en     km
en     km

កំពង់ធំ៖ ប្រជាពលរដ្ឋសហការគ្នាជួសជុលស្ពានឈើ ៣ កន្លែងក្រោយជំនន់ទឹកភ្លៀងបង្កការខូចខាត

Share

ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋក្នុងឃុំមានរិទ្ធ ស្រុកសណ្តាន់ និងឃុំគោល ស្រុកប្រាសាទសំបូរ នៃខេត្តកំពង់ធំ បានសហការគ្នាជួសជុលស្ពានឈើចំនួនបីកន្លែងដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង ឱ្យល្អឡើងវិញដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ អាជ្ញាធរមូលដ្ឋានបញ្ជាក់ថា ស្ពានឈើទាំងបីទីតាំងនេះ អាជ្ញាធរឃុំបានដាក់សំណើសាងសង់ជាស្ពានថ្មថ្មីនៅឆ្នាំ២០២៦ខាងមុខនេះ។

នារយៈចុងក្រោយនេះ ភ្លៀងបានបន្តធ្លាក់ស្ទើររៀងរាល់ថ្ងៃតាមតំបន់មួយចំនួននៃខេត្តកំពង់ធំ។ ប្រការនេះបង្កជាជំនន់ទឹកភ្លៀង និងជំនន់ទឹកស្ទឹងសែន បណ្តាលឱ្យហេដ្ឋានរចនាសម្ព័ន្ធមួយចំនួនរងការខូចខាត តួយ៉ាង ស្ពានឈើចំនួនបីកន្លែងត្រូវទឹកហូរបាក់ធ្វើឱ្យពលរដ្ឋពុំអាចធ្វើដំណើរឆ្លងកាត់ភូមិបាន។យ៉ាងណាមេឃុំនៅទីតាំងស្ពានឈើខូចខាតទាំងបីខាងលើរាយការណ៍ប្រាប់សិក្ខាកាមវិទ្យុស្រ្តីប្រចាំខេត្តកំពង់ធំថា រយៈពេលជាង៣ថ្ងៃប៉ុណ្ណោះ ស្ពានខូចទាំងបីត្រូវបានជួសជួលឡើងវិញ ក្រោមការសហការគ្នារបស់អាជ្ញាធរនិងប្រជាពលរដ្ឋ។

ស្ពានឈើបីទីតាំងដែលប្រជាពលរដ្ឋបានចូលរួមសហការគ្នាសាងសង់ឡើងវិញបន្ទាប់ពីជំនន់ទឹកភ្លៀងហូរបាក់ស្ពានខ្លះក៏មាន។រូបភាពទទួលបានពីសៅ ស៊ីណា។

លោក ស្រី សៀក មេឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ប្រាប់សិក្ខាកាមវិទ្យុស្រ្តីកាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៤ថា ជំនន់ទឹកភ្លៀងនារយៈពេលថ្មីៗនេះ បានហូរបណ្តាលឱ្យបាក់ស្រុតស្ពានឈើត្រង់ចំណុចត្រពាំងត្រឡាច ធ្វើឱ្យទឹកចាល់ហូរលិចលើស្ពានធ្វើឱ្យពលរដ្ឋពិបាកធ្វើដំណើរឆ្លងកាត់។ ដោយមើលឃើញការលំបាកនេះ លោកស្រីមេឃុំ បានប្រមូលកម្លាំងប្រជាការពារនិងប្រជាពលរដ្ឋជួយសហការគ្នាជួសជុលស្ពានឈើត្រឹមតែរយៈប្រមាណ៣ថ្ងៃ​ប៉ុណ្ណោះ ដើម្បីជួយសម្រួលការធ្វើដំណើររបស់សិស្សានុសិស្សនិងប្រជាពលរដ្ឋក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

លោកមេឃុំមានរិទ្ធរូបនេះបញ្ជាក់ទៀតថា អាជ្ញាធរឃុំបានដាក់ផែនការសាងសង់ស្ពានចំនួន ៣កន្លែងនៅឆ្នាំ២០២៦ខាងមុខ ដែលគម្រោងនេះឆ្លើយតបតាមសំណើសំណូមពររបស់ប្រជាពលរដ្ឋ។

សកម្មភាពប្រជាពលរដ្ឋសហការគ្នាចុះជួសជុលស្ពានឈើចាស់ឡើងវិញ។រូបភាពទទួលបានពីសៅ ស៊ីណា។

ចំណែកស្ពានឈើ ២ កន្លែងទៀតស្ថិតនៅភូមិអូរធំ ឃុំគោល ស្រុកប្រាសាទសំបូរក៏រងការខូចខាតដោយសារជំនន់ទឹកភ្លៀងផងដែរ ខណៈស្ថានភាពផ្លូវនិងស្ពានទាំង ២ នេះទាបជាងកម្ពស់ទឹក។ នេះបើតាមការបញ្ជាក់ពីលោក ជា ថា​ មេឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំប្រាប់វិទ្យុស្រ្តីថា។ ស្ពានទាំងពីរនេះត្រូវបានប្រជាពលរដ្ឋនិងអាជ្ញាធរឃុំខ្នះខ្នែងសាមគ្គីគ្នា ដោយខ្លះទៅប្រមូលបង្គោលសសរ និងក្តារស្ពានចាស់ៗមកវិញបន្ថែមឈើថ្មីមួយចំនួនដើម្បីជួសជុល។

សកម្មភាពប្រជាពលរដ្ឋសហការគ្នាចុះជួសជុលស្ពានឈើចាស់ឡើងវិញ។រូបភាពទទួលបានពីសៅ ស៊ីណា។

លោកបន្ថែមថា ការជួសជុលនេះគឺកើតចេញពីកម្លាំងសាមគ្គីរបស់ពលរដ្ឋដោយអ្នកខ្លះជួយបរិច្ចាគជាឈើ ខ្លះជួយស្បៀងអាហារនិងខ្លះជាថវិកា។ ដោយសារទឹកចិត្តរបស់ប្រជាពលរដ្ឋល្អបែបនេះធ្វើឱ្យក្រុមការងារមានកម្លាំងចិត្តកាន់តែក្នុងការធ្វើស្ពាន ដ្បិតដើម្បីប្រយោជន៍ក្នុងការធ្វើដំណើរដឹកកសិផលនិងសិស្សានិសិស្សទៅសិក្សា។លោកមេឃុំគោលសង្កត់ធ្ងរថា កន្លងទៅថ្មីៗនេះ អាជ្ញាធរឃុំបានដាក់សំណូមពរទៅអង្គការជប៉ុនមួយ ជួយពិនិត្យផ្លូវនិងស្ពានខាងលើដើម្បីស្ថាបនាឡើងវិញ  តែអង្គការនេះមិនទាន់យល់ព្រមថានឹងជួយស្ថាបនាឬយ៉ាងនោះទេ ខណៈអង្គការជប៉ុនមួយនេះ ទើបតែបានជួយសាងសង់ស្ពានថ្មីចំណាយទឹកប្រាក់ជាង១០ម៉ឺនដុល្លារ។

សកម្មភាពប្រជាពលរដ្ឋសហការគ្នាចុះជួសជុលស្ពានឈើចាស់ឡើងវិញ។រូបភាពទទួលបានពីសៅ ស៊ីណា។

ទោះជាបែបនេះក្តី លោកមេឃុំថា ខាងអាជ្ញាធរដែនដីនៅតែព្យាយាមធ្វើសំណើមួយទៀតទៅក្រុមហ៊ុនមួយចុះសិក្សាសម្រាប់គម្រោង ២០២៦ ដើម្បីជួសជុលស្ពាននិងផ្លូវនេះ ក្រាលកៅស៊ូពីឃុំគោល ស្រុកប្រាសាទសំបូរ ទៅឃុំទំរីង ស្រុកសណ្ដាន់តែម្តង។

សកម្មភាពប្រជាពលរដ្ឋសហការគ្នាចុះជួសជុលស្ពានឈើចាស់ឡើងវិញ។រូបភាពទទួលបានពីសៅ ស៊ីណា។

សម្រាប់ការជួសជុលស្ពានចំនួនបីទីតាំងខាងលើនេះ អាជ្ញាធរឃុំបានស្ញើចសរសើរដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានមានការសាមគ្គីគ្នាយ៉ាងសស្រាក់សស្រាំចូលរួមជួយជួសជុលស្ពានឈើនេះ បានស្អាតល្អឡើវិញដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ ពិសេសសិស្សានុសិស្សទៅរៀនទាន់ពេលវេលា៕

អត្ថបទខ្លី សរសេរដោយ  សៅ​ ស៊ីណា សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។

Share

Image Not Found
Image

ព័ត៌មានទាក់ទង