ភ្នំពេញ៖ បុរសជនជាតិវៀតណាមម្នាក់ ដែលទទួលបានសញ្ជាតិខ្មែរកាលពីឆ្នាំ២០២៣ ត្រូវបានអ្នកនយោបាយបក្សប្រឆាំង និងអ្នកលេងបណ្ដាញសង្គម យកមកចែកចាយតគ្នា និងវែកញែកលើបណ្តាញសង្គមថា ជាមនុស្សតែមួយនឹងមន្ត្រីនគរបាលជាតិកម្ពុជាឈ្មោះ ប៊ុន ភក្ដី។ ប៉ុន្តែដំណឹងនេះត្រូវក្រសួងមហាផ្ទៃបដិសេធចោល ដោយអះអាងថាជាព័ត៌មានមិនពិត ព្រោះបុរសជនជាតិវៀតណាមដែលទទួលសញ្ជាតិខ្មែរជាមនុស្សពីរនាក់ផ្សេងគ្នា គ្រាន់តែឈ្មោះដូចនឹងមន្ត្រីនគរបាលតែប៉ុណ្ណោះ។ កញ្ញា ជា សុខនី រាយការណ៍
ថ្មីៗនេះអ្នកលេងបណ្ដាញសង្គម និងអ្នកនយោបាយបក្សប្រឆាំងបានចែករំលែកលើបណ្តាញសង្គមដោយដាក់ការសង្ស័យលើបុរសជនជាតិវៀតណាមម្នាក់មានឈ្មោះដើម ង្វៀន ហ៊ឺវ ធ្វឺន (Nguyen Huu Thuan) អាយុ ៣២ឆ្នាំ និងក្រោយមកបានប្ដូរឈ្មោះថា ប៊ុន ភក្ដី ក្រោយរូបគេត្រូវបានអង្គព្រះមហាក្សត្រខ្មែរផ្ដល់សញ្ជាតិខ្មែរកាលពីឆ្នាំ២០២៣ ថាជាមនុស្សតែមួយជាមួយមន្រ្តីនគរបាលកម្ពុជា។ ជនជាតិវៀតណាមដែលប្ដូរឈ្មោះមក ប៊ុន ភក្ដី ម្នាក់នេះ មានឈ្មោះដូចគ្នានឹងលោក ប៊ុន ភក្ដី ដែលសព្វថ្ងៃមានតួនាទីជានាយកវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈនគរបាលនៃបណ្ឌិត្យសភានគរបាលកម្ពុជា។
បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានទាំងនោះ លោក ប៊ុន ភក្ដី នាយកវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈនគរបាល នៃបណ្ឌិត្យសភានគរបាលកម្ពុជា សរសេរផ្សព្វផ្សាយលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី៦ ខែមករានេះថា លោក និងបុរសជនជាតិវៀតណាម ដែលទទួលបានសញ្ជាតិខ្មែរជាមនុស្សពីរនាក់ផ្សេងគ្នា។ ការអះអាងបែបនេះ ដោយលោកបានបង្ហាញឯកសារប្រវត្តិរូបខ្លះៗរបស់លោកដែលមានឳពុក-ម្ដាយ និងសាច់ញាតិជាខ្មែរ មានស្រុកកំណើតនៅខេត្តតាកែវ។ បន្ថែមលើការអះអាងរបស់លោក ប៊ុន ភក្ដី នាយកវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈនគរបាល វិទ្យុស្ដ្រីបានទាក់ទងលោក ប៊ុន ភក្ដី សុំភស្ដុតាងបំភ្លឺបន្ថែមរឿងនេះ តែលោកបញ្ជាក់យ៉ាងខ្លីដោយភ្ជាប់សំបុត្រកំណើតបង្ហាញថាលោកបានកើតនៅខេត្តតាកែវនឹងជាជនជាតិខ្មែរពីកំណើត។
បន្ថែមពីនេះលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបញ្ជាក់ដែរថា បុគ្គលឈ្មោះ ប៊ុន ភក្ដី ដែលគ្រងឯកសណ្ឋាននគរបាលពាក់ផ្កាយ ២នេះ គឺជាជនជាតិខ្មែរ មានសញ្ជាតិខ្មែរតាំងពីដើមកំណើតមក។ មួយវិញទៀតលោក ភក្ដី ដែលជាមន្ត្រីនគរបាលខាងលើ មិនពាក់ព័ន្ធជាមួយបុគ្គលឈ្មោះ ង្វៀន ហ៊ឺវ ធ្វឺន ជាជនជាតិវៀតណាម ដែលទទួលបានសញ្ជាតិខ្មែរនោះទេ ព្រោះពួកគេទាំងពីរជាមនុស្សផ្សេងគ្នា ថ្វីត្បិតមានឈ្មោះដូចគ្នាក្តី។
មូលហេតុដែលលោក ទូច សុឃៈ អះអាងថា បុគ្គលទាំងពីរនាក់មិនមែនជាមនុស្សតែមួយ ព្រោះលោក ភក្ដី ជាមន្ត្រីនគរបាល មានឳពុក-ម្ដាយ និងមានប្រវត្តិសិក្សាតាំងពីបឋមរហូតដល់ថ្នាក់បណ្ឌិតនៅក្នុងប្រទេសកម្ពុជាតាំងពីដើម។ ចំណែកជនជាតិវៀតណាមដែលផ្ដល់សញ្ជាតិខ្មែរនោះ គ្រាន់តែមានឈ្មោះដូចគ្នានិងលោក ភក្ដី ប៉ុន្តែមិនមានឳពុកម្ដាយជាខ្មែរឡើយ។
លោក ទូច សុឃៈ៖ «គាត់មិនមែនជាជនជាតិវៀតណាមនោះទេ គឺជនជាតិខ្មែរពីដើមកំណើត ម៉ែឳគាត់គឺជាខ្មែរ បងប្អូន សាច់ញាតិគាត់គឺជាខ្មែរពីកំណើតទាំងអស់។ អ្វីទៅជាការយកទៅបង្ហោះនោះ គឺជាការលាបពណ៌ដែលធ្វើឱ្យមហាជនយើងមានភាន់ច្រឡំ ហើយក៏ជាប្រធាបបទរបស់អ្នកនយោបាយដែរ ដោយសារបញ្ហាជនបរទេស ជាពិសេសជនជាតិវៀតណាម គឺជាប្រធានបទរស៊ើប និងក្ដៅ ដែលឆាប់ធ្វើឱ្យមហាជនមានការភ្ញោចអារម្មណ៍ អ៊ីចឹងហើយបានជាគេយកប្រធានបទហ្នឹងយកមកផ្សព្វផ្សាយ បំផុសបំផុលនាំឱ្យមានការភាន់ច្រឡំ»។
បើតាមអ្នកនាំពាក្យរូបនេះ មិនបានឆ្លើយតបនឹងសំណួរដែលថាបុរសជនជាតិវៀតណាម ទទួលបានសញ្ជាតិខ្មែរ បច្ចុប្បន្ននេះ មានអាជីវកម្ម ឬប្រកបតួនាទីអ្វីឡើយ តែលោកបែរជាឆ្លើយថា រាល់ការផ្ដល់សញ្ជាតិឱ្យជនជាតិវៀតណាម កម្ពុជាអនុវត្តឡើងមិនខុសគ្នានឹងប្រទេសផ្សេងៗទេ។ ដោយអនុវត្តឡើងតាមគោលការណ៍ដូចៗគ្នា ហើយកម្ពុជាខ្លួនឯង ក៏មានច្បាប់ស្ដីពីសញ្ជាតិត្រឹមត្រូវ ដែលការផ្ដល់សញ្ជាតិនីមួយៗ គឺធ្វើទៅតាមច្បាប់ និងនីតិវិធីដែលមានចែង។
លោក ប៊ុន ភក្ដី នាយកវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈនគរបាល។ រូបភាពពីហ្វេសប៊ុកលោក។
លោក ទូច សុឃៈ៖ «រាល់ការដែលមន្ត្រីជំនាញគាត់ធ្វើខុសពីនីតិវិធី គឺទីមួយយើងរកឃើញ យើងនឹងនិរាករណ៍ការផ្ដល់សញ្ជាតិនោះក្រវែលចោលវិញ។ ទីពីរមន្ត្រីដែលយើងរកឃើញថា មានការស៊ុមគ្រលុំធ្វើខុសពីច្បាប់ពីទម្លាប់ យើងផ្តន្ទាទោសទៅតាមបទល្មើសដែលមាននៅក្នុងច្បាប់ព្រហ្មទណ្ឌ។ ជារួមការផ្ដល់សញ្ជាតិទៅដល់ជនបរទេស គឺយើងរឹតបន្ដឹង មិនមែនចេះតែផ្ដល់ឱ្យទេ»។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃកត់សម្គាល់បន្ថែមថា ការផ្សព្វផ្សាយបែបនេះ គឺទាំងអ្នកនយោបាយ និងអ្នកលេងបណ្ដាញសង្គម កំពុងពេញនិយមយកប្រើប្រាស់ ដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន និងផលប្រយោជន៍នយោបាយតែប៉ណ្ណោះ ដោយមិនបានគិតគូរពីហានិភ័យសង្គមជាតិនោះទេ។ តាមរយៈករណីនេះ លោក ទូច សុឃៈ សូមស្នើឱ្យសាធារណជនបញ្ឈប់រាល់ការផ្សព្វផ្សាយករណីនេះ ពីព្រោះមិនមែនជាករណីពិតឡើយ៕