en     km
en     km

ជាងកាំបិតត្រូវគេដោះលែង អស់ប្រាក់រត់ការជាង៥ពាន់ដុល្លារ! ពិតឬទេ?

Share

ផ្ទៀងផ្ទាត់៖ «ជាងកាំបិតរួចខ្លួនអស់៥៥០០ដុល្លារ​ ​ យកលុយគេហើយ​ហាម​គេ​មិនអោយ​និយាយទៀត»នេះជាសាររបស់អ្នកអត្ថាធិបាយតាមបណ្ដាញសង្គមលោក ផែង វណ្ណៈ នៅថ្ងៃទី១១ ខែកុម្ភៈ ជុំវិញករណី ដែលអាជ្ញាធរចាប់ខ្លួនជាងកាំបិត២នាក់ នៅខេត្តត្បូងឃ្មុំ។ ប៉ុន្តែករណីនេះ បានក្លាយជាមន្ទិលសម្រាប់មហាជន។ លោក គីម ចាន់ចាវ រាយការណ៍

 

ករណីចាប់ខ្លួនជាងកាំបិតខ្មែរ-អ៊ីស្លាមម្នាក់ ជាមួយនឹងកូនជាងជនជាតិខ្មែរ កាលពីថ្ងៃទី៦ ខែកុម្ភៈ ត្រូវបានអ្នកលេងបណ្ដាញសង្គមផ្ទុះការវែកញែក នឹងចោទជាចម្ងល់ក្រោយពីជាងកាំបិតទាំងពីរនាក់ត្រូវដោះលែង ខណៈដែលលេចធ្លាយដំណឹងថា ពួកគេអស់ប្រាក់ចំនួនជាង៥ពាន់ដុល្លារ។ តើការពិតទេ ដែលជាងកាំបិតត្រូវគេដោះលែង ពាក់ព័ន្ធនឹងការអស់ប្រាក់រត់ការជាង៥ពាន់ដុល្លារ។

ភរិយា លោក សា សូទី ជាជាងកាំបិតដែលគេចាប់ខ្លួន គឺអ្នកស្រី អ៊ិន ស៊ីនួន បានប្រាប់ក្រុមការងារផ្ទៀងផ្ទាត់ព័ត៌មានវិទ្យុស្ត្រី នៅថ្ងៃទី១៣ ខែកុម្ភៈថា របរជាជាងកាំបិតនេះ គ្រួសារអ្នកស្រី ដែលជាជនជាតិអ៊ីស្លាម តែងធ្វើវាតាំងពីដូនតាមក ហើយក៏មានសារព័ត៌មានល្បីៗមកចុះផ្សាយ។ ម្យ៉ាងទៀតដើម្បីឱ្យការលក់ដូកាំបិតនេះកាន់តែមានទីផ្សារអ្នកស្រីបានផុសលក់តាមបណ្ដាញសង្គម ហើយក៏មិនធ្លាប់មានអាជ្ញាធរមូលដ្ឋានចុះមកណែនាំថាជារបរខុសច្បាប់ឡើយ។

«វាពិបាកទទួលយកដែរបង ទំហំនៃការចុះចាប់ខ្លួនពួកខ្ញុំណា៎បង ប៉ូលីសឡើង៥-៦ឡាន មនុស្ស២០ទៅ៣០នាក់ឡើងទៅបង។ (ចាប់) ព្រឹបៗយកទៅឃុំឃាំង២យប់៣ថ្ងៃបញ្ជូនឡើងតុលាការដូចយើង(មាន)ទោសសម្លាប់មនុស្ស ឬមួយក៏បទធំៗ គ្រឿងញៀនចោរប្លន់ឬមួយក៏ចោរអីចឹងណា៎បង។ ពេលចឹងយើងមានសម្ពាធយើងកំពុងរកស៊ីធ្វើការចឹង បើសិនជាខ្ញុំខុសក៏តុលាការហៅសួរនាំត្រឹម ភូមិ-ឃុំ ឬមួយក៏តំបន់ដែលយើងនៅណាបង តែនេះគាត់បញ្ជូនទៅព្រឹបៗ យើងពិបាកទទួលយក។»

ដោយសារការព្រួយបារម្ភពីសុខទុក ស្វាមី និងកូនជាង ដែលត្រូវនគរបាលចាប់ខ្លួន អ្នកស្រី ស៊ីនួន អះអាងថា សាច់ញាតិបានរួមគ្នាចូលជាថវិកាសរុបប្រាំពាន់ប្រាំពីរយដុល្លារ(៥,៧០០ដុល្លារ) ដើម្បីពឹងអ្នករត់ការឱ្យជួយអន្តរាគមន៍ដើម្បីអាចឱ្យអ្នកទាំងពីរអាច រួចខ្លួន មកប្រករបររស់ជុំគ្រួសារវិញ។ ស្ត្រីម្ចាស់សិប្បកម្មធ្វើកំបិតរូបនេះ អះអាងថា ការណ៍ដែលពួកគេត្រូវចំណាយប្រាក់លើការរត់ការ ជុំវិញករណីអន្តរាគមន៍ឱ្យជាងកាំបិត ដែលជាស្វាមី និងកូនជាងបានរួចខ្លួន គឺជារឿងពិត។

«តាមពិតពីដើមឡើយ ខ្ញុំអត់ចង់វែកញែករឿងលុយហ្នឹងទេ នឹកឃើញថា អស់ហើយក៏អស់ទៅ បើសិនជាផេកស្នងការគាត់អត់ផុសរឿងនេះក៏អត់ផ្ទុះដែរ ខ្ញុំសុខចិត្តសុំគាត់មកផ្ទះវិញ ធ្វើការមុខរបរខ្ញុំធម្មតាវិញចឹងណា៎បង។ តែចៃដន្យអីគាត់ផុសបងដឹងស្រាប់ហើយ ផេកខ្ញុំក៏ផេករៀងល្បីល្មមដែរចឹងណា៎បង ក្នុងតិកតុកអី វារៀងថាវាមានអ្នកគាំទ្រភ្ញៀវទិញច្រើនចឹងណា៎បង ដល់ពេលមានរឿងភ្ញៀវគាត់វែកញែក គាត់Share តគ្នាទៅបានមានរឿងហ្នឹងណា៎បង។»

ក្រោយលេចធ្លាយដំណឹងពីថ្លៃរត់ការអស់ជាង៥ពាន់ដុល្លារនេះ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១២ ខែកុម្ភៈបាន ចេញសេចក្ដីបំភ្លឺ២ទំព័រដែលមាន៨ចំណុច ដោយចំណុចទី៨ អាជ្ញាធរប៉ូលីសខេត្តត្បូងឃ្មុំបាន អះអាងថា ករណីនេះគឺមិនពាក់ព័ន្ធនឹងមន្ត្រីនគរបាលដែលអនុវត្តប្រតិបត្តិការចាប់ខ្លួនជាងកាំបិទទាំងពីរឡើយ។

ទោះយ៉ាងណា កាលពីថ្ងៃទី១២ ខែកុម្ភៈដដែលនេះ អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ បានចេញសេចក្ដីប្រកាសព័ត៌មានដោយរៀបរាប់ដំណើររឿងនៃការចាប់ឃាត់ខ្លួនជាងកាំបិតទាំងពីរនាក់ខាងលើរហូតដល់ការដោះលែង។ តុលាការខេត្តត្បូងឃ្មុំដដែល អះអាងថា នឹងស៊ើបអង្កេតបន្តលើសំណុំរឿងនេះ ជាមួយនឹងដំណឹងដែលថា «ដោះលែងអ្នកផលិតកាំបិតឱ្យត្រឡប់ទៅផ្ទះវិញ ជាថ្នូរ នឹងប្រាក់ចំនួន៥,៥០០$»។

ក្រុមការងារផ្ទៀងផ្ទាត់ព័ត៌មានបានព្យាយាមទាក់ទង អ្នកនាំពាក្យសាលាដំបូងខេត្តត្បូងឃ្មុំ លោក ថេង ជាង ដើម្បីសួរនាំពីការវិវឌ្ឍន៍នៃព័ត៌មាននេះ ប៉ុន្តែលោកបានឱ្យទាក់ទងទៅកាន់លោក សូ សុវិទ្យា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ។ ប៉ុន្តែក្រុមការងារទូរសព្ទទៅលោក សូ​ សូវិទ្យា ទូរសព្ទខលចូលជាច្រើនដងនៅថ្ងៃទី១៣ ខែកុម្ភៈ តែមានអ្នកចុចបិទទៅវិញ៕

 

Share

ព័ត៌មានទាក់ទង