លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ បញ្ជាក់ថា នឹងមិនចូលរួមសវនាការជំនុំជម្រះនៅសាលាដំបូងរាជធានីភ្នំពេញឡើយ ក្រោមហេតុផលមេធាវីការពារក្ដី ស្នើសុំពន្យារពេលសវនាការ ដោយសារមានបញ្ហាសុខភាព។ លោក គីម ចាន់ចាវ រាយការណ៍
លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ដែលហ៊ុំព័ទ្ធដោយក្ដីក្ដាំនៅតុលាការ ហើយកន្លងមកធ្លាប់ប្ដេជ្ញាចូលរួមសវនាការ នៅថ្ងៃទី១៧ ខែមករាខាងមុខ ប៉ុន្តែមុនសវនាការមួយថ្ងៃ គឺនៅព្រឹកថ្ងៃទី១៦ ខែមករានេះ លោកបានប្រាប់វិទ្យុស្ត្រីថា លោកនឹងមិនបានចូលរួមសវនាការនេះឡើយ ក្រោមហេតុផលអវត្តមានមេធាវីការពារក្ដី។
តាមលិខិតដែលលោក ជូង ជូងី ដាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមករានេះ លោកជាមេធាវីការពារសិទ្ធិលោក រ៉ុង ឈុន ស្នើសុំប្រធានសាលាដំបូងរាជធានីភ្នំពេញ ពន្យារពេលសវនាការលោក រ៉ុង ឈុន ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ៥៥៧៨ ត្រូវចោទពីបទ «ការមិនរាងចាលក្នុងបទមជ្ឈិម បន្ទាប់ពីការផ្ដន្ទាទោសបទមជ្ឈិម និងលើបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» កាលពីឆ្នាំ២០២៤។
លិខិតដដែលបញ្ជាក់ថា មូលហេតុដែលមេធាវីការពារសិទ្ធិលោក រ៉ុង ឈុន ពន្យារពេល ដោយសារមានជំងឺផ្ដាសាយ ដូច្នេះមិនអាចចូលរួមសវនាការ ការពារសិទ្ធិកូនក្ដី តាមនីតីវិធីបានឡើយ។
កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ កន្លងមកនេះ លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះហៅលោក រ៉ុង ឈុន ឱ្យចូលរួមសវនាការ ពីបទ «ការមិនរាងចាលក្នុងបទមជ្ឈិម បន្ទាប់ពីការផ្ដន្ទាទោសបទមជ្ឈិម និងលើបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ប្រព្រឹត្តក្នុងឆ្នាំ២០២៤។ សវនាការនេះ ប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ស្ថិតក្រោមការជំនុំជម្រះដោយចៅក្រមលោក លិ សុខា។
លោក រ៉ុង ឈុន បញ្ជាក់ប្រាប់វិទ្យុស្ដ្រីដែរថា នៅថ្ងៃទី១៧ ស្អែកនេះ លោកនឹងមិនចូលរួមសវនាការជំនុំជម្រះឡើយ ដោយសារគ្មានវត្តមានមេធាវី។ ទីប្រឹក្សាបក្សកម្លាំងជាតិរូបនេះ មិនទាន់បញ្ជាក់កាលបរិច្ឆេទកំណត់សវនាការនេះនៅពេលណាឡើយ។
លោក រ៉ុង ឈុន៖ «ឥលូវករណីសវនាការហ្នឹងខ្ញុំនឹងមេធាវីខ្ញុំសុំលើកពេលហើយអ៊ីចឹងណា អ៊ីចីងនៅថ្ងៃហ្នឹងខ្ញុំមិនបានចូលរួមទេ ដោយសារតែមេធាវីខ្ញុំមានបញ្ហាសុខភាព។ អ៊ីចឹងការចូលរួមសវនាការចាំបាច់ត្រូវតែមានមេធាវីការពារក្ដី ដល់អត់មានមេធាវីក៏ខ្ញុំត្រូវលើកពេលទៅតាមមេធាវីដែរ»។
លោក រ៉ុង ឈុន ចុះទៅតំបន់ព្រំដែនកន្លងមក។ រូបភាពពីហ្វេសប៊ុកលោក។
ការចោទប្រកាន់ពីបទ មិនរាងចាល កន្លងមកនេះ ធ្វើឱ្យលោកជាប់ឃុំខ្លួន ដោយតុលាការសំអាងថាប្រព្រឹត្តសកម្មភាពផ្ទុយនឹងវិធានការរបស់តុលាការ។ តែការពិតលោកអះអាងថា ខ្លួនគ្រាន់តែធ្វើសកម្មភាពដើម្បីសង្គម នយោបាយ និងជួយទៅដល់ប្រជាពលរដ្ឋដែលជួបបញ្ហាដីធ្លី ហើយនិងការបញ្ចេញមតិរិះគន់ក្នុងន័យស្ថាបនាប៉ុណ្ណោះ។
លោក រ៉ុង ឈុន៖ «ជាជំហរខ្ញុំគិតថាតុលាការត្រូវទម្លាក់ចោលនៅករណីនៃបទចោទដែលចោទខ្ញុំមិនរាងចាល។ វិធានបែបនេះវាអត់មានអីទៅចំណេញដល់រាជរដ្ឋាភិបាលទេ យើងមានតែវិធានការផ្លូវច្បាប់ណាមួយវាត្រូវតែសមហេតុសមផលដែលមានការទទួលស្គាល់ពីជាតិ និងអន្តរជាតិ ថាការអនុវត្តច្បាប់ហ្នឹងវាត្រឹមត្រូវ ប៉ុន្តែរាល់អ្វីដែលធ្វើវាមិនមាននូវការត្រឹមត្រូវគ្រាន់តែមានការប្រើប្រាស់សិទ្ធិមូលដ្ឋាន ហើយក្នុងន័យស្ថាបនា ហើយត្រូវបានប្រឈម អ៊ីចឹងហើយបានជាមតិអន្តរជាតិគេមើលឃើញថាកម្ពុជាយើងមិនបានអនុវត្តច្បាប់ វាជារឿងនយោបាយច្រើនជាង»។
កាលពីឆ្នាំ២០២៤ កន្លងទៅ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ទិតសុទ្ធី បូរ៉ាឆាត កោះហៅលោក រ៉ុង ឈុន ឱ្យចូលបំភ្លឺជុំវិញបទចោទនេះ ដែលពាក់ព័ន្ធទីប្រឹក្សាបក្សកម្លាំងជាតិរូបនេះផ្ដល់បទសម្ភាសដល់វិទ្យុអាស៊ីសេរីទាក់ទងរឿងនាយករដ្ឋមន្ត្រីចុះទៅតំបន់ព្រំដែន និងសកម្មភាពលោកចុះទៅសួរសុខទុក្ខពលរដ្ឋដែលរងគ្រោះដីធ្លីនៅបឹងតាមោក ហើយនិងនៅព្រលានយន្តហោះថ្មី។ ក្រៅពីនេះ ក៏ពាក់ព័ន្ធនឹងសកម្មភាពសម្ពោធស្នាក់ការថ្មីរបស់គណបក្សកម្លាំងជាតិនៅស្រុកកោះធំផងដែរ។
ក្រោយពីបំភ្លឺហើយ ចៅក្រមសម្រេចឱ្យលោក រ៉ុង ឈុន នៅក្រៅឃុំ ដោយដាក់វិធានការតុលាការហាមចំនួន ៥ចំណុច គឺទី១. មិនឱ្យលោកចេញទៅក្រៅប្រទេស ទី២. ការផ្លាស់ប្ដូរទីលំនៅត្រូវជូនដំណឹងមកអាជ្ញាធរ ទី៣. ត្រូវមកបង្ហាញខ្លួននៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ជារៀងរាល់ខែ។ ទី៤. ត្រូវមកបង្ហាញខ្លួនតាមការកោះហៅរបស់តុលាការ និងទី៥. ហាមលោកមិនឱ្យជួបជុំ ឬក៏ធ្វើនយោបាយឡើយ ដូច្នេះប្រសិនជាលោកល្មើសបំរាមទាំងនេះ នឹងត្រូវឃុំខ្លួនហើយ។
លោក រ៉ុង ឈុន ធ្លាប់ជាប់ពន្ធនាគារចំនួន ២លើកមកហើយ គឺលើកទីមួយ ពាក់ព័ន្ធរឿងលោករិះគន់អតីតនាយករដ្ឋមន្ត្រីសម្ដេច ហ៊ុន សែន ចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែមព្រំដែនកម្ពុជា-វៀតណាម កាលពីឆ្នាំ២០០៥។ ចំណែកលើកទី២ កាលពីឆ្នាំ២០២១លោកជាប់ពន្ធនាគារ ១៥ខែ ពាក់ព័ន្ធនឹងសកម្មភាពរបស់លោកចុះទៅកាន់ព្រំដែនកម្ពុជា-វៀតណាម ខេត្តត្បូងឃ្មុំ ដែលពេលនោះ លោក រ៉ុង ឈុន បានចេញសេចក្តីថ្លែងការណ៍ទៅកាន់សាធារណជនថា ការបោះបង្គោលព្រំដែនថ្មី រវាងកម្ពុជា-វៀតណាម បានចូលដីកម្ពុជាប្រហែល៥០០ម៉ែត្រ។ ក៏ប៉ុន្តែគណៈកម្មាធិការព្រំដែនកម្ពុជាបានចេញមុខទាត់ចោលការលើកឡើងរបស់លោក រ៉ុង ឈុន នាពេលនោះ៕
អត្ថបទដោយ៖ កញ្ញា ជា សុខនី