en     km
en     km

អភិបាលខេត្តបាត់ដំបងប្រាប់ហេតុផលដែលនាំឱ្យខេត្តនេះក្លាយជាទីក្រុងច្នៃប្រឌិតរបស់UNESCO

Share

ទីក្រុងបាត់ដំបង ជាទីក្រុងដំបូងគេដែលអង្គការយូណេស្កូបានសម្រេចបញ្ជូលជាទីក្រុងមានភាពច្នៃប្រឌិត។ អភិបាលខេត្តនេះ ថារដ្ឋបាលខេត្តបានលើកយកម្ហូបអាហារដែលមានភាពច្នៃប្រឌិត ដាក់ស្នើរទៅកាន់យូណេស្កូ កាលពីពេលកន្លងទៅ ទើបអាចចូលជាសមាជិកទីក្រុងដែលមានភាពច្នៃប្រឌិតបាន។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញនេះ ទីក្រុងចំនួន៥៥ ត្រូវបានចាត់បញ្ចូលជាទីក្រុងមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ។ ក្នុងនោះទីក្រុងមួយរបស់កម្ពុជា គឺទីក្រុងបាត់ដំបងក៏បានចាត់ចូលទៅក្នុងទីក្រុងដែលមានភាពច្នៃប្រឌិតផងដែរ លើផ្នែកម្ហូបអាហារ។

លោក សុខ លូ អភិបាលខេត្តបាត់ដំបងបានប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា កត្តាដែលធ្វើឱ្យខេត្តនេះចូលជាទីក្រុងមានភាពច្នៃប្រឌិតបាន ដោយសារបាត់ដំបងមានម្ហូបអាហារច្រើន ហើយមានការច្នៃប្រឌិតខ្លាំងលើម្ហូបអាហារ និងអាចរកបានជាទូទៅនៅក្នុងខេត្ត។

ក្រោយពេលបញ្ចូលជាទីក្រុងដែលមានភាពច្នៃប្រឌិតលើម្ហូបអាហារ លោក សុខ លូ អះអាងថា នឹងជួយជំរុញទេសចរមកខេត្តបាត់ដំបងកាន់តែច្រើន ខណៈវិស័យម្ហូបអាហារជាផ្នែកមួយដែលទាក់ទាញភ្ញៀវឱ្យមកខេត្តនេះស្រាប់ហើយ ព្រមទាំងលើកទឹកចិត្តប្រជាជនខិតខំច្នៃប្រឌិតម្ហូបបន្ថែមទៀត។

យ៉ាងណាលោកបានអំពាវនាវដល់ប្រជាពលរដ្ឋខេត្តដទៃទៀត ស្វែងរកភាពខ្លាំងរបស់ខេត្តសម្រាប់ដាក់ជាចូលជាទីក្រុងរបស់អង្គការយូណេស្កូផងដែរ។

អគ្គនាយកអង្គការយូណេស្កូ លោក Audrey Azoulay បាននិយាយថា បណ្តាទីក្រុងនៅក្នុងបណ្តាញទីក្រុងច្នៃប្រឌិតកំពុងឈានមុខគេ ពេលនិយាយអំពីការបង្កើនលទ្ធភាពទទួលបានវប្បធម៌ និងការពង្រឹងថាមពលនៃភាពច្នៃប្រឌិតសម្រាប់ភាពធន់ និងការអភិវឌ្ឍទីក្រុង។

ផ្អែកតាម UNESCO ទីក្រុងច្នៃប្រឌិតដែលត្រូវបានកំណត់ថ្មីទាំង៥៥នេះ នឹងត្រូវបានឱ្យចូលរួមក្នុងសន្និសីទប្រចាំឆ្នាំនៃបណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការណូណេស្កូ​ ឆ្នាំ២០២៤ (UCCN 2024) ដែលនឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី១-៥ ខែកក្កដា​ ឆ្នាំ២០២៤ ខាងមុខ នៅក្នុងទីក្រុងប្រាក នៃប្រទេសព័រទុយហ្គាល់ក្រោមប្រធានបទ នាំយុវជនមកកាន់តុសម្រាប់ទសវត្សរ៍ក្រោយ។

គួរជម្រាបថា ទីក្រុងថ្មីដែលអង្គការយូណេស្កូ បានបញ្ជូលជាទីក្រុងច្នៃប្រឌិត ត្រូវមានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការទាញយកវប្បធម៌ និងភាពច្នៃប្រឌិត ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ខ្លួន និងបង្ហាញនូវការអនុវត្តប្រកបដោយភាពច្នៃប្រឌិតក្នុងការរៀបចំផែនការទីក្រុងដែលផ្តោតទៅលើប្រជាជន។

UNESCO បញ្ជាក់ថា ការបន្ថែមទីក្រុងចំនួន៥៥ ចុងក្រោយនេះ ក្នុងបណ្តាញ UNESCO Creative Cities Network ដោយសារសមាជិកទីក្រុងច្នៃប្រឌិតចំនួន៣៥០ ដែលមកពីជាង​ ១០០ប្រទេសនេះ បានតំណាងឱ្យវិស័យច្នៃប្រឌិតចំនួន៧ រួមមានវិស័យសិប្បកម្ម និងសិល្បៈប្រជាប្រិយ ការរចនា ភាពយន្ត ម្ហូបអាហារ អក្សរសាស្ត្រ សិល្បៈប្រព័ន្ធផ្សព្វផ្សាយ និងតន្ត្រី៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង