ភ្នំពេញ៖ លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិត្រូវ បានដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្នស្ថិតក្រោមការត្រួតពិនិត្យ។ ការដោះលែងឱ្យនៅក្រៅឃុំដោយសារបញ្ហាសុខភាព។នេះបើតាមដីការបង្គាប់ឱ្យដោះលែងចេញដោយចៅក្រមស៊ើសួរ លោក គី ឬទ្ធី ចុះថ្ងៃទី ៩ កញ្ញា ឆ្នាំ ២០១៨។
ក្នុងដីកាដោះលែងលោក កឹម សុខានេះ បង្គាប់ឱ្យប្រធានមណ្ឌលកែប្រែទី ៣ ម៣ ឱ្យដោះលែងបណ្ដោះអាសន្ន លើលោក កឹម សុខា ដោយដាក់ស្ថិតក្រោមការពិនិត្យពីបទ សន្ទិដ្ឋិភាពជាមួយបរទេស។
យ៉ាងណា យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញចុះថ្ងៃទី ១០ កញ្ញា បានបង្ហាញថាទៅសាធារណៈជនថា ចៅក្រមស៊ើបសួរបានសម្រេចដោះលែង លោក កឹម សុខា ឱ្យនៅក្រៅឃុំបណ្ដោះអាសន្នស្ថិតក្រោមការឃ្លំាមើលរបស់អាជ្ញាធរ។
យ៉ាងណាមិញ ការសម្រេចនេះដោយផ្អែកលើហេតុផលសុខភាពរបស់លោក កឹម សុខាផ្ទាល់ និងមានការធានាខាងនីតិវិធីច្បាស់លាស់ថា លោក កឹម សុខាមិនអាចរត់គេចខ្លួនពីនីតិវិធីតុលាការបានឡើយ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ចាន់ ចេន មេធាវីការពារក្ដីឱ្យលោក កឹម សុខា បានប្រាប់អ្នកសារព័ត៌មានថាការដោះលែង លោក កឹម សុខានេះ គឺធ្វើឡើងនៅព្រឹកម៉ោង ៣ និង ៣០ ទៀបភ្លឺ។
មកដល់ពេលនេះ សកម្មជន អ្នកគាំទ្រ និងអតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សនេះប្រមាណ ជា ៣០០ ទៅ៤០០នាក់ កំពុងតែទៅសួរសុខទុក្ខលោក កឹម សុខា នៅផ្ទះរបស់ លោកផ្ទាល់នៅខ័ណ្ឌទួលគោក រាជធានីភ្នំពេញ៕