មហាសេដ្ឋីចិន Jack Ma បានផ្ដល់ចម្លើយយ៉ាងភ្ញាក់ផ្អើលកាលពីពេលថ្មី ដោយឆ្លើយនឹងសំនួរដែលគេសួរថា តើអ្វីដែលជាកំហុសដ៏ធំជាងគេក្នុងជីវិតរបស់លោក? Jack បានឆ្លើយមិនលាក់លៀមថាគឺការបង្កើតក្រុមហ៊ុនលក់ទំនិញ Alibaba។
អំឡុងពេលវគ្គសួរសំនួរ Q&A កាលពីថ្ងៃទី ២១ ខែ មិថុនាក្នុងកម្មវិធីពាណិជ្ជកម្មអន្តរជាតិ St. Petersburg International Economic Forum លើកទី២០ Jack Ma បាននិយាយថា ភាពជោគជ័យនៃ Alibaba បានធ្វើឲ្យលោកមានបញ្ហាមិនចេះចប់មិនចេះហើយ និងមានពេលតិចតួចសម្រាប់ខ្លួនឯង។
“កំហុសដ៏ធំរបស់គឺខ្ញុំបង្កើតក្រុមហ៊ុនលក់ទំនិញ Alibaba។ ខ្ញុំមិនដែលគិតថា វាអាចផ្លាស់ប្ដូរជីវិតខ្ញុំបែបនេះទេ។ ខ្ញុំគ្រាន់តែធ្លាប់ប្រឹងព្យាយាមធ្វើការរកស៊ីពីតូចឲ្យទៅជា ធំ តែវាបែរជាត្រូវមានទំនួលខុសត្រូវខ្ពស់ និងជួបបញ្ហាជាច្រើនទៅវិញ។ រាល់ថ្ងៃខ្ញុំហាក់រវល់ដូចប្រធានាធិបតីមួយរូប ហើយខ្ញុំគ្មានកម្លាំងទេ និងដូចជាគ្មានជីវិតអីចឹង”។ សម្ដី Jack Ma។
មហាសេដ្ឋីវ័យ៥១ឆ្នាំបានបន្ថែមថា៖”ខ្ញុំធ្លាប់និយាយប្រាប់ខ្លួន ឯងថា ប្រសិនមានជាតិក្រោយ ខ្ញុំនឹងមិនធ្វើការរកស៊ីធំបែបនេះទេ។ ខ្ញុំចង់រីករាយជាមួយជីវិតរបស់ខ្ញុំ។ ការនិយាយបែបនេះ អ្នកលេងអ៊ីនធឺណិតមួយចំនួនបានបោះពាក្យទៅ Jack Maថា ពូកែសម្ដែង ព្រោះពួកគេគិតថា បើ Jack Ma ហត់នឿយ ហើយចង់រីករាយ គាត់អាចធ្វើឲ្យ Alibaba រលំបានគ្រប់ពេលវេលា៕
ប្រភព៖ news.sabay.com.kh