en     km
en     km

ថ្នាក់ដឹកនាំអំពាវនាវឱ្យប្រើសម្ដីសមរម្យទៅកាន់ស្ដ្រី ក្រោយម៉ូដែលម្នាក់ រងសម្ដីបំពានពីពិធីករកីឡាប្រដាល់

Share

សម្ដេច ហ៊ុន ម៉ាណែត និងមន្ត្រីជាន់ខ្ពស់របស់លោក សរសេរសារបង្ហោះក្នុងបណ្តាញសង្គម ដោយអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេសបុរស គួរប្រើប្រាស់ពាក្យសម្ដីសមរម្យ ប្រកបដោយសីលធម៌ ទៅកាន់ស្ដ្រីភេទ ក្រោយមួយរយៈនេះក្នុងសបណ្ដាញសង្គម បានចែកចាយ និងវែកញែកករណីស្ដ្រីម៉ូដែលម្នាក់ រងសម្ដីលេបខាយពីពិធីករកីឡាប្រដាល់។ កញ្ញា កែវ សុជាតា រាយការណ៍

 

 

ការអំពាវនាវបែបនេះ ដោយសារសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សង្កេតឃើញថា មួយរយៈនេះ មានសកម្មភាព ឬការបញ្ចេញមតិរបស់ប្រជាពលរដ្ឋមួយចំនួន ដែលធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ជាពិសេសស្ត្រីភេទ។ ថ្វីត្បិតសកម្មភាព និងការបញ្ចេញមតិទាំងនោះ មិនមានចេតនាអាក្រក់ក្ដី គ្រាន់តែជាពាក្យសម្ដីលេងសើច ដើម្បីឱ្យអ្នកស្ដាប់ អ្នកទស្សនា ចាប់អារម្មណ៍ ប៉ុន្តែនាយករដ្ឋមន្ត្រីថា សកម្មភាព ឬពាក្យសម្ដីទាំងនោះ អាចប៉ះពាល់យ៉ាងខ្លាំងទៅដល់អារម្មណ៍ ក៏ដូចជាសេចក្តីថ្លៃថ្នូររបស់អ្នកដែលត្រូវទទួលរងនូវសកម្មភាព ឬពាក្យសំដីទាំងនោះ។

សម្ដេច ហ៊ុន ម៉ាណែត៖ «ខ្ញុំសូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ជាពិសេសយុវជនធ្វើសកម្មភាព ឬប្រើប្រាស់ពាក្យសម្ដីជាមួយអ្នកដទៃដោយការគោរពគ្នាទៅវិញទៅមក និងប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ និងសេចក្តីថ្លៃថ្នូររបស់ខ្មែរយើង ឱ្យស័ក្តិសមជាប្រជាពលរដ្ឋដែលរស់នៅក្នុងសង្គមស៊ីវិល័យ»។

ជាមួយគ្នានេះ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចាត់ទុកពាក្យសម្ដីពិធីករកីឡាករប្រដាល់នេះជាការនិយាយបែបលេបខាយ ហើយទង្វើនេះ គឺធ្វើឱ្យប៉ះពាល់ផ្លូវចិត្តស្ដ្រីរូបនោះផ្ទាល់ និងប៉ះពាល់ស្រ្តីផ្សេងទៀត។ តាមរយៈករណីនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវទៅកាន់បុរសទាំងឡាយ ឱ្យដឹងថា វត្តមានស្រ្តី មានសារៈសំខាន់ក្នុងការងារគ្រប់វិស័យ ហើយបានរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍ និងភាពរីកចម្រើនរបស់សង្គមជាតិ។

លោក ស សុខា៖ «ដូច្នេះខ្ញុំសង្ឃឹមថា ពួកយើងជាបុរស នឹងបន្តរក្សាភាពថ្លៃថ្នូរក្នុងគ្រប់ទំនាក់ទំនងការងារ គ្រប់ទំនាក់ទំនងសង្គមជាធម្មតាជាមួយស្រ្តី ហើយខិតខំបង្កលក្ខណៈឱ្យស្រ្តីទទួលបានអារម្មណ៍កក់ក្ដៅប្រកបដោយកិត្តិយសនៅគ្រប់កាលៈទេសៈទាំងអស់នៃការបំពេញការងារ និងគ្រប់វត្តមានក្នុងទំនាក់ទំនងសង្គម ជាមួយបុរស»។

ជុំវិញករណីនេះ ក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី នៅថ្ងៃទី៤ ខែមីនានេះ បានអន្តរាគមន៍ករណីនេះដោយហៅលោក ជួប វុត្ថា ពិធីករកីឡាប្រដាល់ ហៅ MC Vutha ដែលបានប្រើពាក្យសម្តីលេបខាយ បៀតបៀនលើស្ត្រីភេទឈ្មោះ ឆឹង ច័ន្ទមុនីរស្មី តាមរយៈវីដេអូដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គម កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥។

ជាលទ្ធផលនៃជំនួបនេះ លោក ជួប វុត្ថា បានសសេរលិខិតសូមទោសជាសាធារណៈចំពោះកញ្ញា ឆឹង ច័ន្ទមុនីរស្មី និងស្ត្រីគ្រប់រូប ព្រមទាំងសាធារណជន ចំពោះកំហុសឆ្គងដោយខ្វះការពិចារណាទៅកាន់ស្ត្រី ដែលធ្វើឱ្យប៉ះពាល់កិត្តិយសស្ត្រី។ ក្នុងលិខិតសុំទោសនោះ លោក វុត្ថា សន្យាថា មិនឱ្យមានរូបភាព និងទង្វើបែបនេះកើតឡើងម្ដងទៀតឡើយ។

លោក ជួប វុត្ថា ពិធីករកីឡាប្រដាល់។ រូបភាពពីក្រសួងព័ត៌មាន។

មុនមួយថ្ងៃចេញលិខិតសុំទោសនេះ កញ្ញា ឆឹង ច័ន្ទមុនីរស្មី សរសេរសារបង្ហោះលើហ្វេសប៊ុកខ្លួនថា កន្លងមកលោក ជួប វុត្ថា ធ្លាប់សុំទោសកញ្ញាចំពោះទង្វើ និងពាក្យសម្ដីខ្លួន ប៉ុន្តែការសុំទោសនោះកញ្ញាចាត់ទុកថា នៅមិនទាន់មានលក្ខណៈពេញលេញ ដោយសារលោក វុត្ថា សុំទោសមិនចេញពីចិត្ត ហើយលោកក៌មិនបញ្ជាក់ថា ខ្លួននឹងត្រូវឈប់និយាយបៀតបៀនចំពោះបុគ្គលណាផ្សេងទៀតដែរ។

ករណីកញ្ញាម៉ូដែលនេះ មានការឈឺឆ្អាលពីថ្នាក់ដឹកនាំកម្ពុជា និងមន្ត្រីជាន់ខ្ពស់មួយចំនួន ប៉ុន្តែមានស្ដ្រីផ្សេងទៀតដែលរងពាក្យសម្ដីជេរប្រមាជ និងបំពានពីលោក ផេង វណ្ណៈ ដែលជាចាងហ្វាងអង្គភាពគេហទំព័រ Pheang vannak news។ ថ្វីត្បិកន្លងមកសកម្មភាពរបស់លោក ទទួលបានការព្រមានពីក្រសួងក្ដី ប៉ុន្តែលោក ផែង វណ្ណៈ នៅតែមានទង្វើ និងប្រើពាក្យសម្ដីជេរប្រមាជលើស្ដ្រីភេទ៕

អត្ថបទដោយ៖ កញ្ញា ជា សុខនី

Share

ព័ត៌មានទាក់ទង