ខេត្តកំពង់ធំ៖ នៅទីបំផុតអតីតមេភូមិក្រសាំងក ស្ថិតនៅឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ត្រូវធ្លាក់ពីដំណែងហើយ ក្រោយការបោះឆ្នោតក្រុមប្រឹក្សាឃុំកាលពីល្ងាចថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ ការធ្លាក់ពីដំណែងនេះ ក៏បន្ទាប់ពីអតីតមេភូមិក្រសាំងកត្រូវបានប្រជាពលរដ្ឋក្នុងភូមិជាង ៤០០ គ្រួសារដាក់ពាក្យបណ្តឹងតវ៉ាសុំដកដំណែង ដោយពលរដ្ឋអះអាងថា អតីតមេភូមិរូបនេះបានប្រព្រឹត្តិរឿងអាស្រូវជាច្រើននិងមិនបានបម្រើពលរដ្ឋនោះទេ។
ក្រោយផ្ទុះការតវ៉ា សុំដកដំណែងអតីតមេភូមិក្រសាំង ក ពីសំណាក់ប្រជាពលរដ្ឋជាង ៤០០ គ្រួសារកាលពីដើមខែតុលាកន្លងមកនេះ ឥឡូវក្រុមប្រឹក្សាឃុំសានគរបានរៀបចំការបោះឆ្នោតមួយដោយជ្រើសបានមេភូមិថ្មីមួយរូបគឺលោក សៀម ឌាក មកជំនួសដំណែងអតីតមេភូមិចាស់ដែលជាប់រឿងអាស្រូវជាច្រើន។ នេះបើតាមសេចក្តីរាយការណ៍ពីសិក្ខាកាមវិទ្យុស្រ្តីប្រចាំខេត្តកំពង់ធំ។
សកម្មភាពសមាជិកក្រុមប្រឹក្សាឃុំសាន់គរៀបចំការបោះឆ្នោតជ្រើសរើសមេភូមិក្រសាំងក។រូបភាពពី សៅ ស៊ីណា។
សូមរំលឹកជូនបន្តិចថា អតីតមេភូមិក្រសាំង ក គឺលោក សឿន ឈាង ត្រូវបានប្រជាពលរដ្ឋក្នុងភូមិជាង៤០០នាក់លើកគ្នាតវ៉ា និងដាក់ពាក្យបណ្តឹងកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤កន្លងទៅ ដោយសុំដកដំណែងអតីតមេភូមិរូបនេះ ខណៈពលរដ្ឋកើតក្តីថ្នាំងថ្នាក់ ខឹងសម្បា ដ្បិតលោក សឿន ឈាន មិនបានបំពេញមុខងារតាមតួនាទីរបស់ខ្លួន ថែមទាំងប្រព្រឹត្តិអំពើពុករលួយ ប្រកាន់បក្ខពួកនិយមក្នុងការដឹកនាំរបស់ខ្លួន។
សកម្មភាពអាជ្ញាធរមូលដ្ឋានចុះមកសម្របសម្រួលប្រជាពលរដ្ឋដែលតវ៉ាសុំដកដំណែងលោក សឿន ឈាង។។រូបភាពពី សៅ ស៊ីណា។
ក្នុងពាក្យបណ្តឹងរបស់ពលរដ្ឋភូមិក្រសាំងក ក៏បានលើកឡើងនូវរឿងអាស្រូវរបស់អតីតមេភូមិយ៉ាងដូច្នេះថា លោក សឿន ឈាង បានប្រព្រឹត្តិអំពើមិនត្រឹមត្រូវ អយុត្តិធម៌ និងមិនចម្រើនផលប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងភូមិ។ ជាងនេះ អតីតមេភូមិរូបនេះ ក៏មិនបំពេញកាតព្វកិច្ចមើលការខុសត្រូវក្នុងភូមិ ហើយគិតតែពីរឿងលុយជាធំនៅពេលបំពេញការងារ។ អ្វីដែលធ្វើឱ្យពលរដ្ឋកើតទុកមិនសុខចិត្តថែមទៀតនោះ គឺអតីតមេភូមិមិនបានបម្រើប្រជាពលរដ្ឋឱ្យបានល្អប្រសើរនោះទេ ហើយរាល់ការដោះស្រាយទំនាស់ផ្សេងៗតែងតែលម្អៀង គ្មានការវិនិច្ឆ័យត្រឹមត្រូវ ពិសេសចូលចិត្តគម្រាមកំហែងប្រជាពលរដ្ឋនៅពេលទៅពឹងពាក់ ថែមទាំងកេងប្រវ័ណ្ឌផលប្រយោជន៍ពោល ស៊ីលើស៊ីក្រោមពីប្រជាពលរដ្ឋខ្លួនឯងថែមទៀតផង។ យ៉ាងណាសិក្ខាកាមវិទ្យុស្រ្តីពុំទាន់អាចសុំការឆ្លើយតបពីអតីតមេភូមិក្រសាំងកបាននៅឡើយទេ។
ពាក្យបណ្តឹងរបស់ពលរដ្ឋសុំដកដំណែងមេភូមិក្រសាំងក គឺលោក សឿន ឈាង ។រូបភាពពី សៅ ស៊ីណា។
ដោយឡែកងាកមកលោក សៀម ឌាក អតីតជាអនុប្រធានភូមិក្រសាំងក និងបច្ចុប្បន្នត្រូវបានជាប់ឆ្នោតជាមេភូមិក្រសាំងក ប្រាប់សិក្ខាកាមវិទ្យុស្រ្តីប្រចាំខេត្តកំពង់ធំថា លោកមានក្តីរំភើបដែលបានក្រុមប្រឹក្សាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឱ្យលោកក្លាយជាមេភូមិ។ លោក សៀម ឌាក បញ្ជាក់ដោយប្តេជ្ញាថា លោកនឹងប្រឹងប្រែងបំពេញការងារបម្រើប្រជាពលរដ្ឋឱ្យបានល្អប្រសើរក្នុងនាមជាមេភូមិ។លោកបញ្ជាក់ថា កន្លងទៅនេះលោកក៏ធ្លាប់បំពេញការងារដោះស្រាយទំនាស់ក្នុងភូមិតាមការចាត់តាំងរបស់មេភូមិផងដែរ ពិសេសជួយដោះស្រាយបញ្ហាបង្កបង្កើនផលរបស់ប្រជាពលរដ្ឋតាមរយៈការផ្តល់គ្រាប់ពូជជាដើម។ បន្ថែមពីនេះ ករណីដោះស្រាយរឿងហិង្សាក្នុងគ្រួសារក៏លោកធ្លាប់ចុះទៅសម្របសម្រួលផងដែរ ដែលកត្តាទាំងអស់នេះហើយ ទើបធ្វើឱ្យប្រជាពលរដ្ឋស្រឡាញ់ចូលចិត្តរូបលោក។
សកម្មភាពសមាជិកក្រុមប្រឹក្សាឃុំសាន់គរៀបចំការបោះឆ្នោតជ្រើសរើសមេភូមិក្រសាំងក។រូបភាពពី សៅ ស៊ីណា។
សូមជម្រាបជូនថា ចំនួនប្រជាពលរដ្ឋក្នុងភូមិក្រសាំងកមានចំនួន ៥៤២គ្រួសារ សរុបមានប្រជាពលរដ្ឋមានចំនួន ២៣៨៧នាក់ ស្រីមាន ១២៧៤នាក់ ដោយភាគច្រើនប្រជាពលរដ្ឋប្រកបការងារកសិកម្ម។ លោក សៀម ឌាក ឱ្យដឹងថា ជាជំហានបន្ទាប់លោកនឹងជួយអន្តរាគមន៍ដោះស្រាយលើបញ្ហាគ្រាប់ ពូជនិងបញ្ហាជីកសិកម្ម ព្រោះរឿងនេះប្រជាពលរដ្ឋតែងលើកឡើងជាបញ្ហារឿយៗមកភូមិ។
អត្ថបទខ្លីសរសេរដោយ សៅ ស៊ីណា សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។