en     km
en     km

សាលារាជធានីភ្នំពេញ និង អង្គការJICA គ្រោងសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់នៅតំបន់ជើងឯក

Share

ក្រុងភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ និង រដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន  គ្រោងសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ នៅលើផ្ទៃដីប្រមាណ ៣.៥ ហិកតា តំបន់ជើងឯក រាជធានីភ្នំពេញ ដើម្បីបំលែងទឹកកខ្វក់ ឲ្យមកជាទឹកស្អាតមុននឹងបង្ហូរចូលទៅទន្លេ ដើម្បីកាត់បន្ថយការបំពុលលើបរិស្ថាន។

គម្រោងនេះ បានបង្ហាញឲ្យដឹងនៅក្នុងកិច្ចពិភាក្សាការងាររវាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង តំណាង អង្គការ JICA  កាលពីរសៀលថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០១៨ ម្សិលមិញនេះ។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កិច្ចប្រជុំនេះ លោក បេអ៊ី អ៊ីតូ តំណាងប្រតិភូអង្គការ JICA មានប្រសាសន៍ថា ការងារដែលភាគី ជប៉ុនត្រូវធ្វើ គឺមានគម្រោងមួយចំនួន ដែលនឹងត្រូវអនុវត្តសំរាប់ផែនការ នៃការសាងសង់អាងប្រព្រឹត្តិកម្មនេះ ដោយធ្វើការបណ្តុះបណ្តាលទៅដល់មន្រ្តីជំនាញ ដែលធ្វើការទាក់ទងនឹងការគ្រប់គ្រងទឹកកខ្វក់ដើម្បីបង្កើនសមត្ថភាពលើផ្នែកនេះ។

តាមលោក មាសភក្ដី អង្គការ JICA នឹងជួយតាក់តែងច្បាប់ផ្សេង រួមជាមួយបទដ្ឋានគតិយុត្តិផ្សេងៗ ក្នុងការគ្រប់គ្រងទឹកកខ្វក់។ លោក បន្ថែមថា គម្រោងនេះ គឺជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ក្នុងការសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ នៅតំបន់ជើងឯក ក្នុងខណ្ឌដង្កោរ រាជធានីភ្នំពេញ ដែលត្រូវការដីទំហំ ៣ម៉ឺន ៥ ពាន់ម៉ែត្រការ៉េ ដោយមានសមត្ថភាពក្នុងការចម្រោះទឹកកខ្វក់ទៅជាទឹកស្អាត ដោយ ១ ថ្ងៃ អាចបំលែងបានប្រមាណ ៥ ពាន់ម៉ែត្រគូប។

សូមបញ្ជាក់ថា គម្រោងសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់នេះ អង្គការ JICA នឹងបញ្ជូនអ្នកជំនាញមកធ្វើការសិក្សាលើគម្រោងនេះ ដោយប្រើប្រាស់ពេលវេលាសិក្សាពីភូមិសាស្រ្ត ពេលវេលា ថវិការ រយៈពេល ៤ ឆ្នាំ៕

 

Share

Image
Image
Image