យុវតីមកទទួល ការចាក់វ៉ាក់សាំងបង្ការជំងឺតេតាណុស ពីអង្គការម៉ារីស្តូបអន្តរជាតិនៅខេត្តបាត់ដំបង។ រូបភាពពីអង្គការម៉ារីស្តូប។
អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា (MSIC) បានចាប់ផ្ដើមកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺតេតាណុសសម្រាប់យុវវ័យ ដោយសហការជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង និងវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង។ ព្រឹត្តិការណ៍នេះបានរៀបចំឡើងនៅគ្លីនិកម៉ារីស្តូបនៅបាត់ដំបងក្នុងគោលបំណងលើកកម្ពស់សុខុមាលភាពរបស់យុវជននៅកម្ពុជា។ កញ្ញា សៃ ចន្ធី រាយការណ៍
លោក ចេង លីស៊ុនឃាង អនុប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានបង្ហាញការគាំទ្រ យ៉ាងខ្លាំងចំពោះកម្មវិធីនេះ ហើយបានលើកឡើងពីហានិភ័យធ្ងន់ធ្ងរដែលបង្កដោយជំងឺតេតាណុស រួមមានអាការៈកន្ត្រាក់សាច់ដុំខ្លាំង ការឈឺចាប់រហូតដល់រឹងថ្គាម ការប៉ះពាល់ដង្ហើម និងអាចរហូតឈានដល់ស្លាប់។ លោកបានជំរុញឱ្យអ្នកចូលរួមទាំងអស់មកទទួលវ៉ាក់សាំងបង្ការជំងឺតេតាណុសចំនួន ប្រាំ ដូស ដើម្បីធានាបាននូវការការពារពេញមួយជីវិតជាពិសេសស្រ្តីក្នុងវ័យបន្តពូជចាប់ពីអាយុ ១៥ឆ្នាំ ដល់ ៤៤ឆ្នាំ គួរតែទទួលការចាក់វ៉ាក់សាំងបង្ការជំងឺតេតាណុស ដើម្បីការពារកំឡុងពេលសម្រាលកូន។
យុវតីមកទទួល ការចាក់វ៉ាក់សាំងបង្ការជំងឺតេតាណុស ពីអង្គការម៉ារីស្តូបអន្តរជាតិនៅខេត្តបាត់ដំបង។ រូបភាពពីអង្គការម៉ារីស្តូប។
លោកស្រី ឡេង ស៊ីវហេង នាយិកាប្រចាំប្រទេសនៃអង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា បានបង្ហាញការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជាក្នុងការលើកកម្ពស់សេវាសុខភាពនៅកម្ពុជា។ អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជាបានចាប់ផ្តើមបំពេញបេសកម្មនៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៨មកម្លេះ ដោយធ្វើការយ៉ាងជិតស្និតជាមួយក្រសួងសុខាភិបាល និងមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក ក្នុងការចូលរួមកាត់បន្ថយអត្រាមរណៈភាពមាតា និងទារក តាមរយៈការផ្តល់សេវាប្រកបដោយគុណភាពដល់ប្រជាពលរដ្ឋទាំងស្រ្តី និងបុរសនៅកម្ពុជា។ លោកស្រីក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការចាក់វ៉ាក់សាំងបង្ការជំងឺតេតាណុស ហើយព្រមទាំងបានបញ្ជាក់ទៀតថា តេតាណុសគឺជាជំងឺដែលអាចការពារបានតាមរយៈការចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូសនិងទៀងទាត់។
ការចាក់វ៉ាក់សាំងបង្ការជំងឺតេតាណុស ពីអង្គការម៉ារីស្តូបអន្តរជាតិនៅខេត្តបាត់ដំបង។ រូបភាពពីអង្គការម៉ារីស្តូប។
លោក ឈុន ផា នរិន្ទ នាយកផ្នែកទំនាក់នាក់ទំនងនិងទីផ្សារនៃអង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា បានលើកឡើងអំពីសេវាសំខាន់ៗរបស់គ្លីនិកម៉ារីស្តូបសម្រាប់យុវវ័យរួមមាន៖ ការប្រឹក្សាអំពីការមករដូវ ការពិនិត្យនិងព្យាបាលជំងឺកាមរោគ ការពិនិត្យរកកោសិកាបម្រុងមហារីកមាត់ស្បូន ការចាក់វ៉ាក់សាំង ការរៀបចំផែនការគ្រួសារ ការពិនិត្យឈាម អេកូសាស្ត្រ និងការថែទាំវេជ្ជសាស្ត្រពីចម្ងាយ។ គ្លីនិកម៉ារីស្តូបផ្តល់ជូនគ្រប់សេវា សម្រាប់ស្ត្រីគ្រប់វ័យ។ លោក បានសង្កត់ធ្ងន់លើតួនាទីរបស់សេវាថែទាំសុខភាពពីចម្ងាយ (Telemedicine) ដើម្បីលុបបំបាត់ឧបសគ្គនៃការការវិនិច្ឆ័យនិងការមាក់ងាយក្នុងចំណោមយុវវ័យ ដោយផ្តល់ជូននូវសេវាដែលមានសុវត្ថិភាពបំផុតពីចម្ងាយរួមមាន៖ សេវារំលូតដោយសុវត្ថិភាព ស្រោមអនាម័យបុរស ថ្នាំគ្រាប់ពន្យារកំណើត ថ្នាំការពារកំណើតបន្ទាន់ និងនិងតេស្តទឹកនោមពិនិត្យមានផ្ទៃពោះ ។
ការចាក់វ៉ាក់សាំងបង្ការជំងឺតេតាណុស ពីអង្គការម៉ារីស្តូបអន្តរជាតិនៅខេត្តបាត់ដំបង។ រូបភាពពីអង្គការម៉ារីស្តូប។
កម្មវិធីចាក់វ៉ាក់សាំងនេះ ទទួលបានការគាំទ្រពីក្រសួងការបរទេសនិងពាណិជ្ជកម្មរបស់រដ្ឋាភិបាលអូស្ត្រាលី (DFAT) តាមរយៈគម្រោង ‘ការឆ្លើយតបតាមរយៈការផ្តល់សេវាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជសំខាន់ៗ និងសិទ្ធិ និងយន្តការថ្មីក្នុងការផ្តល់សេវាសុខភាព’ ដែលហៅកាត់ថា (RESPOND) និងមានបំណងចូលរួមជាចំណែកមួយនៃកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល។
អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា បានផ្ដល់មធ្យោបាយសម្រាប់ទំនាក់ទំនងរកជំនួយក្នុងការប្រឹក្សានិងការមកទទួលសេវាសុខភាពផ្លូវភេទ សុខភាពបន្តពូជ ដែលផ្ញើសារមកកាន់ទំព័រហ្វេសប៊ុកម៉ារីស្តូប៖ Marie Stopes Cambodia ទូរស័ព្ទ៖ 012 999 002 ឬ 098 999 102 កម្មវិធីផ្ញើសារ LINE Viber WhatsApp WeChat Telegram ដែលមានលេខដូចគ្នាគឺ 093 24 08 23។
ការចាក់វ៉ាក់សាំងបង្ការជំងឺតេតាណុស ពីអង្គការម៉ារីស្តូបអន្តរជាតិនៅខេត្តបាត់ដំបង។ រូបភាពពីអង្គការម៉ារីស្តូប។
អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា (MSIC) គឺជាផ្នែកមួយនៃ MSI Reproductive Choice ដែលមានវត្តមាននៅក្នុង ៣៧ ប្រទេសនៅជុំវិញពិភពលោក។ ចាប់តាំងពីឆ្នាំ ១៩៩៨ អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា បានផ្តល់សេវាសុខភាពបន្តពូជដល់ប្រជាជនកម្ពុជា តាមរយៈការសហការជាមួយ ក្រសួងសុខាភិបាល។ MSIC មានគ្លីនិកចំនួន ៨ និងបណ្តាញស្រ្តីចំនួន ២៤ ទូទាំងប្រទេស ដែលផ្តល់សេវាស្របតាមតម្រូវការរបស់ស្ត្រី បុរស និងយុវវ័យ៕
អត្ថបទខ្លីសរសេរដោយកញ្ញា សៃ ចន្ធឺ