ភ្នំពេញ៖ក្នុងឱកាសទិវាអន្តរជាតិនារី ៨ មីនាឆ្នាំនេះ គេប្រទះឃើញសារនានាពីស្ថាប័នរដ្ឋ ឬ ពីមន្រ្តីរដ្ឋាភិបាលបានលើកឡើងពីការជំរុញបរិមាណចំនួនស្រ្តីក្នុងស្ថាប័នការងារ និងការបំពាក់ភាពអង់អាចសម្រាប់ស្រ្តី។ តែដោយឡែក ពីជ្រុងមួយពីអង្គការសង្គមស៊ីវិលវិញ ចង់ឱ្យស្ថាប័នរដ្ឋនិងវិស័យឯកជននានាត្រូវយកចិត្តទុកដាក់គោរពសិទ្ធិ សេរីភាព សមភាព យុត្តិធម៌សង្គម ព្រមទាំងលក្ខខណ្ឌការងារល្អចំពោះស្រ្តី។
លោក កែវ សុខា ជូនសេចក្តីរាយការណ៍
នាឱកាសអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥នេះ ស្ថាប័នចំណុះឱ្យរដ្ឋាភិបាលបានលើកយកមូលបទ ស្តីពី «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប»មកបង្ហាញនិងជំរុញឱ្យមានវឌ្ឍនភាពល្អចំពោះស្រ្តី។
ដោយឡែកពីខាងអង្គការសង្គមស៊ីវិលដែលធ្វើការងារលើកស្ទួយសិទ្ធិសេរីភាពវិញ ក៏ប្រារព្ធអបអរទិវាអន្តរជាតិនារី ៨មីនានេះដូចគ្នា ហើយបំណងរួមក៏មិនចាកឆ្ងាយពីភាគីរដ្ឋាភិបាលនោះដែរ ដោយសង្គមស៊ីវិលលើកយកប្រធានបទ៖ «ពង្រឹងសិទ្ធិអំណាចស្ត្រី និងក្មេងស្រី ដើម្បីសមភាព ស្ថិរភាពសេដ្ឋកិច្ច និងយុត្តិធម៌សង្គម»។
នៅឆ្នាំ២០២៥នេះ ពីខាងរដ្ឋាភិបាលគួរឱ្យចាប់អារម្មណ៍ជាងគេ គឺសាររបស់លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាតំណាងនាយករដ្ឋមន្រ្តី។ លោកបានថ្លែងកាលពីថ្ងៃទី៦ ខែមីនា នៅវិមានសន្តិភាព ដោយវាយតម្លៃយ៉ាងខ្ពស់ចំពោះស្រ្តី និងក្មេងស្រីទាំងអស់នៅលើពិភពលោក ពិសេសស្រ្តីនៅកម្ពុជា ដែលបានរួមចំណែកដ៏អស្ចារ្យ ក្លាហាន និងស្មារតីអង់អាច។ បន្ថែមពីនេះ ស្រ្តីក៏បានប្រឈមនឹងភាពមិនអនុគ្រោះនានា ក៏ដូចជាការសម្រេចបាននូវសមិទ្ធផលជាច្រើនជាពិសេស ក្នុងការបំពេញតួនាទីដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។រូបភាពពីហ្វេសប៊ុកអង្គភាពអ្នកនាំពាក្យរដ្ឋភិបាល។
សម្រាប់លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ លោកបានគាំទ្រយ៉ាងពេញទំហឹងចំពោះប្រធានបទសម្រាប់ឆ្នាំនេះ។ ដ្បិតថាស្របតាមបរិបទប្រទេសកម្ពុជា ឈរលើស្មារតីបរិយាបន្នសមភាពយេនឌ័រ ធានាថាគ្មានស្ត្រី ឬក្មេងស្រីណាម្នាក់ទុកឱ្យនៅឯកានោះទេ ទាំងនៅក្នុងសង្គមសេដ្ឋកិច្ច ជាតិសាសន៍ ពណ៌សម្បុរ ពិការភាព ឬកត្តាផ្សេងទៀត។ អ្វីជាពិសេសប្រធានបទនេះ បានផ្តោតជាសំខាន់លើសិទ្ធិផ្លូវច្បាប់ ឱកាសសេដ្ឋកិច្ច ការចូលរួមនយោបាយ សិទ្ធិទទួលបានការអប់រំ និងការការពារពីអំពើហិង្សាយេនឌ័រ ទាំងនៅកម្រិតជាតិ និងអន្តរជាតិ។
ក្នុងឱកាសនោះលោក វង្សី វិស្សុត ស្នើឱ្យគ្រប់ក្រសួង ស្ថាប័ន ដៃគូពាក់ព័ន្ធទាំងអស់ ពិសេសអាជ្ញាធរគ្រប់លំដាប់ថ្នាក់ វិស័យឯកជន សង្គមស៊ីវិល និងប្រជាពលរដ្ឋគ្រប់រូប ចូលរួមគាំទ្រនិងអនុវត្តការងារបញ្ជ្រាបយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី។ ការស្នើនេះ ដើម្បីបន្តលើកកម្ពស់ការចូលរួម និងពង្រឹងភាពជាអ្នកដឹកនាំរបស់ស្រ្តី និងក្មេងស្រីនៅគ្រប់កម្រិត។ ការបញ្រ្ជាបយេនឌ័រទៅក្នុងក្របខ័ណ្ឌគោលនយោបាយ និងបន្តទប់ស្កាត់ លុបបំបាត់រាល់ទម្រង់នៃអំពើហិង្សាទាក់ទងនឹងយេនឌ័រ។
ដោយឡែករដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស សុខា វិញ ក៏បានថ្លែងជំរុញ និងលើកចិត្តឱ្យអង្គភាពចំណុះនីមួយៗនៃក្រសួងមហាផ្ទៃ ពិនិត្យ និងវាយតម្លៃសកម្មភាពមន្រ្តីរាជការជាស្ត្រី ដើម្បីផ្តល់តំណែង និងតួនាទីណាមួយសមស្របចំណេះ និងជំនាញតាមបណ្ដាអង្គភាព។ សម្រាប់វិស័យ ៣ រួមមានវិស័យនគរបាល វិស័យស៊ីវិល និងវិស័យពន្ធនាការ លោកឧប នាយករដ្ឋមន្រ្តីជំរុញឱ្យត្រួតពិនិត្យ វាយតម្លៃ សមត្ថភាពរបស់មន្រ្តីជាស្រ្តីក្នុងដែនសមត្ថកិច្ចតាមវិស័យនីមួយៗនោះ។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស សុខា។រូបភាពពីក្រសួងមហាផ្ទៃ។
លោកក៏មិនភ្លេចថ្លែងលើកទឹកចិត្តដល់ស្រ្តីទាំងអស់ឱ្យចូលរួមបង្កើតស្នាដៃថ្មីៗ និងត្រូវចូលរួមវគ្គបណ្ដុះបណ្ដាលផ្សេងៗដែលជាប្រយោជន៍បង្កើនសមត្ថភាព ចំណេះ ជំនាញ បច្ចេកទេស និងវិជ្ជាជីវៈ ព្រមទាំងសីលធម៌ សុជីវធម៌ ដើម្បីជាយានមួយឆ្ពោះទៅទទួលបានតួនាទីការងារល្អប្រសើរសម្រាប់ស្រ្តី។
សម្រាប់រដ្ឋមន្រ្តីក្រសួងអប់រំវិញ លោក ហង់ ជួនណារ៉ុន បានថ្លែងថា ក្រសួងផ្តល់អាទិភាពក្នុងការទទួលបាន និងអនុវត្តសិទ្ធិ ដោយសមភាព មានសមត្ថភាព និងបង្កើនភាពអង់អាចរបស់ស្ត្រីក្នុងវិស័យអប់រំ ក៏ដូចជានិស្សិតសិស្សស្រី ដូចជាបន្តលើកកម្ពស់ការចូលរួម និងពង្រឹងភាពជាអ្នកដឹកនាំរបស់ស្រ្តីនិងក្មេងស្រី នៅក្នុងវិស័យអប់រំ នៅគ្រប់កម្រិត។មួយទៀត បន្តគាំទ្រ និងលើកកម្ពស់តួនាទី និងភាពជាអ្នកដឹកនាំរបស់ស្ត្រី នៅក្នុងវិស័យអប់រំ តាមរយៈការអនុវត្តវិធានការគាំទ្រ និងការអភិវឌ្ឍសមត្ថភាព។ និងចុងក្រោយ បង្កើនការចូលរួមរបស់ស្រ្តី និងក្មេងស្រី ក្នុងវិស័យឌីជីថល វិទ្យាសាស្រ្ត បច្ចេកវិទ្យាវិស្វកម្ម សិល្បៈច្នៃប្រឌិត និងគណិតវិទ្យា(STEAM) និងការសិក្សាកម្រិតឧត្តម និងក្រោយឧត្តមសិក្សា។
រដ្ឋមន្រ្តីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន។ រូបភាពពីក្រសួងអប់រំ។
ងាកមកមើលសេចក្តីថ្លែងការណ៍របស់ខាងសង្គមស៊ីវិលក្នុងឱកាសទិវាអន្តរជាតិនារី ៨ មីនានេះដែរ គឺបណ្តាអង្គការសង្គមស៊ីវិលនិងមន្រ្តីទូតពីប្រទេសលោកសេរី ពួកគេនឹងជួបជុំគ្នានៅសួនច្បារទីលានប្រជាធិបតេយ្យ ក្បែរស្ពានឫស្សីកែវនៅថ្ងៃ ៨ មីនាតែម្តង។ តាមការគ្រោងទុក ក្នុងកម្មវិធីនោះនឹងមានការផ្តល់វេទិកាជូនតំណាងអង្គការសង្គមស៊ីវិល សកម្មជនការងារ និងតំណាង សហគ មន៍នានា ពិភាក្សាអំពីបញ្ហាប្រឈមដែលស្ត្រី និងក្មេងស្រី កំពុងជួបប្រទះផងដែរ។ ក្នុងនោះមាន អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការបៀតបៀននៅកន្លែងការងារ និងតាមអនឡាញ ការកេងបន្លំប្រាក់ឈ្នួល និងការបាត់ បង់អត្ថប្រយោជន៍របស់កម្មករក្នុងវិស័យវាយនភណ្ឌក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩។ បន្ថែមពីនេះការធ្លាក់ខ្លួនក្នុងអន្ទាក់បំណុល វិសមភាពនៃភាពអយុត្តិធម៌ចំពោះជនរងគ្រោះជាស្ត្រី លក្ខខណ្ឌការងារមិនសមរម្យ និងទំនួលខុសត្រូវរបស់ក្រុមហ៊ុនម៉ាកយីហោ និងនិយោជក ក្នុងការធានានូវប្រាក់ឈ្នួលសមរម្យជូនដល់កម្មករក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ជាដើម ក៏នឹងត្រូវលើកឡើងក្នុងកម្មវិធី។
សម្រាប់កម្មវិធី ដែលរៀបចំដោយបណ្តាអង្គការសង្គមស៊ីវិល ក៏មានរបៀបវារៈ រំឭកអំពីវីរភាពរបស់វីរជនស្ត្រីតាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ននេះ ដែលបានខិតខំពុះពារជម្នះនូវឧសគ្គនានា ទាមទារសិទ្ធិ សេរីភាព សមភាព យុត្តិធម៌សង្គម ព្រមទាំង លក្ខខណ្ឌការងារជាដើម ដោយនេះជាគំរូភាពដ៏អង់អាចក្លាហានគួរឱ្យស្ងើចសរសើរ។ ម្យ៉ាងទៀតក៏នឹងសាទរចំពោះ សមិទ្ធផលនានាដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធនានាដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការការពារ និងការលើកកម្ពស់សិទ្ធិ សេរីភាពរបស់ស្ត្រី និងក្មេងស្រីនៅក្នុងប្រទេសកម្ពុជា៕