loader

ឱកាសអភិវឌ្ឍសម័យទំនើបសម្រាប់ស្រ្តីកម្ពុជា

កញ្ញាសៀង សុខចេង វ័យ២៥ឆ្នាំ ជាយុវតីស្រស់សោភាម្នាក់ និងពោរពេញដោយសក្ដានុពល ក្នុងមុខតំណែងជាស្ថាបនិកគេហទំព័រវប្បធម៌ ដតខម បានគូសបញ្ចាក់ ដោយទឹកចិត្តរីករាយចំពោះការងារដែលនាងកំពុងធ្វើនៅបច្ចុប្បន្ននេះ។ ជាមួយនឹងបទពិសោធន៍ និងជំនាញលើផ្នែកសរសេរ និងរៀបគេហទំព័រ កញ្ញាសៀង សុខចេង ក៍ចាប់ប្រឡូកក្នុងកិច្ចការនេះតាំងពីឆ្នាំ២០១៥ ដែលផ្ដើមដំបូងជាអ្នកសរសេរប្លុក និងក្រោយមកបានបង្កើតជាគេហទំព័រវប្បធម៌ ដតខម ដែលការងារនេះជាផ្នែកមួយនៃ វិស័យបច្ចេកវិទ្យាអាយស៊ីធី។

ខ្ញុំមិនមែនចាប់អារម្មណ៍ពីដំបូងទេ ប៉ុន្តែនៅពេលដែលខ្ញុំធ្វើការច្រើនទៅ យើងរកឃើញអ្វីដែលខ្លួនឯងចូលចិត្ត ហើយអ្វីដែលខ្ញុំអាចផ្ដល់ឱ្យសង្គមវិញបានហ្នឹងវាស្ថិតនៅក្នុងវិស័យ អាយស៊ីធី ហ្នឹង។

អាយស៊ីធី (ICT) ដែលមកពីពាក្សអង់គ្លេស Information Communication Technology ឬជាពាក្សខ្មែរថាបច្ចេកវិទ្យា គមនាគមន៍ព័ត៌មានវិទ្យា (ICT) កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងសម័យទំនើបនេះដែលត្រូវបានហៅថាសម័យឌីជីលផងដែរ។ បច្ចេកវិទ្យាអាយស៊ីធី ធ្វើឱ្យមានការផ្លាស់ប្ដូរយ៉ាងខ្លាំងនូវរបៀបដែលមនុស្សធ្វើការ ទំនាក់ទំនង ការរៀនសូត្រ និងការរស់នៅក្នុងពេលបច្ចុប្បន្ន។

វប្បធម៌ ដតខម ជាគេហទំព័រមួយដែលចែកចាយនូវចំណេះដឹងផ្សេងៗតាមរយៈអត្ថបទ វីដេអូ និង រូបភាពក្នុងទម្រង់សំបូរបែបដែលមានលក្ខណៈឆ្នៃប្រឌិតថ្មីទាំងរបៀបសរសេរ និងការរចនាផ្សេងៗ។ គេហទំព័រនេះ ធ្វើឡើងក្នុងគោលបំណងជួយដល់យុវជនកម្ពុជាឱ្យមានការអភិវឌ្ឍជាពិសេសលើផ្នែកគំនិត ស្មារតី និងផ្ដល់ដំណោះស្រាយលើបញ្ហាជាច្រើនដល់យុវវ័យ។ មកទល់បច្ចុប្បន្ន គេហទំព័រវប្បធម៌មានការគាំទ្រយ៉ាងខ្លាំងពីក្រុមសិស្ស និងនិសិ្សតជាយុវវ័យ ដែលគិតជាមធ្យមក្នុងមួយខែមានអ្នកចូលមើលគេហទំព័រនេះប្រមាណជាង៣ម៉ឹននាក់

កញ្ញាបានបញ្ជាក់ទៀតថា៖ ពួកយើងមានអ្នកគាំទ្រFace book ប្រហែលជាមួយម៉ឺននាក់ ហើយអ្នកចូលមើលក្នុងមួយខែបានជាង៣ម៉ឺនPage view ។ ខ្ញុំគិតថាយើងទទួលបានពីមតិអ្នកអានច្រើន គាត់ថា គាត់អរគុណដែលបាននិយាយពីរឿងនេះរឿងនោះ។ ព្រោះពួកយើងផ្ដោតលើរឿងច្រើនដែលក្មេងៗឥឡូវគាត់កំពុងមានឧបសគ្គ ដូចជាខាងធ្វើការ Freelance ខាងធ្វើការឯករាជ្យហ្នឹង តើត្រូវធ្វើម៉េចខ្លះ? ឧទាហរណ៍ខាងផ្នែករកស៊ី អ្នកចង់រកស៊ីតើត្រូវចាប់ផ្ដើមធ្វើម៉េច? ឧទាហរណ៍ខាងផ្នែកផ្លូវចិត្ត គាត់ថប់អារម្មណ៍ គាត់ពិបាកចិត្ត គាត់ត្រូវធ្វើម៉េច? ចឹង យើងព្យាយាមដើរស្រាវជ្រាវ បង្កើតជាប្រធានបទខ្លួនឯង អញ្ចើញភ្ញៀវ ផ្សេងៗដែលគាត់មានបទពិសោធន៍ខាងហ្នឹង យើងថតជាវីដេអូហើយចែករំលែក។

គេហទំព័រ វប្បធម៌ ដតខម ត្រូវបានអនុវត្តជាប្រចាំដោយក្រុមការងារដែលមានគ្នា២នាក់ គឺកញ្ញាសៀង សុខចេង ទទួលបន្ទុកផ្នែកអត្ថបទ និងទំនាក់ទំនងទូទៅ និងកញ្ញា អាលីស (Alis Feschotte) ដែលជាសហស្ថានិកម្នាក់រួមបង្កើតគេហទំព័រនេះផងដែរ ទទួលបន្ទុកលើផ្នែករចនារូបភាព រចនាគេហទំព័រ និងព័ត៌មានវិទ្យា។

កញ្ញា អាលីស (Alis Feschotte)៖ ខ្ញុំបានដកពិសោធន៍ធ្វើការជាមួយសុខចេង តាមរយៈការបង្កើតគេហទំព័រវប្បធម៌នេះ ព្រោះខ្ញុំធ្លាប់បានសិក្សាផ្នែកអាយធី។មួយទៀតខ្ញុំមើលឃើញថា នៅទីនេះមានការខ្វះខាតធនធានមនុស្សផ្នែកអប់រំ ផ្នែកសង្គម និងផ្នែកអភិវឌ្ឃគំនិត។ ខ្ញុំ និងសុខចេងបានធ្វើការជាមួយសិស្ស និស្សិតជាច្រើននាក់ទៀត យើងជជែកគ្នាចែករំលែកចំណេះដឹងគ្នាដោយធ្វើការក្នុងលក្ខណៈចំណុចរួមមួយ ហើយរំលែកព័ត៌មាន និងចំណេះដឹងទាំងនោះចេញទៅឱ្យពួកគេជាយុវសិស្ស និងនិសិ្សត បានដឹង។


សព្វថ្ងៃបច្ចេកវិទ្យាអាយស៊ីធីត្រូវបានប្រើសម្រាប់ប្រតិបតិ្តការសេដ្ឋកិច្ចសង្គម និងអន្តរបុគ្គល និងអន្តរកម្ម។ ដោយឡែកនៅប្រទេសកម្ពុជាប៉ុន្មានឆ្នាំចុងក្រោយនេះ សារៈសំខាន់នៃបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានវិទ្យាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងការរីកចម្រើនផ្នែកអាជីវកម្មមានលក្ខណៈធំធេងណាស់។ ប៉ុន្តែឱកាសនេះមានកម្រិតតិចតួចសម្រាប់ក្មេងស្រីកម្ពុជា ដោយសារផ្នត់គំនិតអវិជ្ជមានមួយចំនួនយល់ថាការងារក្នុងវិស័យ បច្ចេកវិទ្យាអាយស៊ីធីសមស្របសម្រាប់បុរសជាង។

កញ្ញាសៀង សុខចេង បាននិយាយពីបទពិសោធន៍របស់នាងក្នុងការងារបច្ចេកវិទ្យាអាយស៊ីធីនេះថាៈ
ខ្ញុំអាចនិយាយបានថា ទាំងបុរសទាំងស្ត្រីអាចមានសមត្ថភាពធ្វើការលើអាយស៊ីធីនេះបានដូចគ្នា ព្រោះអីតាមពិតដូចជាការងារផ្សេងៗចឹង។ គំនិតរបស់ខ្ញុំវាមិនមែនដូចថាស្ថិតលើជាស្ត្រី ឬបុរសទេ វាស្ថិតលើសមត្ថភាពផ្ទាល់ខ្លួនរបស់យើង ស្ថិតលើការតស៊ូរបស់យើង ស្ថិតលើទេពកោស្យពីមុនមករបស់យើង និងបទពិសោធន៍របស់យើងផងដែរ។ ចឹងបើសិនជាយើងចាប់ផ្ដើមជម្រុញនាំឱ្យរៀនខាងហ្នឹង មានបទពិសោធន៍ខាងហ្នឹង ទទួលស្គាល់ខាងហ្នឹងច្រើន គឺស្រ្តី នឹងមានសមត្ថភាពដូចជាបុរសចឹងដែរ។

ឧស្សាហកម្មបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានវិទ្យា(អាយស៊ីធី) កំពុងរីកចម្រើនយ៉ាងឆាប់រហ័សទីផ្សារសម្រាប់ការងារដែលផ្ដោតលើបច្ចេកវិទ្យាពោរពេញដោយឱកាសសម្រាប់យុវជន។ ជាមួយកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយគន្លាតយេនឌ័រក្នុងវិស័យបច្ចេកវិទ្យា ក្នុងបណ្ដាឆ្នាំមកនេះរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការ និងយុទ្ធសាស្រ្តជាតិបន្តបន្ទាប់ចាប់ពីឆ្នាំ២០១៥មក មានដូចជា ផែនការអភិវឌ្ឍបណ្ដុះបណ្ដាលបច្ចេក ទេស និងវិជ្ជាជីវៈ (ឆ្នាំ២០១៦) គោលនយាបាយអាយស៊ីធី (ICT) ឆ្នាំ២០១៥ ផែនការយុទ្ធសាស្ត្រជាតិស្ដីពីយេនឌ័រ ២០១៤-២០១៨ ។ល។

ក្រៅពីនោះ មានកម្មវិធី និងសកម្ម ភាពច្រើនទៀតដែលជម្រុញក្នុងក្របខណ្ឌសហប្រតិបត្តិបការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍនានា និងវិស័យឯកជន ទាំងនៅថ្នាក់តំបន់ និងពិភពលោក កំពុងបើកឱកាសសម្រាប់ក្មេងស្រី និងយុវតីកម្ពុជាដែលមានសក្ដានុពលក្នុងវិស័យបច្ចេកវិទ្យាឱ្យឈានសម្រេចបាននូវគោលបំ ណងរបស់ខ្លួន។

ខ្ញុំមានអារម្មណ៍ថាខ្ញុំរកឃើញអ្វីដែលខ្ញុំចង់ធ្វើ ។ ចឹងជំហ៊ានទៅថ្ងៃអនាគតហ្នឹងគឺអត់មានអីចេញពីវប្បធម៌បានទេ មានតែវប្បធម៌ គ្រាន់តែជំហានទី១យើងបង្កើតជាវេប យើងបង្កើតជាសហគមន៍ ហើយមួយទៀតគឺអាចទៅមុខប៉ុន្នានឆ្នាំទៀតអាចមានអគារខ្លួនឯង គឺដូចជាសាលាវប្បធម៌មួយចឹង គឺគាត់អាចមក គាត់ចូលមកដោយសេរី បើកចំហ គាត់អាចរៀនទាក់ទងនឹងជីវិត ទាក់ទងនឹងផ្នែកអីផ្សេងៗដែលយើងសរសេរក្នុងវេបសាយ គឺយើងយកមកខាងក្រៅ។

កម្ពុជាដែលមានស្ត្រីជាង៥០% នៃប្រជាពលរដ្ឋទូទាំងប្រទេស ជាការពិតគឺត្រូវការធនធានស្ត្រីជំនាញបន្ថែមច្រើនទៀតក្នុងវិស័យបច្ចេកវិទ្យាអាយស៊ីធី ដែលជាធន ធានដ៍សំខាន់ចូលរួមអភិវឌ្ឍកម្ពុជានាពេលអនាគតក្នុងយុគសម័យសេដ្ឋកិច្ចបច្ចេកវិទ្យា៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

បទសម្ភាស៖ស្រ្តីអ្នកនិពន្ធខ្មែរមួយរូបទទួលពានរង្វាន់​អក្សរសិល្ប៍​នៅមីយ៉ាន់ម៉ា

លោកស្រីបណ្ឌិត ប៉ែន សេដ្ឋារិន ​បានទទួលជ័យលាភី​[...]

ទឹកដោះម្តាយមានសារធាតុចិញ្ចឹមខ្ពស់តែម្តាយភាគច្រើននិយមបំបៅកូនដោយម្សៅទឹកដោះគោ

ស្វាយរៀង៖ ការបំបៅកូនដោយទឹកដោះម្តាយមានសារៈសំខា[...]

សម្ព័ន្ធអង្គការរកឃើញថាការផ្សព្វផ្សាយផលិតផលជំនួយទឹកដោះម្តាយខ្លះបំពានច្បាប់

សៀមរាប៖ ការស្រា​វជ្រាវរបស់សម្ព័ន្ធអង្គការសង្គ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត