន្ទាប់ក្នុងវេទិកាផ្សេងៗ និងចាប់ផ្តើមអនុវត្តជាបណ្តើរៗសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុណាដែលមានលទ្ធភាព។
សូមបញ្ជាក់ថា ក្នុងជំនួបនៃក្របខ័ណ្ឌក្រុមការងារផ្នែកសំណង់ និងអចលនទ្រព្យ “ឌ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន រៀបចំនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានការចូលរួមពីតំណាងធនាគារជាតិនៃកម្ពុជា, ធនាគារអេស៊ីលីដា, ធនាគារ ABA, ធនាគារ PPCB, ធនាគារ J Trust, ធនាគារ RHB, ធនាគារ First Commercial Bank, ធនាគារ FTB, ធនាគារ Agri-Bank, ធនាគារ SBI LY HOUR Bank, និងអ្នកឧកញ៉ាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា។
កិច្ចពិភាក្សារវាងតំណាងធនាគារចំនួន១០ និងអ្នកឧកញ៉ាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជានៅទីស្តីការក្រសួងដែនដី។រូបភាពពីហ្វេសប៊ុកក្រសួង។
សម្រាប់ក្រសួងដែនដីចាត់ទុក កិច្ចប្រជុំពិគ្រោះយោបល់កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ថា គឺមានសារសំខាន់ណាស់ក្នុងការកំណត់យន្តការសម្រួលដល់ដំណើរការ និងសុវត្ថិភាពរបស់ឧស្សាហកម្មអចលនទ្រព្យ ដែលជាប្រភពផ្តល់នូវឱកាសការងារ និងកម្រៃជូនប្រជាជនបានយ៉ាងច្រើន។ អ្វីជាពិសេសទៀតនោះ លទ្ធផលនៃកិច្ចពិភាក្សាខាងលើអាចជួយសម្របសម្រួលរកដំណោះស្រាយជាក់ស្តែង សម្រាប់ប្រជាជនមានលំនៅឋានសមរម្យ ជីវភាពល្អប្រសើរ គ្មានវិវាទនៅក្នុងសង្គម ធានាដល់ដំណើរការឧស្សាហកម្មអចលនទ្រព្យ ឧស្សាហកម្មប្រាក់កម្ចី និងឧស្សាហកម្មធនាគារ និងហិរញ្ញវត្ថុ នៅប្រទេសកម្ពុជាជារួម៕