en     km
en     km

កង្វះភាពក្លាហាន ជាឧបសគ្គក្នុងការដោះស្រាយ បញ្ហាសុខភាពបន្តពូជ

Share

 

ក្នុងពេលបច្ចុប្បន្នការជជែកពីបញ្ហាសុខភាពបន្តពូជត្រូវបានចាត់ទុកជាបញ្ហាសាមញ្ញដែលស្ត្រី និងបុរសបានជួបប្រទះ មិនថាតែការមករដូវរបស់ស្រ្តី ការបន្តពូជ ជំងឺកាមរោគ ឬសុខភាពផ្លូវភេទ។ បើទោះជាបែបនេះក្តី ក៏ស្រ្តីមួយចំនួនហាក់នៅមានភាពខ្មាសអៀន និងមិនទាន់មានភាពក្លាហាន ក្នុងការជជែកពីបញ្ហានានាពាក់ព័ន្ធជាមួយនឹងសុខភាពបន្តពូជជាមួយគ្រួសារ ឬគ្រូពេទ្យ។

សិទ្ធិសុខភាពបន្តពូជ គឺជាសិទ្ធិមួយក្នុងចំណោមសិទ្ធដទៃរបស់មនុស្ស។ សិទ្ធិសុខភាពបន្តពូជ សំដៅលើសិទ្ធិនានារបស់បុរស និងស្ត្រី ក្នុងការសម្រេចចិត្តលើការបន្តពូជ ដែលស្របតាមច្បាប់ ទទួលបានសិទ្ធិក្នុងការថែទាំសុខភាព សិទ្ធក្នុងការពិភាក្សា ស្វែងរកការព្រឹក្សាយោបល់ និងទទួលបានការព្យាបាលពីគ្រូពេទ្យ ពាក់ព័ន្ធនឹងសុខភាពបន្តពូជប្រកបដោយសុវត្ថិភាព។

សិស្សានុសិស្ស និងស្រ្តីមួយចំនួនក្នុងរាជធានីភ្នំពេញបានបង្ហាញពីការយល់ឃើញរបស់ពួកគេរៀងៗខ្លួនពាក់ព័ន្ធនឹងភាពអៀនខ្មាសក្នុងការជជែក និងស្វែងរកការព្យាបាលពាក់ព័ន្ធនឹងសុខភាពបន្តពូជ។

កញ្ញា ជិត ស៊ីនួន កំពុងសិក្សាជំនាញអក្សរសាស្រ្តខ្មែរ ឆ្នាំទី២ យល់ឃើញថា​ ស្ត្រីភាគច្រើនសុទ្ធតែធ្លាប់ជួបបញ្ហាទាក់ទងនឹងសុខភាពបន្តពូជ។​ កញ្ញាលើកទឹកចិត្តឱ្យស្ត្រីដែលធ្លាប់តែមានភាពខ្មាសអៀនឱ្យរៀនបើកចំហរនូវបញ្ហាដែលខ្លួនជួបប្រទះដោយពិភាក្សាជាមួយគ្រួសារ ឬគ្រូពេទ្យ។​

កញ្ញា ស៊ីនួន និយាយថា​៖​ «បើគាត់មានបញ្ហាអ៊ីចឹងហើយគាត់អត់សូវមានភាពក្លាហាន ចង់ឱ្យគាត់ក្រឡេកទៅមើលស្ត្រីដែលនៅជុំវិញខ្លួនគាត់ថាទម្រាំតែគេមកដល់ដំណាក់កាលមួយនេះ គេតែងតែជំនះបញ្ហាមិនថារឿងចង់មានកូនឬអត់ ឬបញ្ហាអ្វីផ្សេងទេ​គឺតែងតែត្រូវការដំណោះស្រាយ […] យើងលុបបំបាត់ចោលខ្លះទៅភាពមិនក្លាហាន ព្រោះក្នុងគ្រួសារយើង​ទេ អ៊ីចឹងយើងអត់មានអ្វីត្រូវខ្លាចនឹងពិភាក្សាជាមួយគាត់ទេ»​។​ 

កញ្ញា ជឿជាក់ថា បច្ចុប្បន្នស្រ្តីមានភាពក្លាហានក្នុងការនិយាយពីបញ្ហាសុខភាពផ្លូវភេទជាងពីមុន ដោយកញ្ញាបានលើកយកឧទាហរណ៍ពីការផ្លាស់ប្តូរផ្នត់គំនិត «ស្ត្រីវិលចង្គ្រានមិនជុំ»​ ដែលការផ្លាស់ប្តូរនេះអាចជួយស្ត្រីឱ្យមានភាពក្លាហានក្នុងការសម្រេចចិត្ត។​

កញ្ញា និយាយថា៖«អាចនិយាយបានថាសម័យឥឡូវស្រ្តីភាគច្រើន​គាត់មានភាពក្លាហាននៅក្នុងការនិយាយ […] ដោយសារស្រ្តីឥឡូវគាត់បានរៀនខ្ពង់ខ្ពស់ច្រើន អ៊ីចឹងការងារគាត់ក៏អាចមានដែរ គាត់អត់អាចនៅផ្ទះធ្វើជាស្ត្រីមេផ្ទះដោយនៅចាំតែដាំបាយស្លឬមើលថែផ្ទះចិញ្ចឹមកូនទេ»។

កញ្ញ បន្តថា៖​​ «សម្រាប់គំនិតខ្ញុំផ្ទាល់ ខ្ញុំគិតថាបើជាខ្ញុំអនាគតទោះខ្ញុំមានគ្រួសារ ប៉ុន្តែខ្ញុំអត់ទាន់ចង់បានកូន ខ្ញុំនឹងមានភាពក្លាហានក្នុងការពិភាក្សាជាមួយប្តី ឬជាមួយបងប្អូនដើម្បីឱ្យគាត់ផ្តល់ជាយោបល់»។

ហាក់មិនខុសគ្នា និស្សិតឆ្នាំទី២ រៀនជំនាញពេទ្យ កញ្ញា ឌិន​​ ស្រីមុំ ក៏យល់ឃើញថាការជជែកអំពីបញ្ហាសុខភាពបន្តពូជក្នុងពេលបច្ចុប្បន្នមានភាពល្អប្រសើរជាងកាលពីអតីតកាល ដែលការផ្លាស់ប្តូរនេះបណ្តាលមកពីការរីកចម្រើននៃសង្គម ការជឿនលឿនផ្នែកវិទ្យាសាស្រ្ត និងជាពិសេសស្រ្តី ឬយុវជនមានការយល់ដឹងច្រើន។

ដោយយល់ឃើញថាសុខភាពគឺជារឿងសំខាន់ និងទាមទារឱ្យត្រូវតែមានការព្យាបាលនៅពេលមានជំងឺ កញ្ញាហាក់មិនបង្ហាញពីភាពខ្មាសអៀន ឬភ័យខ្លាចក្នុងការទៅពិភាក្សាជាមួយគ្រូពេទ្យ ឬគ្រួសារ ប្រសិនបើកញ្ញាបានជួបនឹងបញ្ហាណាមួយពាក់ព័ន្ធនឹងសុខភាពបន្តពូជ។

កញ្ញាលើកឡើងថា៖«ចំពោះខ្ញុំ ​បើសិន ហ៊ានបង បើសិនខ្ញុំជួប ខ្ញុំហ៊ាន ហ៊ានទៅជួបជាមួយគ្រូពេទ្យ ឬក៏ប្រាប់ជាមួយអ្នកផ្ទះឱ្យគាត់[អ្នកផ្ទះ] យកខ្ញុំទៅពេទ្យអ៊ីចឹង[…] ព្រោះអីសុខភាពជារឿងសំខាន់ អ៊ីចឹងយើងត្រូវតែហ៊ានដោះស្រាយ ហើយយកទៅព្យាបាល បើយើងមិនព្យាបាល យើងអាចនឹងស្តាយក្រោយ ព្រោះថាឥឡូវវិទ្យាសាស្រ្តទំនើប យើងអាចព្យាបាលទាន់ ហើយជំងឺឥឡូវក៏គេ[គ្រូពេទ្យ] របៀបថាគេមានវិធីសាស្ត្រ គេយល់ដឹងច្រើន»។

យ៉ាងណាពាក់ព័ន្ធនឹងបញ្ហានេះ កញ្ញាក៏លើកទឹកចិត្តឱ្យស្ត្រី ឬយុវជនដែលមានបញ្ហាពាក់ព័ន្ធនឹងសុខភាពបន្តពូជ សុខភាពផ្លូវភេទ គួរកុំមានភាពភ័យខ្លាច និងខ្មាសអៀនក្នុងការទៅជួបជជែកជាមួយគ្រូពេទ្យ ខណៈការថែទាំសុខភាពគឺជារឿងសំខាន់ដែលមនុស្សម្នាក់ៗមិនអាចខ្វះបាន។

តាមរបាយការណ៍«វិភាគស្ថានភាពយុវជននៅកម្ពុជា» ដែលចេញផ្សាយកាលពីឆ្នាំ២០២២ បានឱ្យដឹងថា បញ្ហាប្រឈមទាក់ទងនឹងសុខភាពផ្លូវភេទ និងសុខភាពបន្តពូជត្រូវបានគេកត់សម្គាល់ ដែលរួមមានទាំងការផ្តល់ព័ត៌មាន និងសេវាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជប្រកបដោយគុណភាពទៅដល់អ្នកដែលមានជីវភាពក្រីក្រ និងអ្នកដែលស្ថិតក្នុងក្រុមជនជាតិភាគតិច។ របាយការណ៍បានឱ្យដឹងដែរថា យុវជនជាពិសេសស្ត្រី នៅតែខ្មាសអៀនក្នុងការចែករំលែកបញ្ហាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជរបស់ពួកគេជាមួយអ្នកផ្តល់សេវាសុខភាព។ ទោះបីជាមានការធ្វើការដើម្បី​បង្កើន​ការយល់ដឹងអំពីប្រធានបទនានាពាក់ព័ន្ធនឹងសុខភាពបន្តពូជនៅតាមសាលារៀន និងក្នុងសហគមន៍ ការគ្របដណ្តប់នៃអន្តរាគមន៍ទាំងនេះមិនទាន់បានទៅដល់គ្រប់យុវជន និងស្រ្តីដែលជាគោលដៅទាំងអស់នេះទេ។

កញ្ញា ឡេង សូនីតា ជាបុគ្គលិកក្នុងក្រុមហ៊ុនមួយ នៅទីក្រុងភ្នំពេញបានបង្ហាញពីការព្រួយបារម្ភពីបញ្ហាដែលអាចកើតឡើងដោយសារការលាក់បាំងមិនហ៊ានទៅពិភាក្សាជាមួយអ្នកជំនាញពេលមានជំងឺ។​

កញ្ញា​និយាយថា៖«ខ្ញុំគិតថាអាចបង្កជាបញ្ហា ដោយសារតែពេលទុកយូរៗទៅវាអាចនឹងពីជំងឺតិចតួច​អាចទៅជាជំងឺច្រើនជាងហ្នឹង»។​

កញ្ញា សូនីតា យល់ឃើញថានាពេលបច្ចុប្បន្នការយល់ដឹងពីបញ្ហាបន្តពូជរបស់ស្ត្រីមានភាពល្អប្រសើរ ប៉ុ​ន្តែនៅមានកម្រិតនៅឡើយ។

កញ្ញាថា៖«បើប្រៀបពីមុន និងអីឡូវអាចនឹងផ្លាស់ប្តូរ ប៉ុន្តែអត់ច្រើនណាស់ណាទេ ពេលខ្លះគាត់នៅអៀន​ […] ចង់ឱ្យគាត់មានភាពក្លាហានទៅពិភាក្សាជាមួយពេទ្យ ដើម្បីទៅពិភាក្សាជាមួយពេទ្យ ឬក៏គ្រូសារអីដើម្បីរកដំណោះស្រាយទាំងអស់គ្នា»។

កញ្ញា បន្តថាដើម្បីឱ្យការយល់ដឹងពីបញ្ហាសុខភាពបន្តពូជបានទូលំទូលាយគឺគួរតែមានការផ្សព្វផ្សាយឱ្យដឹងពីចំណេះដឹងទាំងនោះតាមរយៈការសរសេរអត្ថបទ និងចែករំលែកតាមរយៈបណ្តាញសង្គមឱ្យបានច្រើន។

កញ្ញាថា៖​ «អាចហ្នឹងមានជាការផ្សព្វផ្សាយឬអ្នកសរសេរអត្ថបទទាក់ទងពីជំងឺហ្នឹង យល់ដឹងពីជំងឺហ្នឹងបន្ថែម តាមសាលារៀនផង និងតាម social media (បណ្តាញសង្គម) ផងដោយសារតែសម័យឥឡូវគេផ្តោតទៅលើ social media ច្រើនដែរចឹងជាងហ្នឹងមានប្រសិទ្ធិភាពច្រើន»។​

យោងតាមអង្គការសហប្រជាជាតិ ក្នុងឆ្នាំ២០២៤ នៅក្នុងប្រទេសកម្ពុជា ក្មេងជំទង់ និងយុវជនប្រថុយនឹងលទ្ធផលសុខភាពមិនល្អ តាមរយៈកង្វះលទ្ធភាពទទួលបានព័ត៌មានសំខាន់ៗអំពីសុខភាពបន្តពូជ និងសិទ្ធិរបស់ពួកគេ ព្រមទាំងសមភាពយេនឌ័រ និងអំពើហិង្សាផ្អែកលើយេនឌ័រ។ ក្នងនោះមាន ៤.៨% នៃបុរស និង១៦.៥% នៃស្ត្រី បានប្រឈមមុខនឹងការរៀបការទាំងវ័យក្មេង ហើយ ៩% នៃក្មេងជំទង់ដែលបានរៀបការ មានផ្ទៃពោះទាំងវ័យក្មេង។​

មន្ត្រីគម្រោងអង្គការរ៉ាក់ អ្នកស្រី កាយ ផល្គុន​ បានលើកឡើងថា ស្រ្តីមួយចំនួនហាក់មានការយល់ច្រឡំ និងមានភាពខ្មាសអៀនក្នុងការនិយាយពីបញ្ហាសុខភាពបន្តពូជ ខណៈពួកគេយល់ថាគឺជាការរួមភេទ។ អ្នកស្រីថា ការជជែកពីបញ្ហាសុខភាពបន្តពូជមិនមែនគិតតែទៅលើការរួមភេទ ប៉ុន្តែសុខភាពបន្តពូជគឺសំដៅទៅលើបញ្ហាជាច្រើន ដែលរួមមានទាំងការពន្យាកំណើត ការថែទាំសុខភាពមុន និងក្រោយការសម្រាល ការបង្ករោគតាមប្រដាប់ភេទ ឬមហារីកមាត់ស្បូនជាដើម។

អ្នកស្រីបន្តថា ដើម្បីឱ្យស្រ្តីមានភាពក្លាហាន និងបញ្ឈប់ការខ្មាស់អៀនក្នុងជជែក ឬពិភាក្សាជាមួយគ្រូពេទ្យពាក់ព័ន្ធនឹងបញ្ហាសុខភាពបន្តពូជ គឺទាមទារឱ្យស្ត្រីមានការយល់ដឹងគ្រប់គ្រាន់ មានទំនុកចិត្ត និងទទួលបាននូវព័ត៌មានទាក់ទងទៅនឹងសេវាព្យាបាល។

អ្នកស្រីថ្លែងថា៖«មួយសំខាន់ដែលយើងឃើញថាគាត់[ស្រ្តី ឬយុវជន] មិនបានទទួលសេវាដែរ មួយសំខាន់គឺទំនុកចិត្ត ព្រោះជាធម្មតាទាំងយើង ទាំងគេ អត់បានទទួលព័ត៌មាន អត់បានទទួលអ្វីសោះ ហើយយើងទៅកន្លែងហ្នឹងដោយព្រាវៗ អ៊ីចឹង ហ្នឹងពិបាកឱ្យគាត់ទៅស្វែងរកសេវាហ្នឹងដែរ សំខាន់គឺគាត់ត្រូវមានទំនុកចិត្តទៅលើកន្លែងណាមួយបានគាត់អាចទៅស្វែងរកសេវាអស់ហ្នឹង ហើយទី២ទៀត គឺនៅពេលដែលគាត់បានដឹងពីយល់បញ្ហារបស់គាត់ច្បាស់ គាត់នឹងស្វះស្វែងរកដំណោះស្រាយហើយ ហើយមួយវិញទៀត[…] ការទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ ហើយសំខាន់បំផុតក៏មានការលើកចិត្តផងដែរ»។

អ្នកស្រីក៏បានបញ្ជាក់ដែរថា នៅពេលស្រ្តីមិនស្វែងរកការព្យាបាល ឬពិគ្រោះជំងឺជាមួយគ្រូពេទ្យ ជំងឺនឹងកាត់តែវិវត្តន៍ទៅមុខដែលនឹងនាំទៅរកគ្រោះថ្នាក់ ដែលជាពិសេសអាចឈានដល់ការបាត់បង់ជីវិត។

អ្នកស្រីថា៖«ភាពខ្មាសអៀនហ្នឹង អាចជាឧបសគ្គមួយទៀតដែលធ្វើឱ្យគាត់ហួសពេលក្នុងការទទួលសេវាព្យាបាល។ ឧទាហរណ៍ថាយើងដឹងហើយថាជំងឺមហារីកមាត់ស្បូនមួយចុះ អ៊ីចឹងបើសិនជាគាត់ទុកៗរហូតគាត់មិនហ៊ានជជែក មិនហ៊ានទៅពិគ្រោះរកពេទ្យ មិនហ៊ានទៅទទួលសេវា ហ្នឹងគាត់អាចនឹងមានបញ្ហារហូតដល់បាត់បង់អាយុជីវិតនៅពេលដែលវាហួសពេលក្នុងការព្យាបាល»។

យ៉ាងណាមិញ ទោះជាពេលបច្ចុប្បន្នការជជែកអំពីបញ្ហាសុខភាពបន្តពូជហាក់មានភាពល្អប្រសើរ និងទូលំទូលាយច្រើនជាងមុន ក្នុងនាមជាអ្នកធ្វើការជាមួយស្ត្រី អ្នកស្រី សំណូមពរឱ្យស្រ្តី និងយុវជន ដែលបានជួបបញ្ហាពាក់ព័ន្ធទៅនឹងសុខភាពបន្តពូជ សុខភាពផ្លូវភេទ គួរបញ្ឈប់ការខ្មាសអៀន គួរស្វែងរកការព្យាបាលដោយពិភាក្សាជាមួយគ្រូពេទ្យ ឬអ្នកដែលអាចទុកចិត្តបានដើម្បីបង្ការកុំឱ្យបញ្ហាដែលកើតឡើងកាន់តែមានផលលំបាកទៅពេលខាងមុខ។

មួយវិញទៀត អ្នកស្រីក៏សំណូមពរទៅស្រ្តីដែលមានបទពិសោធន៍ពាក់ព័ន្ធនឹងការព្យបាល គួរធ្វើការចែករំលែកទៅអ្នកដទៃដើម្បីឱ្យអ្នកទាំងនោះកាន់តែមានភាពក្លាហានក្នុងការស្វែងរកការពិភាក្សាផងដែរ៕

 

អត្ថបទដោយ៖ ស៊ន់ លីនដា និង អ៊ុយ នាលម៉ាល័យ ឧបត្ថម្ភដោយ UNFPA

Share

ព័ត៌មានទាក់ទង