អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនបាននិយាយនៅថ្ងៃអង្គារថា វាលឿនពេកក្នុងការធ្វើអត្ថាធិប្បាយអំពីការរំពឹងទុករបស់កូរ៉េខាងត្បូងក្នុងការចូលរួមជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិកធីភីភី ដែលមានសមាជិកចំនួន១១ប្រទេស។
អ្នកនាំពាក្យដដែលឱ្យដឹងថា គេអាចនិយាយពីរឿងនេះបាន លុះត្រាតែវាច្បាស់ថា តើប្រទេសកូរ៉េខាងត្បូងអាចបំពេញបានយ៉ាងត្រឹមត្រូវតាមលក្ខខណ្ឌកម្រិតខ្ពស់នៃតំបន់ពាណិជ្ជកម្មសេរីនេះដែរឬយ៉ាងណា។
មុននេះមួយថ្ងៃ ប្រទេសកូរ៉េខាងត្បូងបានបង្ហាញឆន្ទៈចូលរួមក្នុងកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក។
ប្រទេសអង់គ្លេស ប្រទេសចិន និងកោះតៃវ៉ាន់ បានដាក់ពាក្យសុំចូលជាសមាជិកនៃតំបន់ពាណិជ្ជកម្មសេរីនេះរួចហើយ។
សហរដ្ឋអាមេរិកលែងជាសមាជិកនៃកិច្ចព្រមព្រៀងនេះទៀតហើយ បន្ទាប់ពីការដកខ្លួនភ្លាមៗពីការចរចាក្នុងឆ្នាំ២០១៧។
តំបន់ពាណិជ្ជកម្មសេរីដែលត្រូវបានគេស្គាល់តាមផ្លូវការថាជា«កិច្ចព្រមព្រៀងពេញលេញនិងជឿនលឿនដើម្បីភាពជាដៃគូអន្តរប៉ាស៊ីហ្វិក» បានចូលជាធរមាននៅក្នុងឆ្នាំ២០១៨។
កិច្ចព្រមព្រៀងនេះកាត់បន្ថយពន្ធគយ ហើយកំណត់វិធានប្រកបដោយបទដ្ឋានខ្ពស់ទាក់ទងនឹងពាណិជ្ជកម្មតាមអ៊ិនធើណិត កិច្ចការពារកម្មសិទ្ធិបញ្ញា និងសហគ្រាសរដ្ឋ។
រដ្ឋមន្ត្រីហិរញ្ញវត្ថុកូរ៉េខាងត្បូង លោក ហុង ណាំ គី បាននិយាយកាលពីថ្ងៃចន្ទថា ទីក្រុងសេអ៊ូលនឹងចាប់ផ្តើមដំណើរការសុំចូលរួមជាមួយតំបន់ពាណិជ្ជកម្មសេរីធីភីភី។
ការយល់ព្រមជាឯកច្ឆន្ទនៃសមាជិកបច្ចុប្បន្នទាំង១១ប្រទេស ជាការចាំបាច់ ដើម្បីឱ្យប្រទេសណាមួយអាចចូលក្នុងតំបន់នេះ។
ទំនាក់ទំនងរវាងជប៉ុននិងកូរ៉េខាងត្បូង នៅតែមិនមានភាពកក់ក្ដៅ ដោយសារតែបញ្ហានានាដែលកើតចេញពីប្រវត្តិសាស្ត្រក្នុងសម័យសង្គ្រាម។ ការទាក់ទងគ្នាមិនសូវរលូននេះពាក់ព័ន្ធនឹងជម្លោះជុំវិញសំណងជំងឺចិត្តចំពោះពលកម្មក្នុងសម័យសង្គ្រាម។
ជប៉ុនបានទទួលស្វាគមន៍ចំពោះការសុំចូលជាសមាជិកក្នុងកិច្ចព្រមព្រៀងធីភីភី ពីសំណាក់ប្រទេសអង់គ្លេស និងកោះតៃវ៉ាន់ ប៉ុន្តែបានប្រកាន់ជំហរប្រយ័ត្នប្រយែងចំពោះប្រទេសចិន៕
—
យោង៖ https://english.kyodonews.net/news/2021/12/76c0945a7337-japan-to-see-if-s-korea-can-meet-high-standards-of-tpp-spokesman.html