ភ្នំពេញ៖ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានផ្ញើសារដាស់តឿនដល់មន្រ្តីក្រោមឱវាទទាំងអស់ ត្រូវដកខ្លួនថយចេញជាបន្ទាន់ករណីមានការពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។ សារដាស់តឿននេះ កើតមានឡើងនាឱកាសដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃចូលរួមកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ កាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។
សម្រាប់លោករដ្ឋមន្រ្តីមហាផ្ទៃ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់គឺត្រូវតែអនុវត្តតាមវិធានតឹងរឹង ពោលគឺត្រូវអនុវត្តតាមវិធានការវះកាត់សាច់ស្អុយចោលតែម្តង ដោយលែងប្រើវិធីទន់ភ្លន់ទុកឱកាសឱ្យឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល និងព្យាបាលទៀតហើយ។
លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ កាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។រូបភាពពីក្រសួងមហាផ្ទៃ។
ចំពោះមុខលោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន ដែលជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក ស សុខា មានប្រសាសន៍ត្រង់ៗថា បញ្ហាគ្រឿងញៀននៅកម្ពុជា បើមិនមានការពាក់ព័ន្ធនឹងមន្ត្រីជាអ្នកអនុវត្តច្បាប់មួយចំនួននោះទេ ប្រាកដណាស់ថា បញ្ហានេះគឺមិនធំដុំលំបាកដោះស្រាយដូចបច្ចុប្បន្ននេះឡើយ។
ភ្ជាប់ជាមួយការលើកឡើងនេះ លោក ស សុខា ក៏ព្រមានដល់មន្រ្តីមួយចំនួនត្រូវដកខ្លួនចេញជាបន្ទាន់ និងកុំពាក់ព័ន្ធរឿងគ្រឿងញៀន ហើយណែនាំដល់មន្ត្រីមានសមត្ថកិច្ច ខិតខំពន្លាតការស្រាវជ្រាវដោយផ្តោតទាំងមុខសញ្ញាប្រព្រឹត្ត និងមុខសញ្ញាពាក់ព័ន្ធដែលជាខ្នងបង្អែក។
ផ្អែកតាមរបាយការណ៍ដែលបានបង្ហាញពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា កាលពីឆ្នាំ២០២៤កន្លងទៅ សមត្ថកិច្ចបានបង្ក្រាបនិងរឹបអូសគ្រឿងញៀនសរុបជិត ១៥តោន ដែលកើនឡើងចំនួន៤ដង បើប្រៀបធៀបទៅនឹងឆ្នាំ២០២៣។ នេះបើយោងតាម លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។
ដោយឡែកលទ្ធផលនៃកិច្ចប្រតិបត្តិការបង្រ្កាបគ្រឿងញៀនបានបង្ហាញថា បទល្មើសគ្រឿងញៀនពុំមានការថមថយនោះទេ បើធៀបនឹងឆ្នាំ២០២៣។ ជាក់ស្តែងនៅឆ្នាំ២០២៤ សមត្ថកិច្ច បង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួនជាងមួយម៉ឺនករណី(១០ ៦៣០ករណី) កើនឡើងជិត ៣ពាន់ករណី(២ ៥៦៧ករណី) ស្មើនឹង ៣១,៨៤% បើប្រៀបធៀបនឹងឆ្នាំ២០២៣៕