en     km
en     km

នគរបាលខេត្តកំពង់ចាមបំភ្លឺករណីហិង្សារវាងអ្នកលួចបេះស្វាយចន្ទីនិងម្ចាស់ចម្ការគឺជាករណីចាស់

Share

បន្ទាប់ពីមានការចែកចាយវីដេអូដែលបង្ហាញពីមនុស្សមួយក្រុមដេកស្តូកស្តឹងនៅលើគ្រែក្រោមស្ថានភាពឈាមស្រោចពេញខ្លួន និងស្រែកអំពាវនាវឱ្យមហាជនស្វែងរកយុត្តិធម៌ឱ្យនោះ វីដេអូនេះត្រូវបាននគរបាលខេត្តកំពង់ចាមបញ្ជាក់ថាជាករណីលួចរើសគ្រាប់ស្វាយចន្ទី បង្កជាទំនាស់ឈានទៅប្រើប្រាស់អាវុធដាក់គ្នានៅនឹងកន្លែងកើតហេតុ។ តែករណីនេះ នរគបាលថាជារឿងរ៉ាវកើតឡើងយូរមកហើយ ដោយអ្នកលេងបណ្តាញសង្គមបង្ហោះសារឡើងវិញ ធ្វើឱ្យមហាជនមានការភ័ន្តច្រលំ។

(កញ្ញា កែវ សុជាតា​ រាយការណ៍)

 

នាប៉ុន្មានថ្ងៃមកនេះ មានការផ្សព្វផ្សាយអំពីករណីហិង្សាមួយដែលបង្កឡើងរវាងក្រុមអ្នកលួចរើសគ្រាប់ស្ទាយចន្ទី និងក្រុមម្ចាស់ចម្ការស្ថិតក្នុងខេត្តកំពង់ចាម បណ្តាលឱ្យមានអ្នករងរបួសធ្ងន់ និងស្រាល។ បើតាមសេចក្តីបំភ្លឺរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមចុះផ្សាយថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ករណីនេះកើតឡើងតាំងពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣មកម្ល៉េះ ពោលគឺជាព័ត៌មានចាស់ប៉ុណ្ណោះ។ ការផ្សព្វផ្សាយជាថ្មីនៅតាមប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមហ្វេសប៊ុកនេះ ត្រូវបានស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមចាត់ទុកថា ជាសកម្មភាពដើម្បីទាក់ទាញចំណាប់អារម្មណ៍ដែលបង្កឱ្យមានការយល់ច្រឡំដល់សាធារណជនតែប៉ុណ្ណោះ។

ករណីហិង្សាខាងលើនេះ កើតឡើងនៅត្រង់ចំណុចដីចម្ការតំបន់ភ្នំដូននាន់ ស្ថិតនៅភូមិពោន ឃុំទួលសំបូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយក្រុមបង្កមានគ្នាប្រមាណ ១៧នាក់ បានដើរចូលចម្ការក្រុមជនរងគ្រោះ ដើម្បីលួចរើសគ្រាប់ស្វាយចន្ទី ដោយក្នុងដៃមានកាន់កាំបិត និងពូថៅ។ ខណៈនោះ ម្ចាស់ចម្ការមានគ្នាប្រមាណ ៥នាក់ បានដើរទៅបញ្ឈប់សកម្មភាពរបស់ក្រុមជនបង្ក តែបែរជាបង្កការឈ្លោះប្រកែកគ្នារហូតឈានដល់ការប្រើប្រាស់អំពើហិង្សាកាប់គ្នាទៅវិញទៅមកទៅវិញ។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមបានបញ្ជាក់ដែរថា ករណីហិង្សានេះធ្វើឱ្យមនុស្សចំនួន ១១នាក់រងរបួស ដែលក្នុងនោះអ្នករងរបួសធ្ងន់មានចំនួន ៨នាក់។ ក្រោយកើតហេតុភ្លាមៗ ក្រុមគ្រួសារបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរហូតដល់ធូរស្រាលទើបក្រុមគ្រូពេទ្យអនុញ្ញាតឱ្យមកសម្រាកបន្តនៅគេហដ្ឋាន។

យ៉ាងណាមិញ ករណីនេះសមត្ថកិច្ចខេត្តកំពង់ចាមបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីស្រាវជ្រាវ ស៊ើបអង្កេត ចងក្រងសំណុំរឿងតាមនីតិវិធីផ្លូវច្បាប់ និងបានបញ្ជូនសំណុំរឿងនេះទៅសាលាដំបូងខេត្តរួចរាល់ហើយ។ ពាក់ព័ន្ធនឹងករណីខាងលើនេះ អង្គភាពស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ស្នើឱ្យសាធារណជនពុំមានការយល់ច្រឡំថាជាករណីដែលទើបកើតឡើងកាលពីថ្មីៗជាបន្តទៀត និងទុកឱ្យតុលាការជាអ្នកវិនិច្ឆ័យទោសទណ្ឌតាមនិតិវីធី ចៀសវាងការបញ្ចេញមតិដែលបង្កជាផលអវិជ្ជមានដល់សង្គមជាតិ៕

Share

ព័ត៌មានទាក់ទង