គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំនួន៦នៅកម្ពុជា ត្រូវបានគេស៊ើបអង្កេតរកឃើញថា បានធ្វើឱ្យពលរដ្ឋកម្ពុជាអ្នកខ្ចីប្រាក់ បន្តរងគ្រោះដោយសារកម្ចីបែបកេងប្រវ័ញ្ច។ អង្គការលីកាដូនិងអង្គការសមធម៌បានឱ្យដឹងថាការស៊ើបអង្កេតនោះ គ្របដណ្តប់លើធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំនួន ៦ ក្នុងនោះរួមមាន៖ ធនាគារអេស៊ីលីដា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ធនាគារហត្ថា ធនាគារអិលអូអិលស៊ី និងធនាគារស្ថាបនាជាដើម។ ក៏ប៉ុន្តែសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា អះអាងថាសមាគមមិនឃើញមានករណីដូចរបាយកាណ៍របស់អង្គការទាំងពីរខាងលើបានរកឃើញនោះឡើយឡើយ។លោក គីម ចាន់ចាវ រាយការណ៍
ការិយាល័យភាពអនុលោម ទីប្រឹក្សា ដោះស្រាយវិវាទ(ស៊ីអេអូ) នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានកំណត់ថា ការស៊ើបអង្កេតលើភាពអនុលោម ត្រូវបានអនុញ្ញាត ដើម្បីជាការឆ្លើយតបទៅនឹងពាក្យបណ្តឹង អំពី ការវិនិយោគរបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំនួន ៦ស្ថាប័ន នៅកម្ពុជា ក៏ដូចជា មូលនិធិនិងវិនិយោគិនចំនួន៤ ដែលបានរួមចំណែកធ្វើឱ្យការខូចខាតអន្តរាយដល់ប្រជាពលរដ្ឋកម្ពុជាអ្នកខ្ចីប្រាក់។
ការស៊ើបអង្កេត គ្របដណ្តប់លើធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំនួន ៦ ក្នុងប្រទេសកម្ពុជា (ធនាគារអេស៊ីលីដា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ធនាគារហត្ថា ធនាគារអិលអូអិលស៊ី និងធនាគារស្ថាបនា) និងវិនិយោគិន ឬមូលនិធិ ចំនួន ៤ (ឥណទានពង្រឹងមីក្រូហិរញ្ញវត្ថុ មូលនិធិគំនិតផ្តួចផ្តើមមីក្រូហិរញ្ញវត្ថុដើម្បីបំណុលអាស៊ី ក្រុមហ៊ុន Advans S.A និង ក្រុមហ៊ុន North Haven Thai Private Equity Fund L.P.)។ នេះបើតាមបាយការណ៍ដែលចេញផ្សាយដោយអង្គការលីកាដូ និងអង្គការសមធម៌កម្ពុជា នៅថ្ងៃទី០៣ កក្កដានេះ។
អ្នកនាង ណាលី ពីឡូក នាយិកាទទួលបន្ទុកកិច្ចការក្រៅតំបន់នៃអង្គការលីកាដូ បានមានប្រសាសន៍ថា “ការស៊ើបអង្កេត ជាជំហ៊ានដ៏សំខាន់ ឆ្ពោះទៅរកយុត្តិធម៌ និងដំណោះស្រាយសំណង សម្រាប់ពលរដ្ឋកម្ពុជាអ្នកខ្ចីប្រាក់ ដែលបន្តរងគ្រោះដោយសារតែកម្ចីបែបកេងប្រវ័ញ្ច” ។ “សំណើរបស់ផ្នែកគ្រប់គ្រងនៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ឱ្យមានការត្រួតពិនិត្យឡើងវិញដោយក្រុមប្រឹក្សាភិបាល បន្ទាប់ពីការិយាល័យភាពអនុលោម ទីប្រឹក្សា ដោះស្រាយវិវាទ បានសម្រេចបើកការស៊ើបអង្កេតដែលជាកិច្ចការដ៏ស័ក្តិសមដែលត្រូវធ្វើ ហើយនោះ វាគឺជារឿងដ៏គួរអាម៉ាស់ដើម្បីជៀសវាងពីការពិនិត្យមើល ។ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ត្រូវបង្ហាញថា ខ្លួនមានការប្តេជ្ញាចិត្តក្នុងការទទួលខុសត្រូវ តាមរយ:ការិយាល័យភាពអនុលោម ទីប្រឹក្សា ដោះស្រាយវិវាទ និងបញ្ឈប់ការប៉ុនប៉ងដែលធ្វើឱ្យខូចដំណើរការឯករាជ្យ” ។
អង្គការ សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ) និង អង្គការសមធម៌កម្ពុជា (EC) តាងនាមឱ្យពលរដ្ឋកម្ពុជាជាអ្នកខ្ចីឥណទានខ្នាតតូច បានដាក់ពាក្យបណ្តឹងស្តីពី “កម្ពុជា៖ អន្តរការីហិរញ្ញវត្ថុ-០៤” ទៅការិយាល័យភាពអនុលោម ទីប្រឹក្សា ដោះស្រាយវិវាទ នៅក្នុងខែកុម្ភ: ឆ្នាំ ២០២២ ។ ពាក្យបណ្តឹងបានចោទប្រកាន់ ក្នុងចំណោមបញ្ហានានា ដោយមាន ការបរាជ័យរបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ក្នុងដំណើរការត្រួតពិនិត្យដ៏ត្រឹមត្រូវនៅមុនពេលដំណើរការគម្រោង និងការរំលោភបំពានស្តង់ដារអនុវត្តរបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បណ្តាលមកពីការអនុវត្តកម្ចីគ្មានសីលធម៌ និងកម្ចីបែបកេងប្រវ័ញ្ច នៅកម្ពុជា ។
ទោះយ៉ាងណា លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនងនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានប្រាប់វិទ្យុស្ត្រីនៅថ្ងៃទី០៣ ខែកក្កដានេះថា កន្លងមកសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជារបស់លោក ក៏ធ្លាប់ចុះអង្កេតលើករណីនេះដែរ ប៉ុន្តែសមាគមលោកមិនឃើញមានករណីដូចរបាយកាណ៍ខាងលើឡើយ គ្រាន់តែកើតមានករណីខុសឆ្គងបន្តិចបន្តួចប៉ុណ្ណោះ។
«កន្លងមកយើងក៏ធ្លាប់បានអង្កេត ចុះទៅត្រួតពិនិត្យទៅលើករណីនេះដែរ គឺថា មិនមានការរំលោភបំពានជាប្រព័ន្ធនោះទេ។ អ្វីដែលយើងរកឃើញគឺមានករណីតិចតួចដែលបុគ្គលិក គាត់មិនបានប្រព្រឹត្តិឱ្យត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈ របស់គាត់ ហើយបុគ្គលិកទាំងអស់ហ្នឹងត្រូវបានគ្រឹះស្ថានធ្វើការពិន័យ តាមច្បាប់បញ្ញត្តិដែលគ្រឹះស្ថាននីមួយៗ បានចងបានចែងរៀងៗខ្លួនហ្នឹងទៅហើយ»។
លោក អៀង វុទ្ធី នាយកប្រតិបត្តិ នៃអង្គការសមធម៌កម្ពុជា បានមានប្រសាសន៍ថា “ពលរដ្ឋកម្ពុជាអ្នកខ្ចីប្រាក់ នៅបន្តរងគ្រោះពីផលប៉ះពាល់នៃវិស័យមីក្រូហិរញ្ញវត្ថុ និងកម្ចីឥណទានខ្នាតតូច ហើយយើងនឹងរង់ចាំធ្វើការជាមួយ ក្រុមការងារពីការិយាល័យភាពអនុលោម ទីប្រឹក្សា ដោះស្រាយវិវាទ ដើម្បីដោះស្រាយវិបត្តិដែលកំពុងតែកើតមានជាបន្តបន្ទាប់នេះ” ៕