en     km
en     km

ជប៉ុនជំនួយរថយន្តដឹកសំរាម ១០ គ្រឿងបន្ថែមទៀតគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា

Share

ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់«ភាពស្អាត» របស់ប្រទេសកម្ពុជា។ នេះបើតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបង្ហោះនៅថ្ងៃទី ២៣ ខែធ្នូ នេះ បន្ទាប់ពីរដ្ឋមន្រ្តីក្រសួងបរិស្ថាន និងឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងផ្តល់ជំនួយឥតសំណងរវាងក្រសួងបរិស្ថាន និងស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា»។

ចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងផ្តល់ជំនួយឥតសំណងរវាងក្រសួងបរិស្ថាន និងស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា»។រូបភាពក្រសួងបរិស្ថាន។

បើតាមក្រសួងបរិស្ថានដដែល ជំនួយឥតសំណងនេះជាគម្រោងប្រើប្រាស់ ឡើងវិញនូវរថយន្តដឹកសំរាមជប៉ុននៅ ក្រុង ស្រុកចំនួន ១០ ក្នុងខេត្តចំនួន ៧ នៅក្នុងប្រទេសកម្ពុជា។

នាឱកាសនោះលោក អ៊ូអិណុ អាត់ស៊ូស៊ី ថ្លែងកត់សម្គាល់ឃើញថា នាពេលថ្មីៗនេះប្រទេសកម្ពុជា បាននិងកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស។ចំណែកជំនួយនេះ លោកឯកអគ្គរាជទូតវិសាមញ្ញថាជាគម្រោងរបស់ប្រទេសជប៉ុនផ្តល់រថយន្តដឹកសំរាមពីទីក្រុងអូសាកា ដែលអាចចល័តលើផ្លូវតូចៗ និងដឹកសំរាមបានច្រើន ដើម្បីជួយផ្តល់នូវបរិស្ថានស្អាតសម្រាប់ប្រជាជនកម្ពុជាបន្ថែមទៀត។

ចំណែកលោកបណ្ឌិត អ៊ាង សុផល្លែត ថ្លែងវិញថា ការចុះកិច្ចព្រមព្រៀង រវាងក្រសួងបរិស្ថាន និងស្ថានទូតជប៉ុនប្រចាំកម្ពុជាពេលនេះ គឺជាការបោះជំហានថ្មីមួយទៀត ក្នុងការចូលរួមចំណែកលើកិច្ចគាំពារបរិស្ថាន ទាំងការគិតគូរលើការរៀបចំ គោលនយោបាយឱ្យបានគ្រប់ជ្រុងជ្រោយលើការគ្រប់គ្រង សំរាម សំណល់រឹងទីប្រជុំជនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

លោករដ្ឋមន្រ្តី រំលឹកថាកន្លងមកជប៉ុន ធ្លាប់ផ្តល់រថយន្តដឹកសំរាមចំនួន ២០គ្រឿងរួមមកហើយ ដោយឡែកសម្រាប់ឆ្នាំ២០២៤នេះ ជប៉ុនផ្តល់នូវរថយន្តចំនួន ១០បន្ថែមទៀត ដើម្បីសម្របសម្រួល និងបន្តប្រគល់ជូនដល់រដ្ឋបាលក្រុង ស្រុក ចំនួន ៧ លើការពង្រឹងសេវាប្រមូល និងដឹកជញ្ជូនសំរាម ទៅចាក់ចូលនៅទីលានឱ្យស្អាត និងទាន់ពេលវេលា។

សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានកំពុងនឹងរៀបចំផែនការសកម្មភាព«ការសម្អាតដងផ្លូវជាតិលេខ៣ លេខ៤ លេខ៤១ និងលេខ៥១» នៅក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តកោះកុង និងខេត្តព្រះសីហនុ។ ផែនការសកម្មភាពនេះ បាននិងកំពុងរៀបចំសំអាតអនាម័យបរិស្ថាន រើសសំរាម ប្រមូលទុកដាក់ គឺដើម្បីឱ្យបណ្តាក្រុង ស្រុក ខណ្ឌនានា នៅតាមដងផ្លូវជាតិគោលដៅ មានភាពស្អាត មិនមានសំរាម និងសំណល់ប្លាស្ទិករាយប៉ាយនៅក្នុងឆ្នាំ២០២៥៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង