កំពង់ធំ៖ សមាជិក«សហគមន៍កសិកម្មទំនើបទំរីងខេត្តកំពង់ធំ»មានកសិករដាំស្វាយចន្ទីចុះឈ្មោះចូលរួមកើនឡើងជាបន្តបន្ទាប់ ខណៈសហគមន៍មួយនេះ ជួយគាំទ្រចំពោះកសិករជាសមាជិកយ៉ាងច្រើនទាំងផ្នែកបច្ចេកទេស ចំណេះដឹង ការរកទីផ្សារ ពិសេសជួយផ្តល់ទុនថែមទៀតផងដល់កសិករ។ ប្រការនេះធ្វើឱ្យសមាជិកផលិតគ្រាប់ស្វាយចន្ទីមានទំនុកចិត្តក្នុងការបន្តដំាដុះដំណាំមួយនេះជាបន្តបន្ទាប់។
លោក ស៊ូ សុវណ្ណ មេឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ប្រាប់សិក្ខាកាមវិទ្យុស្រ្តីប្រចាំខេត្តកំពង់ធំថា ក្នុងភូមិសាស្រ្តតំបន់នេះអំណោយផលល្អសម្រាប់ការដាំដុះស្វាយចន្ទី ដ្បិតទិដ្ឋផលទទួលបានខ្ពស់ ហើយកសិករក៏មានជីវភាពល្អប្រសើរផងដែរ។ ដោយមើលឃើញពីសក្តានុពលបែបនេះ អ្នកពាក់ព័ន្ធនានាបានចងក្រងជាសហគមន៍មួយមានឈ្មោះថា«សហគមន៍កសិកម្មទំនើបទំរីងកំពង់ធំ» ដែលរហូតមកទល់ពេលនេះមានសមាជិកចូលរួមកាន់តែច្រើនទៅៗ។ ដោយឡែកសមាជិកសមាគមន៍ អាចទទួលបានអត្ថប្រយោជន៍ជាច្រើន តួយ៉ាងមានការគាំទ្រផ្នែកបច្ចេកទេស ការជួយរកទីផ្សារលក់គ្រាប់ស្វាយចន្ទី ពិសេសផ្តល់ទុនសម្រាប់កសិករដែលខ្វះទុនដាំដុះផងដែរ។
សកម្មភាពកិច្ចប្រជុំរវាងរដ្ឋបាលឃុំទំរីងនិងសហគមន៍ជាមួយអ្នកជំនាញនានាលើការងារដាំដុះស្វាយចន្ទី។រូបភាព ពណ្ណារាយ។
ដោយឡែកលោក វង់ គឹមឌឿន អនុប្រធានសហគមន៍កសិកម្មទំនើបទំរីងកំពង់ធំឲ្យដឹងថា ដំបូងសមាជិកសហគមន៍នេះមានចំនួន ៦៩ គ្រួសារ និងមានផ្ទៃដីដាំដុះស្វាយចន្ទីចំនួន ៤៣៧ ហិកតាតែប៉ុណ្ណោះ។ បច្ចុប្បន្ននេះ សហគមន៍បានរៀបចំផែនការអាជីវកម្មឱ្យមានដំណើរការល្អ ដោយយោងតាមផែនការលម្អិតរបស់គមន៍។ បើតាមផែនការនេះរំពឹងទុកថា ផ្ទៃដីស្វាយចន្ទីក្នុងមួយហិចតាអាចទទួលបានផលចំណេញ ជាង ៩០០ដុល្លារអាមេរិកក្នុងមួយហិចតា។ អនុប្រធានសហគមន៍កសិកម្មទំនើបទំរីងកំពង់ធំ បញ្ជាក់ទៀតថាបច្ចុប្បន្ននេះសហគមន៍បានចែកចាយជីចំនួន ៧៤តោនទៅដល់សមាជិកទាំងអស់ យកទៅប្រើប្រាស់សម្រាប់បំប៉នកែលម្អដាក់គល់ស្វាយចន្ទីឱ្យលូតលាស់ចេញផ្លែល្អ។
លោកអនុប្រធានសហគមន៍ផ្សព្វផ្សាយពីការងារនិងសមិដ្ឋផលទទួលបាន។រូបភាព ពណ្ណារាយ។
លោកអនុប្រធានសហគមន៍បន្តទៀតថា រហូតមកដល់ពេលនេះ សហគមន៍បានចំណាយផ្សេងៗ ដល់កសិករដូចជាការចំណាយពលកម្ម ការថែទាំ ជី និង ថ្នាំប្រើប្រាស់ ដោយគ្រប់គ្រងនិងទទួលខុសត្រូវច្បាស់លាស់។ ជាមួយគ្នានេះដែរ សហគមន៍មានទំនាក់ទំនងជាមួយនឹងក្រុមការងារបច្ចេកទេសដែលមានបទពិសោធន៍ ជំនាញច្បាស់លាស់របស់ក្រុមហ៊ុនតាមរយៈ មន្ទីរកសិកម្មខេត្តកំពង់ធំ ចុះមកជួយដល់កសិករក្នុងសហគមន៍។ សកម្មភាពរបស់ក្រុមជំនាញគឺយកចិត្តទុកដាក់ផលដំណាំរបស់កសិករគ្រប់ដំណាក់កាល ការប្រមូលផ្ដុំកសិករបង្រៀន និងបណ្ដុះបណ្ដាលបច្ចេកទេសជូនកសិករ ដោយមានណែនាំពីរបៀបដាក់ជី បាញ់ថ្នាំ និងបច្ចេកទេសថែទាំនានាមួយចំនួនទៀត។
សកម្មភាពរបស់កសិករបាញ់ថ្នាំការពារស្វាយចន្ទីពីការបំផ្លាញនានាពីកត្តាចង្រៃ។រូបភាព ពណ្ណារាយ។
លោក វង់ គឹមឌឿន បន្ថែមថា បន្ទាប់ពីកសិករអនុវត្តតាមការណែនាំពីអ្នកជំនាញ កសិករមើលឃើញនិងសង្ឃឹមថា ដំណាំស្វាយចន្ទីរបស់ពួកគេនឹងអាចទទួលបានទិដ្ឋផលខ្ពស់ ដោយគិតជាមធ្យមអាចទទួលផល ២ តោនក្នុងមួយហិកតា។ ដោយឡែកគិតលើតម្លៃស្វាយចន្ទីវិញ បើតាមទីផ្សារធម្មតាក្នុង ១ គីឡូក្រាមថ្លៃ ៤៥០០ រៀល ដូច្នេះក្នុងមួយហិកតាកសិករអាចលក់បានថវិកាចំនួន ៩ លានរៀល។
លោកអនុប្រធានសហគមន៍បន្ថែមទៀតថា ចំនួនទឹកប្រាក់ដែលទទួលបានពីការលក់ផលស្វាយចន្ទី អាចទូទាត់ជាមួយការចំណាយនានា កសិករទទួលបានប្រាក់ចំណេញខ្ទង់ ៩០០ដុល្លារក្នុងមួយហិកតា។
ចម្ការស្វាយចន្ទីក្នុងសហគមន៍ទំនើបទំរីង។រូបភាព ពណ្ណារាយ។
មួយទៀតដែរលោកថា សព្វថ្ងៃនេះមានប្រជាកសិករមួយចំនួនកំពុងដាក់ពាក្យចូលជាសមាជិកសហគមន៍ដែលធ្វើឱ្យចំនួនបានកើនឡើងជាបន្តបន្ទាប់។ លោក វង់ គឹមឌឿន អំពាវនាវទៅដល់កសិករដែលចង់ចូលរួមជាមួយសហគមន៍កសិកម្មទំនើទំរីងកំពង់ធំ តែនៅមានភាពស្ទាក់ស្ទើរអាចទាក់ទងតាមលេខទូរស័ព្ទលេខ០១២ ៣០ ៤០ ៦៦ និង ០៧១ ៧៧០ ៤៤ ១១ ដើម្បីទទួលបានការប្រឹក្សាយោបល់ផ្ទាល់ជាមួយអ្នកផ្តល់ព័ត៌មាននៅទីស្នាក់ការសហគមន៍ទំនើបទំរីង។
ក្រុមអ្នកជំនាញចុះបណ្តុះបណ្តាលកសិករក្នុងសហគមន៍។រូបភាព ពណ្ណារាយ។
កសិករដាំស្វាយចន្ទីមួយរូបគឺអ្នកស្រី សូ ហេន រស់នៅភូមិក្បាលដំរី ឃុំទំរីង ស្រុកសណ្ដាន់ ដែលជាសមាជិកសហគមន៍នេះរៀបរាប់ប្រាប់ថា នៅក្រោយពេលអ្នកស្រីចូលជាសមាជិកឃើញថា ក្រុមការងារសហគមន៍បានយកចិត្តទុកដាក់ចំពោះសមាជិកទាំងអស់ក្នុងសហគមន៍។ ជាក់ស្ដែងថ្មីៗនេះ ក្រុមការងាររបស់សហគមន៍បានចុះពិនិត្យមើលវាតម្លៃលទ្ធផល ការដាក់ជី និងបាញ់ថ្នាំលើដំណាំស្វាយចន្ទីរបស់កសិករ ដើម្បីការពារប្រសិនបើដំណាំស្វាយចន្ទីរបស់កសិករណាមានមិនចេញត្រួយ ឬផ្កា។ ជាងនេះក្រុមការងារតែងរិះរកដំណោះស្រាយ ជាមួយនឹងក្រុមការងារបច្ចេកទេសបន្ថែម ចំពោះដំណាំស្វាយចន្ទីរបស់កសិករដែលជួបបញ្ហាធ្ងន់ធ្ងរ។
សកម្មភាពកសិករចុះពិនិត្យទិដ្ឋផលស្វាយចន្ទីក្នុងចម្ការសហគមន៍។រូបភាព ពណ្ណារាយ។
សូមបញ្ជាក់ថា សហគមន៍កសិកម្មទំនើបទំរីងខេត្តកំពង់ធំ បានបង្កើតឡើងកាលពីថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ ២០២៤ ដោយមានសមាជិកប្រមាណ៥០គ្រួសារ មានផ្ទៃដីដាំស្វាយចន្ទីសរុប ៤៣៧ ហិកតា៕
អត្ថបទខ្លីសរសេរដោយ ប៉ាត ពណ្ណរាយ សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។