en     km
en     km

កម្មវិធីផ្តល់ឈាមសង្គ្រោះជីវិត បុគ្គលម្នាក់ៗ ជួយសង្គ្រោះជីវិត និងបង្កើតសហគមន៍ដែលមានសុខភាពល្អ

Share

អនុប្រធាន ម​ជ្ឃ​មណ្ឌល​ជាតិ​ផ្តល់​ឈាម កម្ពុជា លោកស្រី​វេជ្ជបណ្ឌិត មើ​ក សា​មាន បាន​បញ្ជាក់​ថា ការ​បរិច្ចាគ​ឈាម​មិន​ប៉ះពាល់ដល់សុខភាពនោះ​ទេ ហើយ​ឈាម​មាន​ប្រភព​តែ​មួយគត់​គឺ​ពីមនុស្ស មិន​មាន​រោងចក្រ​ណា​ ឬឱសថស្ថាន​ណា អាច​ផលិតឈាម​បានទេ។ លោកស្រីថា ការ​បរិច្ចាគ​ឈាមមាន​អត្ថប្រយោជន៍ណាស់សម្រាប់សង្គមជាតិ តាម​សាសនា លោកស្រី​បាន​បញ្ជាក់បន្ថែមថា «ការ​បរិច្ចាគឈាម​ថែមទាំង​មានអត្ថប្រយោជន៍ ៣ សំខាន់គឺ​អត្ថប្រយោជន៍​ផ្ទាល់​ខ្លួន កាត់បន្ថយ​ហានិភ័យជំងឺមហារីក កាត់បន្ថយ​កំហាត់ឈាម ការលើសជាតិដែក​ដែលប៉ះពាល់ដល់ថ្លើម និងលំពែង ជួយធ្វើ​ឱ្យប្រសើរឡើងនូវសុខភាពបេះដូង កាត់បន្ថយ​ការឡើង​ទម្ងន់ និង​ជំងឺ​ដាច់សរសៃ​ឈាមខួរក្បាលទៀតផង»។

​​កាលពី​ថ្ងៃទី ២១ ខែ​មិថុនា ឆ្នាំ​២០២៤ កន្លងទៅនេះ​មានកម្មវិធីមួយឈ្មោះថា កម្មវិធីផ្តល់ឈាមសង្គ្រោះជីវិត “Give Blood, Save Lives” គឺជាកម្មវិធីបរិច្ចាគឈាម ដែលជាការគំនិតផ្តួចផ្តើមដោយក្រុមហ៊ុនជាច្រើនរួមគ្នារួមមាន ក្រុមហ៊ុនឯកជនជាច្រើនសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមនៃកម្ពុជា។ ​ វាគឺជាកម្មវិធីសម្រាប់បុគ្គលម្នាក់ៗក្នុងការបរិច្ចាគឈាម និងជាផ្នែកមួយនៃបណ្តាញសង្គ្រោះជីវិតរបស់មនុស្សគ្រប់ៗរូបដែលកំពុងខ្វះខាតឈាម និងត្រូវការឈាមជាចាំបាច់ផងដែរ។ កម្មវិធីមានឆន្ទៈក្នុងការរួមចំណែកដល់សុខុមាលភាពរបស់មនុស្សទូទៅដែលត្រូវការឈាម។ កម្មវិធីផ្តល់ឈាមសង្គ្រោះជីវិត”Give Blood, Save Lives” គឺដើម្បីជួយភ្ជាប់គម្លាតរវាងការផ្គត់ផ្គង់ឈាម និងអ្នកជំងឺដែលត្រូវការឈាមជាបន្ទាន់ ដែលអាចជួយសង្គ្រោះជីវិតពួកគាត់បានតាមរយះការផ្តល់ឈាមនេះ។ ក្នុងការរៀបចំកម្មវិធីនេះ ក៏បានបង្កើតការយល់ដឹងអំពីសារៈសំខាន់នៃការបរិច្ចាគឈាមផងដែរ។

អ្នកស្រី ផាន់ រាសី ជាអ្នកគ្រប់គ្រងទូទៅ នៅក្រុមហ៊ុន អេសភីប៊ីលឌីងមេនិចម៉ិន ជាតំណាងអគារ GIA ហើយក៏ជាផ្នែកមួយនៃគណៈកម្មាធិការក្នុងការរៀបចំកម្មវិធីបរិច្ចាគឈាមក្នុងថ្ងៃនោះ។ អ្នកស្រីបានលើកឡើងថា ក្រុមរបស់អ្នកស្រីបានធ្វើកម្មវិធីនេះឡើង ក្នុងគោលបំណងរួមតែមួយដើម្បីដោះស្រាយបញ្ហាកង្វះខាត នៃការផ្គត់ផ្គង់ឈាមនៅក្នុងមន្ទីរពេទ្យនានា ក៏ដូចជាជួយសង្គ្រោះជីវិតអ្នកជំងឺនៅក្នុងសហគមន៍។ ការបរិច្ចាគឈាមនេះពិតជាមានសារៈសំខាន់ណាស់ ព្រោះអាចជួយសង្រ្គោះជីវិតមនុស្សបាន​ ហើយថែមទាំងអាចជួយកាត់បន្ថយកូឡេស្តេរ៉ូល និង​កាត់បន្ថយជំងឺសម្រាប់ខ្លួនឯងបានទៀតផង។ ហើយក្នុងថ្ងៃនេះអ្នកស្រីក៏បានបរិច្ចាគឈាមផងដែរ បន្ទាប់ពីបរិច្ចាគឈាមរួចអ្នកស្រីមានអារម្មណ៍ជ្រះថ្លានិងសប្បាយចិត្តខ្លាំងណាស់ ពីព្រោះថាអ្នកស្រីបានចូលរួមចំណែកជួយសង្រ្គោះជីវិតមនុស្សបាន និងជួយសង្គមជាតិទាំងមូលផងដែរ។ អ្នកស្រីបានមើលឃើញថាមានមនុស្សចូលរួមបរិច្ចាគបានច្រើននៅក្នុងថ្ងៃនោះ។ អ្នកស្រីមានអារម្មណ៍រំភើបណាស់ដែលបានឃើញអ្នកស្ម័គ្រចិត្តមកបរិច្ចាគឈាមមានចំនួនច្រើនកុះករដូច្នេះ។​ អ្នកស្រីបានសំណូមពរថាសម្រាប់អ្នកមិនទាន់បរិច្ចាគឈាម សូមកុំខ្លាចក្នុងការបរិច្ចាគឈាម ព្រោះឈាមរបស់យើងនឹងអាចបង្កើតឡើងវិញបាន​ តែជីវិតមនុស្សដែលត្រូវការឈាមមិនអាចត្រលប់មកវិញបានទេបើគ្មានឈាមសម្រាប់ជួយសង្រ្គោះទាន់ពេលវេលា។​ សម្រាប់អ្នកដែលបានបរិច្ចាគរួចហើយ អ្នកស្រីក៏សូមសំនូមពរឱ្យពួកគាត់បន្តបរិច្ចាគឈាម ជាទៀងទាត់ និង ជំរុញអ្នកជុំវិញខ្លួនគាត់ឱ្យចូលរួមបរិច្ចាគឈាមទាំងអស់គ្នាផងដែរ។

 

តាមរយៈការបរិច្ចាគឈាមរបស់កម្មវិធីក្នុងថ្ងៃនោះផងដែរ បុគ្គលម្នាក់ៗមិនត្រឹមតែជួយសង្គ្រោះជីវិតមនុស្សបានប៉ុណ្ណោះទេ  ប៉ុន្តែថែមទាំងជាមនុស្សដែលមានគំនិតផ្តួចផ្តើមសេចក្ដីថ្លៃថ្នូរ និងប្រកបដោយប្រសិទ្ធិភាព ដែលដើរតួយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះជីវិត និងបង្កើតសហគមន៍ដែលមានសុខភាពល្អទៀតផង។

នៅក្នុងកម្មវិធីថ្ងៃនោះដែរ កញ្ញាសុលីតា ជាបុគ្គលិកផ្នែកធនធានមនុស្ស មកពីធនាគាឯកទេសអ៊ីអន​។ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា មូលហេតុដែលកញ្ញាមកបរិច្ចាគឈាមក្នុងថ្ងៃនេះ កាលពីមុនសាច់ញាតិរបស់កញ្ញាបានជួបគ្រោះថ្នាក់ចរាចរណ៍ហើយត្រូវទទួលការបញ្ជូលឈាមជាបន្ទាន់ ទើបធ្វើឱ្យកញ្ញាយល់ថាការផ្តល់ឈាមអាចសង្គ្រោះជីវិតមនុស្សបាន។​ ​ វាពិតជាសំខាន់ខ្លាំងណាស់ ក្នុងការបរិច្ចាគឈាមមិនត្រឹមតែអាចជួយដល់ជីវិតអ្នកដទៃប៉ុណ្ណោះទេ ថែមទាំងជួយដល់សុខភាពអ្នកផងដែរ។

កញ្ញាបានបន្តទៀតថា កញ្ញាពិតជាសប្បាយចិត្តខ្លាំងណាស់ ដែលមានឱកាសបានជួយដល់សង្គមជាតិទៅតាមលទ្ធភាពរបស់កញ្ញាដូច្នេះ ដូចជាការបរិច្ចាគឈាមនេះជាដើម។ កាលពីមុនកញ្ញាតែងតែខ្លាចថាប៉ះពាល់សុខភាពបន្ទាប់ពីបរិច្ចាគឈាម តែតាមពិតមិនមែនបែបនេះទេ។ ដើម្បីសុវត្ថិភាពក្នុងការបរិច្ចាគ គ្រូពេទ្យនឹងពិនិត្យសុខភាពជាមុនសិន និងធ្វើទៅតាមដំណាក់កាលបច្ចេកទេសជាច្រើន។ កញ្ញាបានសំណូមពរថា «សូមបងប្អូនកុំបារម្ភអី ការបរិច្ចាគឈាមអាចសង្គ្រោះជីវិតមនុស្សជាច្រើន ហើយក៏អាចជួយដល់សុខភាពបងប្អូនផ្ទាល់ផងដែរ។ ជាចុងក្រោយកញ្ញាសុលីតា ពិតជាអរគុណខ្លាំងណាស់ទៅកាន់បងប្អូនដែលបានមកបរិច្ចាគឈាមក្នុងថ្ងៃនោះដូចកញ្ញាដែល ពីព្រោះអាចជួយដល់សង្គមជាតិទាំងមូលផងដែល។ ហើយសូមជូនពរបងប្អូនទាំងអស់មានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច»។

កម្មវិធីផ្តល់ឈាមសង្គ្រោះជីវិត “Give Blood, Save Lives” ដែលបានរៀបចំឡើងនៅក្នុងអគារGIA កន្លងទៅនេះដែលមានសប្បុរសជន​ ៤៦៦ រូប​បាន​ចុះឈ្មោះ​ស្ម័គ្រ​ចិត្តបរិច្ចាគឈាម ហើយ​អ្នក​ដែលមានលទ្ធភាព​បរិច្ចាគ​​​បាន​មាន​ចំនួន ៣៨៩ រូប ​ក្នុង​ដំណើរការចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៤:៣០ល្ងាច។ កម្មវិធីក្នុងថ្ងៃនោះផ្តល់នូវវេទិកាមួយសម្រាប់បុគ្គលគ្រប់រូបក្នុងការរួមចំណែកដ៏មានអត្ថន័យជួយដល់សង្គមជាតិ និងជាការផ្សព្វផ្សាយសារនៃក្តីមេត្តា និងសាមគ្គីភាព។  តាមរយៈការបរិច្ចាគឈាមក្នុងកម្មវិធីនេះ បុគ្គលម្នាក់ៗសុទ្ធតែជាផ្នែកដ៏សំខាន់នៃបណ្តាញសង្គ្រោះជីវិតរបស់មនុស្ស ហើយពិតជាមនុស្សមានចិត្តសប្បុរស និងសេចក្តីសប្បុរធម៌ដែលជាទង្វើដ៏ល្អដែលបានជះឥទ្ធិពលវិជ្ជមានហើយជាគំរូភាពដ៏ល្អនិងយូរអង្វែងដល់មនុស្សជំនាន់ក្រោយជាពិសេសទំពាំងស្នងឫស្សីដែលធ្វើឱ្យសង្គមនេះពោរពេញទៅដោយក្ដីស្រលាញ់ និងការចែករំលែកក្ដីផងដែរ៕

 

ត្ថបទខ្លីសរសេរដោយ លោក សួន វីន សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយឧបត្ថម្ភពី ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) ជាមួយនិងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា តាមរយៈអង្គការ BBC Media Action

 

 

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង