កំពង់ធំ៖ កាលពីចុងខែតុលាឆ្នាំ២០២២នេះ យុវជនវិទ្យាល័យទួលក្បិលបានចូលរួមកម្មវិធី«បោះជំរំកាយរឹទិ្ធថ្នាក់ជាតិលើកទី៥»ឬ(5th National Scout Jamboree)នៅទីតាំងមួយកន្លែងស្ថិតនៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
កម្មវិធីនេះរៀបចំឡើងជាផ្នែកមួយនៃថ្នាលសិក្សា ចល័ត និងជាមជ្ឈមណ្ឌលប្រមូលផ្តុំកាយរឹទិ្ធ ដើម្បីជួបជុំយុវជនកាយរឹទិ្ធធើ្វសកម្មភាពរួមគ្នា និងជាផ្នែកមួយនៃការអភិវឌ្ឍធនធានយុវជនកាយរឹទិ្ធឱ្យមានសក្តានុពលពេញលេញ ទាំងខាងផ្លូវកាយ(Physical) ផ្លូវបញ្ញា(Intellectual) ផ្លូវអារម្មណ៍ (Emotional) ផ្លូវសង្គម(Social) និង ផ្លូវចិត្ត/ស្មារតី(Spiritual)។ជាងនេះកម្មវិធីនេះ ក៏ដើម្បីឱ្យយុវជនកាយរឹទ្ធិក្លាយទៅជាពលរដ្ឋ ដែលមានទំនួលខុសត្រូវ និងជាសមាជិកក្នុងសហគមន៍តាមមូលដ្ឋាន សហគមន៍ជាតិ និងអន្តរជាតិ ដោយឈរលើមូលដ្ឋានរៀន ដោយអនុវត្តជាក់ស្តែងលើបំណិនសតវត្សរ៍ទី២១។
តាមរយៈកម្មវិធី និងសកម្មភាពត្រូវបានរៀបចំឡើងនៅក្នុង“ការបោះជំរំកាយរឹទិ្ធថ្នាក់ជាតិលើកទី៥”នេះ ក្រសួងអប់រំ យុវជននិងកីឡា ដាក់ការរំពឹងទុកថានឹងទទួលបាន យុវជនកាយរឹទិ្ធ ដែលជាធនធានមនុស្សប្រកបដោយសក្តានុពល និងមានតម្លៃសម្រាប់សង្គមជាតិ និង សហគមន៍របស់ពួកគេ។ មួយទៀតផងដែរ យុវជនកាយរឹទិ្ធ នឹងមានការយល់ដឹងលើបំណិនសតវត្សរ៍ទី២១ និងមានសមត្ថភាពប្រកួតប្រជែងក្នុង ទីផ្សារការងារ។
អ្វីជាពិសេសជាងនេះ យុវជនកាយរឹទ្ធិ មានបំណិនសហប្រតិបត្តិការឆ្លងបណ្តាញ និងការ ដឹកនាំប្រកបដោយឥទ្ធិពលឈានមុខ និងកសាងភាពជាគម្រូល្អដល់យុវជនដទៃទៀត ព្រមទាំងចេះជួយ ចែករំលែក បទពិសោធន៍ បង្ហាត់បង្រៀន និងអប់រំដល់មិត្តភ័ក្តរបស់ខ្លួន។
ព្រមជាមួយគ្នានោះដែរ យុវជនកាយរឹទិ្ធ មានភាពរហ័សរហួន និងលទ្ធភាពបត់បែន មានគំនិតផ្តួចផ្តើម សហគ្រិនភាព និង ការវិភាគព័ត៌មានបានស៊ីជម្រៅនៅក្នុងសហគមន៍៕
អត្ថបទខ្លីនេះសរសេរដោយ រុន វីរៈ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលស្តីពីអក្ខរកម្មព័ត៌មាន(MIL)ក្រោមជំនួយពីសហភាពអឺរ៉ុបប្រចាំកម្ពុជា(EU)។