ភ្នំពេញ៖ អង្គការលីកាដូបានស្នើទៅក្រុមហ៊ុនហ្វេសប៊ុក ដើម្បីបំភ្លឺលើរបាយការណ៍ដែលខ្លួនរកឃើញថា អ្នកប្រើប្រាស់បណ្តាញសង្គមតាមរយៈប្រព័ន្ធអ៊ីនធើណែតនៅកម្ពុជាមួយចំនួនរងការបៀតបៀនក្នុងទម្រង់ផ្សេងៗជាញឹកញាប់។ នេះបើតាមរបាយការណ៍ស្តីពីបច្ចុប្បន្នភាពស្ថានភាពនៃការបៀតបៀនតាមប្រព័ន្ធផ្សព្វ ផ្សាយសង្គមនៅកម្ពុជា របស់អង្គការលីកាដូចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។
តទៅនេះសូមនាងកញ្ញា លោក លោកស្រី អញ្ជើញស្តាប់នាទីសិក្សាស្រាវជ្រាវជុំវិញរឿងនេះដែលចងក្រងដោយលោក កែវ សុខា ដូចតទៅ!
អង្គការលីកាដូ បានស្ទង់មតិលើប្រជាពលរដ្ឋចំនួន ៧០០ នាក់ដែលបានប្រើប្រាស់បណ្តាញសង្គមតាមរយៈប្រព័ន្ធអ៊ីនធើណែត។ ៣៨% នៃអ្នកចូលរួមស្ទង់មតិបានឆ្លើយថា ធ្លាប់ទទួលរងការបៀតបៀនតាមប្រព័ន្ធអនឡាញ។ អ្នកចូលរួមស្ទង់មតិនេះ ជាក្រុមអ្នកស្រឡាញ់ភេទដូចគ្នា យុវជន និងសកម្មជនសិទិ្ធមនុស្ស ដែលជាក្រុមមនុស្សងាយរងការរំលោភបំពាន។ ដោយឡែក ២០% នៃស្ត្រីដែលបានចូលរួមស្ទង់មតិ បាននិយាយថាធ្លាប់ទទួលរងការបៀតបៀនតាមប្រព័ន្ធអនឡាញផងដែរ។
អង្គការលីកាដូ មើលឃើញថា ក្រុមហ៊ុនហ្វេសប៊ុក អាជ្ញាធរកម្ពុជា និងក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គមផ្សេងទៀត មិនអាចការពារអ្នកប្រើប្រាស់បានគ្រប់គ្រាន់នោះទេ ជាងនេះថែមទាំងរួមចំណែករំលោភបំពានសិទិ្ធមនុស្សលើប្រព័ន្ធអ៊ីនធឺណិតថែមទៀតផង។ មិនអាចការពារឯកជនភាពរបស់អ្នកប្រើប្រាស់ ព្រោះក្រុមហ៊ុនហ្វេសប៊ុកហាក់មិនអើពើ និងអសកម្មក្នុងការការពារអ្នកប្រើប្រាស់ ដែលប្រការនេះបានអនុញ្ញាតឱ្យអាជ្ញាធររដ្ឋមានលទ្ធភាពត្រួតពិនិត្យចាប់ពិរុទ្ធ និងរំលោភបំពានលើអ្នកប្រើប្រាស់បាន។ ជាងនេះទៀត អ្នកប្រើប្រាស់ដែលបានសម្ភាសន៍បានឱ្យដឹងទៀតថា ពួកគេក៏ត្រូវបានបុគ្គលឯកជនរំលោភបំពានផ្លូវភេទ គំរាមកំហែង និងការបំពានក្នុងរូបភាពផ្សេងៗទៀតផងដែរតាមរយៈបណ្តេញសង្គម។
របាយការណ៍របស់អង្គការលីការដូ ក៏រកឃើញទៀតថា អាជ្ញាធររដ្ឋមួយចំនួនគឺជាអ្នកប្រព្រឹត្តសកម្មភាពរំលោភបំពានតាមប្រព័ន្ធអ៊ីនធឺណិតលើអ្នកប្រើប្រាស់បណ្តាញសង្គមនៅកម្ពុជាតែម្តង។ សកម្មភាពដែលអាជ្ញាធររដ្ឋបានប្រព្រឹត្តិភាគច្រើនតែងតែគំរាមកំហែង ចាប់ខ្លួន និងឃុំខ្លួនសកម្មជនសិទិ្ធមនុស្ស និងអ្នកប្រើប្រាស់បណ្តាញសង្គម ដោយគ្រាន់តែអ្នកទាំងនោះបញ្ចេញមតិលើបណ្តាញសង្គម។
រីឯច្បាប់មួយចំនួនដែលទើបតែត្រូវបានអនុម័ត ហាក់ដូចជាផ្តល់អំណាចដល់អាជ្ញាធររដ្ឋកាន់តែខ្លាំង ក្នុងការត្រួតពិនិត្យចាប់ពិរុទ្ធ និងរឹតត្បិតសិទិ្ធសេរីភាពក្នុងការបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធឺណិតផងដែរ។
ពលរដ្ឋដែលធ្លាប់ទទួលរងការំលោភបំពានតាមប្រព័ន្ធអ៊ីនធឺណិត បានលើកឡើងពីផលវិបាកអវិជ្ជមានជាច្រើន ដូចជាការបាត់បង់ទំនុកចិត្តលើខ្លួនឯង មានបញ្ហាជាច្រើនជាមួយមិត្តភក្តិឬសហគមន៍ អំពើហិង្សារូបរាងកាយ ការមានគំនិតចង់សម្លាប់ខ្លួន និងផលវិបាកផ្សេងៗទៀត ។ ជាងមួយភាគប្រាំនៃពលរដ្ឋដែលធ្លាប់ទទួលរងការរំលោភបំពានតាមប្រព័ន្ធអ៊ីន ធឺណិត មានអារម្មណ៍ភ័យខ្លាចអំពីសុវត្ថិភាពរូបរាងកាយរបស់ខ្លួន ឬសុវត្ថិភាពអ្នកដែលស្និទ្ធនឹងខ្លួន។
របាយការណ៍នេះ បានលើកឡើងនូវរឿងរ៉ាវជាច្រើនករណីនៃការបៀតបៀនតាមប្រព័ន្ធអនឡាញ។
វីដេអូរបស់ សុផល* ជាក្មេងស្រីម្នាក់ត្រូវបានគេលួចថតពេលនាងកំពុងរួមភេទ។ រូបភាពត្រូវបានគេចែកចាយជាសាធារណៈលើបណ្តាញសង្គមហ្វេសប៊ុក ដោយមិនមានការយល់ព្រមពីរូបនាង។
ករណីមួយទៀតគឺរឿងរ៉ាវរបស់ ភាព* ជានារីម្នាក់អាយុជាង ៣០ឆ្នាំ។ រូបនាងតែងតែត្រូវបានគេគំរាមកំហែងឥតឈប់ឈរពីក្រុមហ៊ុនផ្តល់ប្រាក់កម្ចីឯកជនមួយដែលបង្គាប់ឱ្យនាងផ្តល់នូវរូបភាពអាក្រាតកាយរបស់នាង ជាថ្នូរនឹងការទទួលបានប្រាក់កម្ចីនេះ។
ចំណែករឿងរ៉ាវរបស់ ចន្នី* ជានារីម្នាក់ទៀតអាយុជាង ២០ឆ្នាំ នាងទទួលរងការរើសអើងតាមប្រព័ន្ធអ៊ីនធឺណិត ក្រោយពេលនាងបានចែករំលែកវប្បធម៌ជនជាតិដើមភាគតិចរបស់នាង។ ដោយឡែករឿងរ៉ាវរបស់ ពេជ្រ* ជាបុរសភេទទីបីម្នាក់មានអាយុជាង ២០ឆ្នាំ។ រូបគេទទួលរងការរំលោភបំពានផ្លូវភេទឥតឈប់ឈរលើប្រព័ន្ធអ៊ីនធឺណិត។ រឿងរ៉ាវនីមួយៗខាងលើនេះ សុទ្ធតែបានបង្ហាញយ៉ាងច្បាស់នូវតម្រូវការជាបន្ទាន់មួយ ដើម្បីទប់ស្កាត់ការកើនឡើងនៃការបៀតបៀនតាមរយៈប្រព័ន្ធអនឡាញនៅកម្ពុជា។
ហើយចុងក្រោយករណីលោក ដារ៉ា* ជាសមាជិកសហជីពម្នាក់ ដែលត្រូវបានគេតាមដាននិងគំរាមកំហែងដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់នៅលើបណ្តាញសង្គមហ្វេសប៊ុក ក្រោយពេលលោកបាននិយាយអំពីបញ្ហាសិទិ្ធមនុស្សនៅកម្ពុជា។
របាយការណ៍នេះ ត្រូវបានចេញផ្សាយនៅថ្ងៃទីមួយនៃយុទ្ធនាការ ១៦ថ្ងៃ នៃភាពសកម្មនិយមប្រឆាំងនឹងអំពើហិង្សាផ្អែកលើយេនឌ័រ បង្ហាញថា ស្ត្រីតែងតែជាគោលដៅនៃអំពើរំលោភបំពាន និងរើសអើងដោយផ្អែកលើយេនឌ័រ នៅលើប្រព័ន្ធអ៊ីនធឺណិត ហើយជាលទ្ធផលភាគច្រើនតែងតែបង្ខំចិត្តនៅស្ងាត់ស្ងៀម។
លោក អំ សំអាត នាយករងទទួលបន្ទុកកម្មវិធីឃ្លាំមើលសិទិ្ធមនុស្សនៃអង្គការលីកាដូ និយាយក្នុងរបាយការណ៍នេះថា៖“បណ្តាញទំនាក់ទំនងសង្គម គួរតែជាកន្លែងដែលមានសុវត្ថិភាពសម្រាប់មនុស្សគ្រប់គ្នា ក្នុងការបញ្ចេញគំនិត ទទួលបានព័ត៌មាន និងភ្ជាប់ទំនាក់ទំនងរវាងគ្នានិងគ្នា” ។ លោកបន្តទៀតថា៖“ការបៀតបៀនតាមប្រព័ន្ធអ៊ីនធឺណិត កំពុងបង្ខំឱ្យមនុស្សមួយចំនួនឈប់ប្រើប្រាស់បណ្តាញសង្គមទាំងនោះ។ លើសពីនេះទំហំនៃផលប៉ះពាល់អវិជ្ជមាននៃការរំលោភបំពាននេះ មិនមែនមានត្រឹមតែនៅលើកញ្ចក់ទូរស័ព្ទវៃឆ្លាតនោះទេ។
ភាគច្រើនលើសលុប ពោលគឺ ៩៥% នៃអ្នកដែលធ្លាប់ទទួលរងអំពើរំលោភបំពានលើប្រព័ន្ធអ៊ីនធឺណិត បានលើកឡើងថា ពួកគេទទួលរងការរំលោភបំពានតាមរយៈកម្មវិធីបណ្តាញសង្គមយ៉ាងតិចមួយ ដែលគ្រប់គ្រងដោយក្រុមហ៊ុនហ្វេសប៊ុក។ ហ្វេសប៊ុក មិនបានដំឡើងភាសាខ្មែរនៅក្នុងប្រព័ន្ធការពារជាមូលដ្ឋានរបស់ខ្លួន ដើម្បីឱ្យងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងស្រុក និងមិនបានបង្កើតនីតិវិធីរាយការណ៍អំពីការរំលោភបំពានលើបណ្តាញសង្គមរបស់ខ្លួនឱ្យមានភាពងាយស្រួលប្រើប្រាស់ ឆាប់រហ័ស និងមានប្រសិទិ្ធភាពនោះទេ។ ជាងនេះ ហ្វេសប៊ុកក៏មិនបានជូនដំណឹងដល់សាធារណជនថាតើ មានអ្នកពិនិត្យអត្ថបទជាជនជាតិខ្មែរប៉ុន្មាននាក់ធ្វើការងារជាមួយហ្វេសប៊ុក ហើយក៏មិនបង្កើតឱ្យមានតម្លាភាពនូវព័ត៌មានរបស់អ្នកប្រើប្រាស់ដែលខ្លួនបានផ្តល់ទៅឱ្យអាជ្ញាធរកម្ពុជានោះដែរ។
អង្គការ លីកាដូ បានទាក់ទងទៅកាន់ក្រុមហ៊ុនហ្វេសប៊ុក ដោយបានផ្ញើនូវការរកឃើញសំខាន់ៗនៃរបាយការណ៍នេះ កាលពីខែតុលា និងវិច្ឆិកា ឆ្នាំ ២០២១ ហើយបានស្នើសុំការបំភ្លឺបន្ថែមទៅលើការរកឃើញ និងបញ្ហាទាំងនោះពីក្រុមហ៊ុនហ្វេសប៊ុក។ ក្រោយពីឆ្លើយតបដោយបញ្ជាក់ថា ខ្លួនបានទទួលសាររបស់អង្គការ លីកាដូ ហើយនោះ ក្រុមហ៊ុនហ្វេសប៊ុក មិនបានឆ្លើយតបទៅនឹងសំណួរដែល អង្គការលីកាដូ បានសួរ ឬបញ្ហាដែលបានលើកឡើងនោះទេ។
«ក្រុមហ៊ុនហ្វេសប៊ុក មិនមានទំនួលខុសត្រូវចំពោះពលរដ្ឋកម្ពុជានោះទេ”។ ហ្វេសប៊ុក ត្រូវតែប្រកាន់ជំហរជាសាធារណៈជំទាស់នឹងការត្រួតពិនិត្យចាប់ពិរុទ្ធ និងការរំលោភបំពានពីសំណាក់អាជ្ញាធររដ្ឋ ហើយប្រកាន់ទំនួលខុសត្រូវទៅលើការរំលោភបំពានផ្សេងៗទៀតដែលបានសាយភាយពាសពេញបណ្តាញសង្គមរបស់ខ្លួន»។ នេះជាប្រសាសន៍របស់អ្នកនាង ណាលី ពីឡូក នាយិកាអង្គការលីកាដូដែលថ្លែងក្នុងរបាយការណ៍បច្ចុប្បន្នភាពស្ថានភាពនៃការបៀតបៀនតាមប្រព័ន្ធផ្សព្វផ្សាយសង្គមនៅកម្ពុជានេះ។
ប្រជាជនកម្ពុជាបច្ចុប្បន្នមានសរុបជិត ១៧ លាននាក់។ ក្នុងនោះប្រជាជនជាង ១៦លាននាក់គឺជាអ្នកប្រើប្រាស់អ៊ីនធឺណែតតាមទូរស័ព្ទចល័តដែលបានចុះឈ្មោះប្រើប្រាស់ប្រព័ន្ធអ៊ិនធឺណិតកាលពីឆ្នាំ២០២០។
ដោយឡែកគិតត្រឹមខែឧសភា ឆ្នាំ២០២០ របាយការណ៍បានឲ្យដឹងថាប្រទេសកម្ពុជាមានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកប្រមាណ ១០,៩ លាននាក់។
ដូច្នេះនៅពេលដែលការរស់នៅរបស់ពលរដ្ឋកាន់តែពឹងផ្នែកលើប្រព័ន្ធអ៊ីនធឺណិតខ្លាំងឡើង ការឈប់ប្រើប្រាស់បណ្តាញសង្គមលើប្រព័ន្ធអ៊ីនធឺណិតនាពេលបច្ចុប្បន្នដោយសារទទួលរងការរំលោភបំពាន គឺជាការខាតបង់តម្លៃយ៉ាងខ្លាំងរបស់មនុស្សម្នាក់ៗ។ បណ្តាញសង្គម គឺជាប្រភពព័ត៌មានចម្បង និងកន្លែងពិភាក្សាផ្លាស់ប្តូរគំនិតដោយសេរីមួយនៅកម្ពុជា នៅពេលដែលសេរីភាពសារព័ត៌មាននៅក្នុងប្រទេសមានភាពរឹតត្បិតយ៉ាងខ្លាំង។ ការបៀតបៀនតាមប្រព័ន្ធអនឡាញ ផ្តល់ផលប៉ះពាល់យ៉ាងធំដល់ការរស់នៅរបស់ប្រជាពលរដ្ឋមួយចំនួនដែលត្រូវបានគេដាក់គោលដៅ។ វាដល់ពេលហើយ ដែលត្រូវធានាថាពលរដ្ឋគ្រប់រូបនៅក្នុងប្រទេសអាចអនុវត្តសិទិ្ធមនុស្សរបស់ពួកគេយ៉ាងពេញលេញនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម៕