en     km
en     km

មន្ត្រីរដ្ឋសភាថាកម្ពុជានៅមិនទាន់ធ្វើសេចក្ដីសម្រេចជាថ្មីករណីIPU ទទួលស្គាល់CNRP 

Share

ភ្នំពេញ៖ មន្ត្រីរដ្ឋសភាកម្ពុជា​ ថាកម្ពុជាមិនទាន់មានការតវ៉ាជាមួយសហភាពអន្តរសភានៅឡើយទេក្រៅពីចេញសេចក្ដីថ្លែងការណ៍សំដែងការខកចិត្តកាលពីថ្ងៃទី ១៩ តុលា ហើយរដ្ឋសភាកំពុងតែពិចារណាលើកិច្ចការនេះ ស្របពេលដែលមន្ត្រីរដ្ឋាភិបាលម្នាក់ថាកម្ពុជាអាចនឹងចេញពីសមាជិកនៃសហភាពអន្តរសភា។ ទាក់ទិននឹងករណីនេះ អ្នកវិភាគនយោបាយ និងកិច្ចការសង្គមកម្ពុជាថា កម្ពុជាគួរតែទន់ភ្លន់បន្តិចចំពោះសភាអន្តរជាតិមួយនេះបើពុំនោះទេ នឹងកាន់តែបាត់បង់តម្លៃការទូតលើឆាកអន្តរជាតិ ។

លោកសោមលាភ រាយការណ៍លំអិត ៖

បន្ទាប់ពីគណៈកម្មាធិការសិទ្ធិមនុស្សរបស់សហភាពអន្តរសភា IPU កាលពីថ្ងៃទី១៨ ខែតុលាបានអនុម័តសេចក្តីសម្រេចរបស់ខ្លួនអំពីស្ថានភាពនយោបាយនៅប្រទេសកម្ពុជាដោយប្រកាសទទួលស្គាល់ភាពស្របច្បាប់ របស់CNRP ។ ករណីនេះ អ្នកនាំពាក្យរដ្ឋសភាបានឱ្យដឹងថា រដ្ឋសភាកម្ពុជានៅមិនទាន់ធ្វើសេចក្ដីសម្រេចជាថ្មីករណីIPU ទទួលស្គាល់CNRPនៅឡើយទេ។   

ក្នុងសេចក្ដីថ្លែងការណ៍រួមរបស់សហភាពអន្តរសភា IPU  គឺទាមទារឱ្យកម្ពុជាមានការចរចាផ្នែកនយោបាយឡើងវិញឱ្យខានតែបាន។

ជាក់ស្ដែង សហភាពអន្តរសភា តម្រូវឱ្យកម្ពុជាដោះស្រាយចំពោះជាដាច់ខាតចំពោះការចែកអាសនៈសភារបស់អតីតគណបក្សសង្គ្រោះជាតិ ដោយបែកចែកអាសនៈនេះទៅគណបក្សដែលមិនមានការគាំទ្រពីពលរដ្ឋ។ ជាងនេះ បញ្ហាបំបិទសិទ្ធិនយោបាយរបស់មន្ត្រីគណបក្សប្រឆាំងចំនួន ១១៨រូប ក៏កម្ពុជាត្រូវតែដោះស្រាយបញ្ហាដែរ។

សភាអន្តរជាតិមួយនេះ ក៏បានទាមទារឲ្យអាជ្ញាធរកម្ពុជាដោះលែង លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិឲ្យមានសេរីភាពពេញលេញវិញទៀតផង។

ពាក់ព័ន្ធការសម្រេចរបស់សហភាពអន្តរសភា IPU បែបនេះ ប្រតិភូរដ្ឋសភាកម្ពុជាដែលដឹកនាំដោយ អនុប្រធានរដ្ឋសភាទី២ បានចាត់ទុកសេចក្តីសម្រេចនេះថា មានភាពលំអៀងទៅរកអតីតតំណាងរាស្ត្រគណបក្សប្រឆាំង ដែលត្រូវបានតុលាការកាត់ទោស ដោយសារតែទង្វើក្បត់ជាតិ។

ក្រៅពីសេចក្ដីសម្រេចនេះ រដ្ឋសភាកម្ពុជាពុំទាន់មានវិធានការណាមួយផ្សេងទៀតក្នុងការទាមទារ ក៏ដូចជាតវ៉ា ទៅសហភាពអន្តរសភានេះនៅឡើយនោះទេ។

លោក ឡេង ប៉េងឡុង បានបញ្ជាក់ប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី ២២ តុលាថា ករណីនេះ ត្រូវរង់ចាំ គណៈប្រតិភូសភាកម្ពុជា ត្រឡប់មកវិញ។

យ៉ាងណាមិញ កាលពីថ្មីៗនេះលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាថា កម្ពុជាអាចនឹងដកខ្លួនចេញពីសមាជិករបស់សហភាពអន្តរសភានេះ។

ឆ្លៀតពេលដែលសភាមិនទាន់មានការតវ៉ាជាផ្លូវការណាមួយចំពោះសហភាពអន្តរសភានោះទេ អ្នកវិភាគថាកម្ពុជាគួរតែធ្វើតាមសេចក្ដីត្រូវការរបស់សភានេះ ឬកម្ពុជាមិនគួរបង្ហាញជំហរចាកចេញ ឬចេញសេចក្ដីថ្កោលទោសសភានេះឡើយ។

អ្នកវិភាគបញ្ហាសង្គម និងនយោបាយវ័យក្មេង កញ្ញាលី ស្រស្រស់ បានប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី២២ តុលានេះថា កម្ពុជានឹងបាត់ប្រយោជន៍ធំ និងមិនទទួលបានប្រយោជន៍អ្វីសោះបើកម្ពុជាដើរចេញពីសភាអន្តរជាតិនេះ។

កញ្ញាថា បើទោះបីជាសហភាពអន្តរសភា មិនមែនពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ចក៏ពិតមែនតែពាក់ព័ន្ធនឹងវិស័យការទូតសម្រាប់មុខមាត់កម្ពុជាលើឆាកអន្តរជាតិ។

កញ្ញាបន្ថែមថា តម្លៃកាទូតកម្ពុជានឹងកាន់តែធ្លាក់ចុះកាន់តែខ្លាំងលើពិភពលោក ប្រសិនបើកម្ពុជាដើរចេញពីសភានេះ ឬថ្កោលចំពោះសេចក្ដីសម្រេសចិត្តរបស់សភានេះ។

កញ្ញាសង្កត់ធ្ងន់ថា កម្ពុជាមិនមានឥទ្ធិពលអ្វីលើសហភាពអន្តរសភានោះទេ ពោលគឺបើទោះបីកម្ពុជាចាកចេញ ក៏សភានេះនៅតែដំណើរការដដែល។

កញ្ជាបញ្ជា្រប់ថា មេដឹកនាំកម្ពុជាគួរដឹងពីទិដ្ឋភាពមួយនៃការដឹកនាំ ពោលគឺភាពជាទំនាក់ទំនង ព្រមទាំងសុខដុមរមនាជាមួយប្រទេសដទៃ។

គួររំលឹកថា សន្និបាតសហភាពអន្ដរសភា (IPU) លើកទី១៣៩ ធ្វើនៅទីក្រុងហ្ស៊ឺណែវ ប្រទេសស្វីស រយៈពេល៥ថ្ងៃ ហើយបិទបញ្ចប់កាលពីថ្ងៃទី ១៨ ខែតុលា។ ក្នុងសន្និបាតនេះ មាន តំណាងរដ្ឋសភា ជិត ២០០ប្រទេស នៅលើពិភពលោក ចូលរួមក្នុងកិច្ចប្រជុំនេះ។ ក្រោយពីកិច្ចប្រជុំបញ្ចប់ គណៈកម្មាធិការសិទ្ធិមនុស្សរបស់សហភាពអន្តរសភា IPU បានចេញសេចក្ដីសម្រេចមួយមាន១២ចំណុច ទាក់ទងនឹងវិបត្តិនយោបាយនៅកម្ពុជា ដែលតម្រូវឱ្យកម្ពុជាត្រូវតែដោះស្រាយបន្ទាន់ និងមិនបង្អង់ឡើយការធ្វើសង្រ្គោះជាតិរស់ឡើងវិញ៕

 

Share

Image
Image
Image