en     km
en     km

តើស្នាមញញឹមនៃ ប្រវត្តិសាស្ត្រ កូរ៉េចាប់មានវិញនៅថ្ងៃនេះមែនឬ  តាមរយៈជំនួប កំពូលនៃមេដឹកនាំបងប្អូននឹងគ្នា

Share

ជំនួបនេះ ធ្វើឡើងក្នុងអាគារមួយ នៃព្រំដែនកូរ៉េខាងត្បូងជាប់នឹងព្រំដែនកូរ៉េខាងជើង។ លោក គីម ជុងអ៊ុន និង មេដឹកនាំកូរ៉េខាងត្បូងម៉ូន ចែអ៊ីន បានបង្ហាញភាពស្និទ្ធស្នាលនឹងគ្នាភ្លាម ៗ ក្នុងព្រឹត្តិការណ៍ ជាប្រវត្តិសាស្រ្តនេះ។

លោក ម៉ូន ចែអ៊ីន បានអមដំណើរលោក គីម ជុងអុនឆ្លងកាត់ក្បួនវប្បធម៌នៃប្រទេសទាំង ២ រហូតដល់មានការចាប់ដៃរលាក់ជាមួយនឹងមន្រ្តីជាន់ខ្ពស់នៃប្រទេសទាំង ២ ដែល ឈររង់ចាំ មេដឹកនាំពួកគេ ចូលក្នុងអាគារនៃកិច្ចប្រជុំ នៃព្រំដែនកូរ៉េខាងត្បូង។

ជំនួបនេះ គឺជាការកសាងសន្តិភាពលើឧបទ្វីបកូរ៉េដោយគ្មានអាវុធនុយក្លេអ៊ែរ។ បងប្អូនទាំង ២ នេះបានបែងចែកទឹកដីរួមជាមួយគ្នា ដោយសារសង្គ្រាមស៊ីវិល ឆ្នាំ ១៩៥០-១៩៥៣ ក្រោមសន្ធិសញ្ញាអង្គការសហប្រជាជាតិ។ស្នាមញញឹមដាក់គ្នា រវាងមេដឹកនាំទាំងពីរ នាំអោយមានការផ្ទៀងផ្ទាត់ឡើងវិញទំព័រប្រវត្តិសាស្ត្រដែលបន្សល់ទុកនូវការឈឺចាប់ខ្លោចផ្សា៦៥ឆ្នាំមកហើយ។ 

ស្តាប់ លោកសេរីវឌ្ឍនៈ ជូនសេចក្ដីពិស្ដារ!៖

បើគិតតាំងពីឆ្នាំ១៩៥៣មក ដល់ពេល នេះ គឺរយៈពេល៦៥ឆ្នាំហើយ ដែលមេដឹកនាំប្រទេស បងប្អូននឹងគ្នានេះ បានជួបទល់មុខគ្នា ធ្វើឡើងនៅតំបន់គ្មានកងទ័ពតាមព្រំដែនរួម គេហៅ ភូមិ ប៉ាន ម៊ូនយ៉ុម។

ការជួបគ្នាដ៏កម្រនេះ ប្រៀបបាននឹងការទាញទំព័រប្រវត្តិសាស្ត្រមកបើកមើលម្ដងមួយៗ ហើយ គិតសញ្ជឹងថា ហេតុអ្វីបាន បងប្អូននឹងគ្នា ក្លាយជាសត្រូវនឹងគ្នាកើតមកដល់ពេលនេះ គឺគ្មានអ្វីក្រៅពីមនោគមន៍វិជ្ជាក្រហមនឹងខៀវដែលមិនអាចចូលគ្នានេះបាន។ សង្រ្គាមស៊ីវិលដែលនាំអោយ ប្រទេស កូរ៉េពុះជ្រៀកជាពីរនេះ គឺដោយសារ ពលរដ្ឋកូរ៉េខាងជើង ពុលនឹងមនោគមន៍វិជ្ជា កុម្មុយនិស្ត ហើយផ្ដើមអោយមាន បដិវត្តន៍ ប្រជាជនមួយផ្ទុះឡើង ចំពេលពិភពលោក មានសង្រ្គាម ត្រជាក់ដែល អាមេរិកជាមេបក្សសម្ព័ន្ធ សេរី ចិននិងអតីតសហភាពសូវៀត ជាមេកុម្មុយនិស្ត បានទាញ ពលរដ្ឋកូរ៉េខាងជើង ពុលនឹងទឹស្ត្រី កសិករ សមូហភាពនិយម។ ចលនា បដិវត្តន៍នេះ បង្កើតឡើងនៅឆ្នាំ១៩៤៨ ដោយជីតារបស់លោកគីមជុងអ៊ុន គឺលោកគីមអ៊ីលស៊ុង ។

ដោយសារតែចង់ធ្វើអោយកូរ៉េ ក្លាយជាប្រទេសកុម្មុយនិស្ត ជនបដិវត្តន៍នេះ បានដឹកនាំទ័ពព្រៃវាយលុកកូរ៉េខាងត្បូង ដែលមានទ័ពចិនជាជំនួយគឺនៅឆ្នាំ១៩៥០។ ដោយបារម្ភពីការបាត់បង់អធិបតេយ្យភាពទាំងស្រុងទៅលើកូរ៉េខាងជើង ឬមិនចង់ចាញ់សង្រ្គាមនឹងពួក កុម្មុយនិស្ត ក្រុងសេអ៊ូល ឬកូរ៉េខាងត្បូងបានរត់ពឹងអាមេរិក ដែលពេលនោះ ហើយធ្វើអោយឧបទ្វីបកូរ៉េធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្រ្គាមស៊ីវិលយ៉ាងសន្ធោសន្ធៅដោយបណ្ដាលអោយ ពលរដ្ឋប្រទេសនេះ ស្លាប់ជិតមួយលាននាក់់ ហើយកងទ័ពស្លាប់ទាំងសងខាងស្លាប់ប្រហែលជិត៤០ម៉ឺននាក់។ ក្នុងនោះកងទ័ពចិនស្លាប់ជិត២០ម៉ឺននាក់នាក់ ។ ចំណែកកងទ័ពអាមេរិកវិញស្លាប់ ៣ម៉ឺន៧ពាន់នាក។

ដោយមើលទៅមិនឈ្នះមិនចាញ់ ប្រទេសទាំងពីររត់ទៅរកការបញ្ចប់សង្រ្គាម ហើយ ទីបំផុត ប្រទេសកូរ៉េ បងប្អូននឹងគ្នានេះ បានពុះចែកជាពីរ នៃរដ្ឋអធិបតេយ្យរៀងៗខ្លួន តាមរយៈសន្ធិសញ្ញា អង្គការសហប្រជាជាតិ។ សង្គា្រមកូរ៉េឆ្នាំ១៩៥០-១៩៥៣ បាននាំអោយ បងបាត់ប្អូន កូនព្រាត់ម្ដាយ ជីដូនបាត់ចៅ វិនាស ខ្លោចផ្សាជាខ្លាំង។ បញ្ចប់សង្រ្គាមភ្លាមពលរដ្ឋប្រទេសទាំងពីរក្លាយជាសត្រូវប្រវត្តិសាស្ត្រនឹងគ្នា រហូតមកដល់បច្ចប្បន្ន។  

ចំណែក ជំនួប កំពូល រវាង មេដឹកនាំ សត្រូវនឹងគ្នា នេះ គឺជាការផ្ទៀងផ្ទាត់ទំព័រប្រវត្តិសាស្ត្រនៃសង្រ្គាមស៊ីវិល ដែលនាំអោយ ពលរដ្ឋកូរ៉េ ដាក់ក្ដីសង្ឃឹមដោយ មិនច្បាស់លាស់ថាតើ ស្នាមញញឹមនៃមេដឹកនាំទាំងពីរអាចមានជារឿងរហូតដែរឬទេ។ ក្ដីសង្ឃឹមដែលមានសុទិដ្ឋិនិយម តិចៗនេះ ត្រូវពឹងអាស្រ័យម្ដងទៀត នៅពេល លោកគីមជុងអ៊ុន ត្រូវជួបប្រធានា ធិបតីអាមេរិក ដូណាល់ត្រាំ នៅចុងខែឧសភា ឬដើមខែមិថុនាថាតើ អាចនាំមកនូវការផ្សះផ្សាដំបៅប្រវត្តិសាស្ត្របានដែរឬទេ ខណៈ អាមេរិក គាប់សង្កត់របបក្រុងព្យុងយ៉ាងអោយ បង់បោះចោលកម្មវិធីអាវុធនុយក្លេអ៊ែរ ដែល លោកគីមជុង ចាត់ទុកជាឧបករណ៍នយោបាយមួយ ទប់ទល់សង្រ្គាមឈ្លានពានរបស់អាមេរិកមកលើ ប្រទេសរបស់លោក។ បើការចរចាគីម ជុងអ៊ុន និងលោកដូណាល់ត្រាំ នាំអោយមានកិច្ចព្រមព្រៀងជាផ្លូវការ គឺសន្តិភាព លើឧបទ្វីបកូរ៉េអាចនឹងកើតមាន ហើយប្រទេសបងប្អូននឹងគ្នានេះ នឹងបន្តបង្ហាញស្នាមញញឹម ដាក់គ្នាទៀត ជាហេតុនាំអោយ បិទសំណុំរឿងសត្រូវនឹងគ្នា បានជាបណ្ដើរៗ៕    

 

 

 

 

Share

Image
Image
Image