នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈនេះ ដែលជាថ្ងៃនៃសេចក្ដីស្រលាញ់ ក្រុមយុវជនខ្មែរថាវរៈ បានធ្វើដំណើរពីភ្នំពេញ ទៅកាន់មុខពន្ធនាគារខេត្តព្រះវិហារ ដើម្បីបង្ហោះប៉ោងៗ ផ្ញើរក្ដីស្រឡាញ់និងការនឹករលឹកដល់កញ្ញា សេង ធារី ស្ថាបនិកអង្គការផ្នែកតស៊ូមតិ ដែលជាមេធាវីម្នាក់ តែងរិះគន់មិនសំចៃមាត់លើរដ្ឋាភិបាលកម្ពុជា។ លោក គីម ចាន់ចាវ រាយការណ៍
ដៃម្ខាងកាន់ប៉ោងៗ និងម្ខាងទៀតកាន់បដា ក្រុមយុវជនខ្មែរថាវរៈ បានឈរនៅមុខពន្ធនាគារខេត្តព្រះវិហារ ស្រែកបង្ហាញនូវក្ដីស្រឡាញ់ចំពោះកញ្ញា សេង ធារី ដែលកំពុងនៅខាងក្នុង ដើម្បីបង្ហាញសមានចិត្ត។ បដាដែលកាន់នៅនឹងដៃជាមួយប៉ោងៗហោះពណ៌ក្រហមនោះ សរសេរខ្លឹមសារថា «សេង ធារី ១៤ កុម្ភៈ ជាថ្ងៃនៃក្ដីស្រឡាញ់ ពួកយើងមកទីនេះ ដើម្បីបង្ហាញក្ដីស្រឡាញ់ដល់អ្នក»។
យុវតីម្នាក់នៃក្រុមខ្មែរថាវរៈ ដែលបានចូលរួមការបង្ហោះប៉ោងៗនៅព្រឹកនេះ លើកឡើងថា ប៉ោងៗនេះជាសារប្រាប់ទៅកាន់កញ្ញាសេង ធារី ថាពួកគេនៅតែនឹករលឹកដល់គាត់ និងបានចាត់ទុកសកម្មភាពរបស់សេង ធារី កន្លងមកជាការលះបង់ដើម្បីសេរីភាពនៅកម្ពុជា។
«ថ្ងៃក្ដីស្រលាញ់ ម្នាក់ៗបង្ហាញការនឹករលឹក ហើយក្នុងអត្ថន័យប៉ោងៗផងដែរ ដែលទិវាក្ដីស្រលាញ់នេះ គឺយើងមិនភ្លេច បុគ្គលគំរូដូចគាត់ដែលហ៊ានលះបង់ ក្ដីសុខរបស់ខ្លួននៅអាមេរិក ហើយមកដើម្បីសង្គមជាតិយើង ហើយឃើញគាត់បាត់បង់សេរីភាពមកដល់ពេលនេះយ៉ាងអយុត្តិធម៌»។
កញ្ញា សេង ធារី ធាវីសញ្ជាតិ្តខ្មែរ-អាមេរិក វ័យ៥០ឆ្នាំ ត្រូវបានកម្លាំងសន្តិសុខចម្រុះចាប់ខ្លួនភ្លាមៗ ក្រោយតុលាការក្រុងភ្នំពេញប្រកាសសាលក្រមឱ្យ មានទោសជាប់ពន្ធនាគារចំនួន៦ឆ្នាំ ពីបទរួមគំនិតក្បត់ ដែលមានទំនាក់ទំនងនឹងផែនការមាតុភូមិនិវត្តន៍មិនជោគជ័យរបស់លោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំង កាលពីឆ្នាំ២០១៩៕