en     km
en     km

ខេត្តកំពង់ចាមត្រឹមប្រកាសជាខេត្តបញ្ឈប់កា​របន្ទោបង់ពាសវាលពាសកាលជាផ្លូវការនៅចុងខែកក្កដានេះ

Share

ខេត្តកំពង់ចាម៖ ខេត្តកំពង់ចាមគ្រោងនឹងប្រកាសជាខេត្តបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល(ODF​) ពោលគឺប្រជាពលរដ្ឋអាចមានលទ្ធភាពសង់បង្គន់អនាម័យស្ទើរគ្រប់ខ្នងផ្ទះនៅចុងខេត្តកក្កដាខាងមុខនេះ។ ការគ្រោងប្រកាសនេះ បន្ទាប់ពីរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានចុះពិនិត្យផ្ទៀងផ្ទាត់ស្ថានភាពបន្ទោបង់ក្នុងខេត្តឃើញថាមានលទ្ធផលល្អប្រសើរ។

បង្គន់អនាម័យនៅសាលារៀនមួយក្នុងខេត្តកំពង់ចាម។រូបភាព ឡេក ចាន់ពេជ្រ។

បើគ្មានអ្វីប្រែប្រួលនោះទេ គឺនៅថ្ងៃទី២៥ ខែកក្តដា ឆ្នាំ២០២៤ ខាងមុខនេះ ខេត្តកំពង់ចាមនឹងត្រូវប្រកាសជាខេត្តបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ឬហៅកាត់ថា ខេត្តODF។ នេះជាការលើកឡើងរបស់លោក យឹម ជុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឱកាសសិក្ខាសាលាស្តីពីការឆ្លុះបញ្ចាំងស្តីពីលទ្ធផលផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកាលពីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំង់ចាមដែលសិក្ខាកាមវិទ្យុស្រ្តីប្រចាំខេត្តបានចូលរួម។

សកម្មភាពមន្រ្តីពាក់ព័ន្ធក្នុងសិក្ខាសាលាស្តីពីការឆ្លុះបញ្ចាំងស្តីពីលទ្ធផលផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកាល។រូបភាព ឡេក ចាន់ពេជ្រ។

លោក យឹម ជុង លើកឡើងថា ផែនការគ្រោងប្រកាសនេះ ក្រោយពីក្រុមការងារធ្វើការផ្ទៀងផ្ទាត់ពីស្ថានភាព ក្នុងភូមិសាស្ត្រខេត្តកំពង់ចាមឃើញថា ស្ថានភាពអនាម័យ និងបរិស្ថានមានលក្ខណៈល្អបង្គួរ ពោលគ្មានខ្នងផ្ទះណាមួយត្រូវរកឃើញថានៅបន្តបន្ទោបង់ពាសវាលពាសកាលនោះទេ។ ទាក់ទងបច្ចេកទេសនៃការផ្ទៀងផ្ទាត់វាយតម្លៃវិញ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទពន្យល់ថា គឺក្រុមការងារចុះពិនិត្យទីតាំងសង្ស័យមួយចំនួនរួមមាន តាមគុម្ពោតព្រៃដែលសង្ស័យ តាមមាត់ទន្លេនិងបឹង និងទីតាំងសាធារណៈផ្សេងទៀតឃើញថា គ្មានសំណាកឬភស្តុតាងបញ្ជាក់ថាមានការបន្ទោបង់ ពាសវាលពាសកាលនោះទេ។

មន្រ្តីពីក្រសួងអភិវឌ្ឍន៍ជនបទចុះពិនិត្យស្ថានភាពការបន្ទោបង់ពាសវាលពាសកាល។រូបភាព ឡេក ចាន់ពេជ្រ។

អ្វីជាពិសេសនោះ លោករដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទមានការភ្ញាក់ផ្អើល ដ្បិតទីតាំងសង្ស័យមួយចំនួនបានប្រែក្លាយជាតំបន់មានលំនៅឋានប្រជាពលរដ្ឋយ៉ាងមានរបៀបរៀបរយ មានទេសភាព សោភ័ណ្ឌភាព អនាម័យ និងបរិស្ថានល្អប្រសើរស័ក្ដិសមទទួលបានជ័យលាភីជាខេត្ត ODF ពិតមែន។

ទាក់ទងរឿងនេះលោក ហាន កុសល អភិបាលរងខេត្តកំពង់ចាមលើកឡើងក្នុងអង្គសិក្ខាសាលាដែរថា លទ្ធផលនៃការចុះផ្ទៀងផ្ទាត់ដោយថ្នាក់ជាតិ និងអង្គការដៃគូ ដោយសម្រេចឱ្យខេត្តកំពង់ចាមក្លាយជាខេត្ត ODFនេះ គឺកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តីគ្រប់ជាន់ថ្នាក់ពិសេសមន្រ្តីតាមមូល ដ្ឋាន ដែលបានចុះផ្សព្វផ្សាយពីផលប៉ះពាល់នៃការបន្ទោបង់ពាសវាលពាសកាស និងសារៈប្រយោជន៍នៃបង្គន់អនាម័យ។

លោកអភិបាលរងខេត្តកំពង់ចាមរូបនេះ សង្កត់ធ្ងន់ថា ទោះបីជាខេត្តទទួលបានជ័យលាភីបញ្ឈប់ការបន្ទោ បង់ពាសវាលពាសកាលក្តី តែមន្រ្តីអាជ្ញាធរនិងអ្នកពាក់ព័ន្ធនៅតែបន្តការងារលើកកម្ពស់អនាម័យចុះផ្សព្វ ផ្សាយបន្ថែមដើម្បីបន្តនិរន្តភាព និងឈានឆ្ពោះទៅជាប់ជាខេត្ត ODF Plus នាពេលខាងមុខ។

ស្ថានភាពបង្គន់មួយចំនួននៅខេត្តកំពង់ចាមមានសភាពល្អ។រូបភាព ឡេក ចាន់ពេជ្រ។

ជាការកត់សម្គាល់ ក្រសួងអភិវឌ្ឍន៍ជនបទគ្រោងនឹងប្រកាសខេត្តចំនួន ៦ ជាខេត្តបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលត្រឹមឆ្នាំ ២០២៤ នេះ ដែលធ្វើឱ្យចំនួនខេត្តជាប់ ODF កើនឡើងសរុបចំនួន ១៣ ក្នុងចំណោមខេត្តទាំង២៥ រាជធានី-ខេត្ត។ នេះបើយោងតាមរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ លោក ឆាយ ឫទ្ធិសែន ដែលបានថ្លែងក្នុងវេទិកាសារព័ត៌មានស្តីពី «អ្វីទៅជាកិច្ចការអភិវឌ្ឍន៍ជនបទ» កាលពីថ្ងៃទី៤ ខែមិថុនាឆ្នាំ២០២៤កន្លងទៅនេះ។

មន្រ្តីពីក្រសួងអភិវឌ្ឍន៍ជនបទចុះពិនិត្យស្ថានភាពការបន្ទោបង់ពាសវាលពាសកាលនៅតាមវត្តក្នុងខេត្តកំពង់ចាម។រូបភាព ឡេក ចាន់ពេជ្រ។

រហូតមកដល់ពេលបច្ចុប្បន្ននេះ ខេត្តដែលត្រូវបានប្រកាសជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល មានដូចជា ខេត្តព្រះសីហនុ ស្វាយរៀង ព្រៃវែង កណ្តាល រាជធានីភ្នំពេញ កំពង់ស្ពឺ កំពង់ឆ្នាំង និងកែប។ រីឯខេត្តដែលគ្រោងប្រកាសបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនាពេលខាងមុខរួមមាន ខេត្តកំពង់ចាម ត្បូងឃ្មុំ បន្ទាយមានជ័យ សៀមរាប និងខេត្តរតនគិរី៕

អត្ថបទខ្លីសរសេរដោយ  ឡេក ចាន់ពេជ្រ សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។

Share

Image Not Found
Image

ព័ត៌មានទាក់ទង