en     km
en     km

អាជ្ញាធរមូលដ្ឋានខេត្តកំពង់ធំបេ្តជ្ញាបន្តចែករំលែកចំណេះដឹងស្តីពីការសម្របសម្រួលក្រៅប្រព័ន្ធតុលាការក្រោយសិក្សាជាមួយ WMC

Share

កំពង់ធំ៖ បន្ទាប់ពីបានសិក្សាវគ្គបណ្តុះបណ្តាលស្តីពីជំនាញសម្របសម្រួលទំនាស់ក្រៅប្រព័ន្ធតុលាការរួចមក ទាំងមន្រ្តីថ្នាក់ខេត្ត និងអាជ្ញាធរមូលដ្ឋានតាមឃុំសង្កាត់មួយចំនួនក្នុងខេត្តកំពង់ធំ បានបង្ហាញការប្តេជ្ញាចិត្តថា ពួកគេនឹងចែករំលែកចំណេះដឹងនេះ បន្តទៅកាន់មន្រ្តីផ្សេងៗទៀតតាមមូលដ្ឋានរបស់ពួកគេ ឱ្យយល់ដឹងច្បាស់ពីរបៀបដោះស្រាយទំនាស់ ដើម្បីកាត់បន្ថយសំណុំរឿងប្តឹងផ្តល់ទៅតុលាការ ហើយសហគមន៍ក៏មានភាពសុខដុមរមនា។ ការបង្ហាញឆន្ទៈនេះ កើតឡើងបន្ទាប់ពីអាជ្ញាធរមូលដ្ឋានដែលជាមេឃុំ ចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ក្នុងខេត្តកំពង់ធំចំនួន១៧នាក់ ក្នុងនោះស្រ្តី១០ នាក់ បានចូលរួមសិក្សាវគ្គបណ្តុះបណ្តាលកាលពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នៅសាលាខេត្តកំពង់ធំ ដែលរៀបចំឡើងដោយ WMC និងអង្គការ Bread for the World (Brot für die Welt)។។

លោក កែវ សុខា ជូនសេចក្តីរាយការណ៍

មតិអ្នកចូលរួមវគ្គបណ្តុះបណ្តាល៖

លោក គៀង សេងគី៖«វគ្គបណ្តុះបណ្តាលនេះ ខ្ញុំមើលឃើញថាមានសារៈសំខាន់សម្រាប់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានក៏ដូចជា ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិគឺក្រុមប្រឹក្សាឃុំសង្កាត់។​ជាទិសដៅរបស់យើងខ្ញុំ យើងខ្ញុំបានគិតរួចហើយគឺនៅពេលដែលចាប់ផ្តើមវគ្គបណ្តុះបណ្តាល គឺយើងជ្រើសរើសឃុំសង្កាត់មកចូលរួមនេះ គឺសុទ្ធសឹងជាអ្នកមានបទពិសោធន៍ក្នុងការងារ ហើយយើងគិតថាក្នុងរចនាសម្ព័ន្ធរបស់សមាគម យើងមានសាខាក្រុង/ស្រុក។ ខ្ញុំនឹងរៀបចំវគ្គបណ្តុះបណ្តាលនៅពេលសមាគមមានវគ្គបណ្តុះបណ្តាល យើងនឹងប​​ញ្ជៀបមេរៀននេះឱ្យពួកគាត់ធ្វើវគ្គបណ្តុះបណ្តាល»។

កញ្ញា ចាន់ វ៉ាន់ស៊ី៖«ខ្ញុំអាចយកជំនាញដោះស្រាយទំនាស់នៅទៅដោះស្រាយទំនាស់តាមឃុំ ឱ្យគាត់មានការសះជា ឱ្យគាត់មានការសម្រុះសម្រួលគ្នាបាន។កន្លងមកយើងអត់ដែលបានចូលរួមវគ្គបណ្តុះបណ្តាល ខ្ញុំដោះស្រាយតែតាមការអានសៀវភៅខ្លះ តាមការយល់ឃើញខ្លួនឯងខ្លះ ជួនកាលយើដោះស្រាយវាមិនសូវបានល្អដែរ តែបន្ទាប់ពីរៀនបានបីថ្ងៃនេះមកខ្ញុំយល់ច្រើនពីរបៀបដោះស្រាយទំនាស់។​»។

លោក ឈឿន ទី៖«ចំពោះការរៀនបីថ្ងៃនេះ វាសមល្មមនឹងទទួលហើយ ក៏ប៉ុន្តែបើសិនជាមានវគ្គក្រោយទៀត ខ្ញុំនឹងសប្បាយនឹងចូលរួម ព្រោះថាអង្គការបង្កើតវគ្គនេះឡើងគឺសំខាន់មែនទែនសម្រាប់ក្រុមប្រឹក្សាផ្សេងទៀតដែលជាតំណាងប្រជាពលរដ្ឋ និងជាអ្នកសម្របសម្រួលទំនាស់ជូនពលរដ្ឋ ។ខ្ញុំអាចឱ្យពិន្ទុ១០០លើ១០០ចំពោះវគ្គបណ្តុះបណ្តាលនេះគឺល្អណាស់»។

លោកមេធាវី សុក សំអឿន ធ្វើបទបង្ហាញក្នុងវគ្គសិក្សាពីផ្នែកច្បាប់។រូបភាពដោយ សិទ្ធី។

ការលើកឡើងខាងលើនេះ ជាការបេ្តជ្ញាចិត្តមួយរបស់អ្នកចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពីការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ដែលរៀបចំឡើងអង្គ ការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)ជាមួយអង្គការ Bread for the World។

ជំនាញនៃការដោះស្រាយទំនាស់នេះ បើតាមមន្រ្តីដែលចូលរួមបានលើកឡើងថា ពួកគេពុំដែលបានឆ្លងកាត់វគ្គសិក្សាដូចនេះពីមុនមកនោះទេ ហើយការអនុវត្តលើការដោះស្រាយទំនាស់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានសព្វថ្ងៃគឺពឹងផ្អែកតាមបទពិសោធន៍រៀនសូត្រតៗគ្នាតែប៉ុណ្ណោះ។

សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាល។រូបភាពដោយ សិទ្ធី។

សម្រាប់ខេត្តកំពង់ធំ និងសម្រាប់មន្រ្តីមូលដ្ឋានអាចនិយាយបានថា ជារឿងមួយកម្រដែលមានវគ្គបណ្តុះបណ្តាលស្តីពីជំនាញ សម្របសម្រួលទំនាស់ក្រៅប្រព័ន្ធតុលាការនេះ ហើយក៏ជាក្តីរីករាយដែលអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជាបានមកបើកវគ្គសិក្សានេះឡើងដល់មន្រ្តីឃុំសង្កាត់ក្នុងខេត្តកំពង់ធំ។ នេះជាការលើកឡើងរបស់លោក គៀង សេងគី ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ ដែលបានជួយសម្របសម្រួលដំណើរការកម្មវិធីសិក្សានេះ។

សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាល។រូបភាពដោយ សិទ្ធី។

បើតាមលោក សេងគី វគ្គសិក្សានេះពិតជាមានសារៈសំខាន់និងចំតួនាទីទិសដៅការងាររបស់ក្រុមប្រឹក្សាឃុំសង្កាត់ និងមេឃុំ ចៅសង្កាត់ខ្លាំងណាស់ ដ្បិតជំនាញនេះអាចជួយឱ្យពួកគេមានគន្លឹះល្អៗ ចេះបត់បែនក្នុងការដោះស្រាយទំនាស់របស់ពលរដ្ឋកាន់តែមានប្រសិទ្ធភាព និងជាចំណែកមួយជួយជំរុញគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលផងដែរ។

ក្នុងនាមជាប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំលោក សេងគី នឹងគ្រោងជួយគាំទ្រផ្នែកធនធានថវិកា និង បច្ចេកទេសដល់សិក្ខាកាម ដើម្បីឱ្យពួកគេធ្វើជាគ្រូបង្គោលអាចបន្តយកមេរៀនពីអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជាយកទៅចែករំលែកដល់មន្រ្តីមូលដ្ឋានតាមឃុំស្រុកផ្សេងៗទៀតបាន។

លោក ឆេងលាប និងលោក រ៉ូប៊ិន ធ្វើបទបង្ហាញដល់សិក្ខាកាម។រូបភាពដោយ សិទ្ធី។

លោក គៀង សេងគី៖«ខ្ញុំនឹងរៀបចំវគ្គបណ្តុះបណ្តាលនៅពេលសមាគមមានវគ្គបណ្តុះបណ្តាលយើងនឹងបញ្ជៀបចូលមេរៀន និងបទពិសោធន៍ពីវគ្គសិក្សានេះឱ្យពួកគាត់ទៅបណ្តុះបណ្តាល។ចំពោះវគ្គបណ្តុះបណ្តាលបែបនេះយើងពុំមានបញ្ហាថវិកានោះទេ ព្រោះថវិកាសមាគមគឺយើងប្រើប្រាស់ទៅលើការបង្កើនសមត្ថភាពរបស់សមាជិក ហើយពួកគាត់សុទ្ធតែសមាជិករបស់សមាគម។ចឹងពេលដែលមានវគ្គបណ្តុះបណ្តាលយើងនឹងជ្រើសរើសពួកគាត់ទៅជួយទៅសម្របសម្រួលវគ្គបណ្តុះបណ្តាលនៅតាមសាខាស្រុក។ ​ចឹងខ្ញុំសង្ឃឹមថា វគ្គនេះគឺជាវគ្គមួយដ៏មានសារៈសំខាន់ ហើយខ្ញុំនឹងរៀបចំជ្រើសរើសចេញពីក្រុមសិក្ខាកាមហ្នឹងឱ្យធ្វើជាគ្រូរបស់សមាគម ដើម្បីទៅបណ្តុះបណ្តាលនៅតាមមូលដ្ឋាន»។

លោក គៀង សេងគី ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ។រូបភាពដោយ សិទ្ធី។

ទំនាស់នៅមូលដ្ឋានតែងតែកើតមានឡើងជារៀងរាល់ថ្ងៃក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ បញ្ហាទំនាស់ឬវិវាទទាំងអស់នេះ បានបង្កការកក់ស្ទះសំណុំរឿងនៅតុលាការ ធ្វើឱ្យនីតិវិធីជំនុំជម្នះមានភាពយឺតយ៉ាវ ជាហេតុធ្វើឱ្យគូវិវាទមួយចំនួនបាត់បង់ទំនុកចិត្តលើភាពយុត្តិធម៌ដែលទន្ទឹងរង់ចាំ។

ចំពោះមុខក្តីកង្វល់នេះ រាជរដ្ឋាភិបាលបានបង្កើតយន្តការនៅថ្នាក់ក្រោមជាតិ ពិសេសមន្រ្តីថ្នាក់មូលដ្ឋានអាចមានសមត្ថភាពចូលដោះស្រាយទំនាស់កម្រិតស្រាល ឬ មធ្យម របស់ពលរដ្ឋបានដោយឈរលើមូលដ្ឋានច្បាប់និងការដោះស្រាយបែបឈ្នះៗទាំងអស់គ្នា នោះគឺការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ។

សកម្មភាពសម្តែងការដោះស្រាយទំនាស់របស់សិក្ខាកាម។រូបភាពដោយ សិទ្ធី។

ជុំវិញវគ្គបណ្តុះបណ្តាលខាងនេះ កញ្ញា ចាន់ វ៉ាន់ស៊ី ជាសមាជិកក្រុមប្រឹក្សាឃុំត្បូងក្រពើ​ ស្រុកសន្ទុក ខេត្តកំពង់ធំ លើកឡើងថា រយៈបីថ្ងៃនេះកញ្ញាបានរៀនសូត្រច្រើនពីមេរៀនក៏ដូចជាបទពិសោធន៍ផ្ទាល់របស់អ្នកចូលរួមជុំវិញការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ។ កញ្ញាថា មេរៀននេះពិតជាល្អសម្រាប់កញ្ញាដែលអាចយកវិធីសាស្រ្តទាំងនេះ ទៅអនុវត្តដោះស្រាយជូនពលរដ្ឋឱ្យសះជាគ្នាវិញបញ្ចប់រឿងមិនបន្តប្តឹងទៅតុលាការ​។ អ្នកសម្របសម្រួលវ័យក្មេងរូបនេះទទួលស្គាល់ថា ខ្លួនកាន់តែមានទំនុកចិត្តខ្ពស់ជាងមុនបន្ទាប់ពីបានចូលរួមវគ្គសិក្សា ខណៈកន្លងមកការដោះស្រាយទំនាស់របស់កញ្ញា ផ្អែកតែតាមការអានសៀវភៅ និងការយល់ឃើញខ្លួនឯងតែប៉ុណ្ណោះ ហើយទំនាស់ខ្លះហាក់ដោះស្រាយពុំសូវបានល្អនោះទេ។

ជាការតាំងចិត្តរបស់កញ្ញា វ៉ាន់ស៊ី កញ្ញានឹងបន្តចែករំលែកចំណេះដឹងនៃមេរៀនដ៏ល្អៗនេះ ដល់សមាជិកក្រុមប្រឹក្សាផ្សេងៗទៀតដែលមានតួនាទីអាចយល់ដឹងនិងប្រើប្រាស់លើការងារប្រចាំថ្ងៃកាន់តែមានប្រសិទ្ធភាពដែលជាផ្នែកមួយនៃការផ្តល់សេវាសាធារណៈជូនពលរដ្ឋ។

កញ្ញា ចាន់ វ៉ាន់ស៊ី៖«បន្ទាប់ពីខ្ញុំបានចូលរួមវគ្គបណ្តុះបណ្តាលរយៈបីថ្ងៃនេះ ខ្ញុំ​តាំងចិត្តថា នឹងយកចំណេះ​​ដែលខ្ញុំបានទទួលយល់ដឹងនេះ ទៅផ្សព្វផ្សាយពន្យល់ណែនាំឬបង្ហាញដល់គណៈកម្មការ​​ដោះស្រាយទំនាស់នៅឃុំរបស់ខ្ញុំបានយល់ដឹង​»។

លោក ឈឿន ទី សមាជិកក្រុមប្រឹក្សាឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ។រូបភាពដោយ សិទ្ធី។

តាមការឱ្យដឹងពីសិក្ខាកាមដែលបានចូលរួមសិក្សាពួកគេលើកឡើងថា ករណីទំនាស់ដែលកើតមានភាគច្រើននៅមូលដ្ឋានតែជួបប្រទះដោះស្រាយជារឿយៗនោះ ភាគច្រើនជារឿងក្តីរដ្ឋប្បវេណី ក្នុងនោះមានរឿងជម្លោះព្រំដី រឿងបំណុល ជម្លោះហិង្សាក្នុងគ្រួសារ និងរឿងក្តីលែងលះជាដើម។

លោក ឈឿន ទី សមាជិកក្រុមប្រឹក្សាឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និយាយថា លោករីករាយដែលទទួលបានទាំងចំណេះជាទ្រឹស្តីនិងបទពិសោធន៍ផ្ទាល់ពីគ្រូឧទ្ទេសនិងអ្នកចូលរួមផ្សេងទៀត ដែលអាចឱ្យលោកយកទៅអនុវត្តបានល្អប្រសើរនៅថ្ងៃខាងមុខ។ បន្ថែមពីនេះលោកសន្យាថា នឹងនាំយកចំណេះដឹងដែលទទួលបានពីវគ្គនេះ ទៅចែករំលែកធ្វើបទបង្ហាញដល់សមាជិកក្រុមប្រឹក្សាឃុំ និងមេភូមិឱ្យពួកគេអាចដោះស្រាយទំនាស់មិនឱ្យរីករាលដាលកាន់តែធំឡើងដល់តុលាការ។

លោក ឈឿន ទី៖«ចំពោះខ្ញុំផ្ទាល់ ខ្ញុំសប្បាយចិត្តដែលអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជាបានបើកវគ្គបណ្តុះបណ្តាលនេះជាចំណេះដឹងថ្មីដល់ពួកខ្ញុំជាយុវជនវ័យក្មេងដែលជាក្រុមប្រឹក្សាឃុំទើបនឹងឡើងអាណត្តិថ្មីនេះ អាចទទួលបានចំណេះដឹងផ្នែកច្បាប់និងចំណេះដឹងផ្សេងៗទៀតដែលយើងបានរៀនពីលោកពូ អ្នកមីងដែលគាត់ជាមនុស្សជំនាន់ចាស់​មានបទពិសោធន៍ ដោយអាចយកទៅអនុវត្តនៅសហគមន៍។​ខ្ញុំតាំងពីទទួលបានវគ្គបណ្តុះបណ្តាលរយៈបីថ្ងៃនេះ ខ្ញុំមានអារម្មណ៍ថាកន្លែងដែលខ្ញុំមិនធ្លាប់បានអនុវត្ត កន្លែងដែលខ្ញុំមិនធ្លាប់ដឹង ខ្ញុំបានទទួលចំណេះដឹងថ្មីៗ»។

លោក ឈឿន ទី សមាជិកក្រុមប្រឹក្សាឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ។រូបភាពដោយ សិទ្ធី។

ជុំវិញវគ្គបណ្តុះបណ្តាលនេះដែរ លោក Robin Eberhardt ទីប្រឹក្សាគម្រោងមកពីអង្គការ Brot für die Welt បង្ហាញការជឿជាក់ថា សិក្ខាកាមទាំងអស់ពិតជាបានរីករាយទទួលនូវចំណេះដឹងថ្មីៗពីមេរៀនដែលបានផ្តល់ជូនរយៈបីថ្ងៃនេះ។ ជាងនេះលោក Robin រំពឹងថា វគ្គសិក្សានេះនឹងក្លាយជាធាតុចូលមួយយ៉ាងសំខាន់សម្រាប់សិក្ខាកាមដែលសុទ្ធសឹងមានតួនាទីជាគណៈកម្មការដោះស្រាយទំនាស់ស្រាប់ផងនោះ នឹងអាចទទួលបានវិធីសាស្រ្តថ្មីៗដោះស្រាយទំនាស់ប្រកបដោយប្រសិទ្ធភាព។

លោក Robin Eberhardt៖«ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នានឹងរីករាយ ក៏ដូចជាពេញចិត្តនូវមេរៀនដែលបានផ្តល់ជូនប៉ុន្មានថ្ងៃនេះ ក៏ដូចជាយកមេរៀនទាំងនេះទៅអនុវត្តតាមឃុំរៀងៗខ្លួនដោយប្រើវិធីសាស្រ្តជំហានទី១ ទី២ ដូចមេរៀន»។

លោក Robin Eberhardt ទីប្រឹក្សាគម្រោងមកពីអង្គការ Brot für die Welt។រូបភាពដោយ សិទ្ធី។

សូមជម្រាបជូនថា វគ្គបណ្តុះបណ្តាលស្តីពីការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការទៅកាន់មន្រ្តីថ្នាក់ដឹកនាំវ័យក្មេងនៅមូលដ្ឋាននេះ ទទួលបានការគាំទ្រថវិកានិងបច្ចេកទេសពីអង្គការ Bread for the World(Brot für die Welt)។ វគ្គបណ្តុះបណ្តាលនេះទៀតសោត បាននឹងកំពុងអនុវត្តនៅខេត្តចំនួនបី ក្នុងនោះមានខេត្តពោធិ៍សាត់ កំពង់ស្ពឺ និងកំពង់ធំ៕

កម្រងរូបភាពនៃវគ្គបណ្តុះបណ្តាល៖

Share

ព័ត៌មានទាក់ទង