en     km
en     km

ស្រ្ដីជនជាតិដើមភាគតិចពូនងជ្រើសរើសការដាំការហ្វេជារបរចិញ្ចឹមជីវិត បន្ទាប់ពីធ្វើស្រែចម្ការ

Share

មណ្ឌលគីរី​៖ ជនជាតិដើមភាគតិចពូនង អ្នកស្រី ច្រាប់ ភ្យែក ក៏ដូចជាស្រ្ដីជនជាតិដើមភាគតិចពូនងដទៃទៀត បានជ្រើសយកការដាំកាហ្វេជារបរសម្រាប់ចិញ្ចឹមជីវិត បន្ទាប់ពីការធ្វើស្រែចម្ការជាលក្ខណៈគ្រួសារ។ តើមូលហេតុអ្វីបានជនជាតិដើមភាគតិចភាគច្រើននៅខេត្តមណ្ឌលគិរីប្រកាន់យកមុខរបរដូចនេះ? កញ្ញា ជាតា ជូនបទយកការណ៍នេះ

ជនជាតិដើមភាគតិចពូនង រស់នៅក្នុងភូមិពូចា ឃុំប៊ូស្រា ស្រុកពេជ្រចិន្ដា ខេត្តមណ្ឌលគិរី។ រូបភាព cheata .WMC

 

ស្រ្ដីម្នាក់ដែលមានការស្លៀកពាក់បែបជាជនជាតិដើមភាគតិច និងដៃម្ខាងកំពុងមមារញឹកខ្លាំងក្នុងកិច្ចការបេះផ្លែកាហ្វេដាក់ក្នុងកន្រ្ដក់ដែលស្ពាយនៅលើស្មាទាំងពីររបស់ខ្លួន​ នោះគឺ អ្នកស្រី ច្រាប់ ភ្យែក  ។

នៅក្នុងទឹកមុខពោរពេញដោយស្នាមញញឹម ស្រ្ដីដែលជាជនជាតិដើមភាគតិចពូនងរូបនេះ បានឱ្យដឹងថា នៅជារៀងរាល់ខែវិច្ឆិកា ជនជាតិដើមភាគតិចពួនងតែងតែនាំគ្នាមកបេះផ្លែកាហ្វេនេះជារៀងរាល់ថ្ងៃ គឺ ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៤រសៀល។

អ្នកស្រី ច្រាប់ ភ្យែក ថា ៖«ច៎ាខ្ញុំបេះរបស់ពូទើបតែថ្ងៃនេះដែរ ម្សិលមិញខ្ញុំទៅបេះខ្លួនឯង »។

អ្នកស្រី ច្រាប់ ភ្យែក  ថា  អ្នកស្រីបានចាប់ផ្ដើមដាំកាហ្វេនៅក្នុងឆ្នាំ ២០១៥ ហើយកាហ្វេដែលអ្នកស្រីដាំ គឺ មានទំហំ ៣ហិកតា។

អ្នកស្រី ច្រាប់ ភ្យែក បានឱ្យដឹងថា៖ «យើងចេះតែធ្វើទៅ ខែនេះ ស្រូវស្រែយើងអត់ទាន់ទុំចឹង យើងមកបេះកាហ្វេសិន ហើយដល់ពេលស្រូវស្រែទុំ យើងទៅច្រូតសិន»។

តាមឱ្យដឹងពីអ្នកស្រី ច្រាប់ ភ្យែក  ដដែល ក្នុងឆ្នាំនេះ គាត់ប្រមូលផលកាហ្វេបាន ១៥០ គីឡូ  ហើយក្នុងមួយគីឡូគាត់អាចលក់បាន ១ម៉ឺនរៀល។

អ្នកស្រី ច្រាប់ ភ្យែក ៖«៣ឆ្នាំនេះ យើងដាំឆ្នាំទីមួយវាអត់ទាន់ផ្លែ ហើយឆ្នាំទី២វាផ្លែដែរតែផ្លែតិចៗ បើឆ្នាំទីបី បានផ្លែច្រើន ហើយឆ្នាំទីបួន រឹតតែផ្លែច្រើនទៀត»។

អ្នកស្រី ច្រាប់ ភ្យែក ប្រាប់ថា កាហ្វេនៅឆ្នាំនេះ មានទីផ្សារ និងឈ្មួញទិញច្រើនពីពួកគាត់ដែលធ្វើអោយគាត់កាន់តែសប្បាយចិត្តក្នុងការដាំកាហ្វេបន្ដ។

អ្នកស្រី ច្រាប់ ភ្យែក  ថា ៖«ព្រោះកាហ្វេគឺមានទីផ្សារគេទិញ ហើយមានគេទិញខ្ពស់ បានថ្លៃ ចឹងបានយើងនាំគ្នាដាំកាហ្វេ » 

នៅមិនឆ្ងាយពីទីនេះប៉ុន្មានដែរ ស្រ្ដីជាជនជាតិពួនងមួយរូបទៀត​ គឺ អ្នកស្រី ស្រះ ដេត បានឱ្យដឹងដែរថា គាត់បានចាប់ដាំកាហ្វេនេះ រយៈពេល ៣ឆ្នាំហើយ ។

អ្នកស្រី ស្រះ ដេត ៖«បេះយូរហើយ ៣ឆ្នាំហើយ »។

តាមអ្នកស្រី ស្រះ ដេត មុខរបរមួយនេះ គឺបានជួយផងដែរដល់ជីវភាពប្រចាំថ្ងៃរបស់គាត់។

អ្នកស្រី ស្រះ ដេត ៖«ជួយច្រើនតិចតួច ដូចជា អំបិល ​ប៊ីចេង!»។

លោក រួយ ទើប ម្ចាស់ចំការកាហ្វេដែលធំជាងគេនៅក្នុងភូមិពូចា ឃុំប៊ូស្រា ស្រុកពេជ្រចិន្ដា ខេត្តមណ្ឌលគិរី បានលើកឡើងដែរថា នៅឃុំប៊ូស្រានេះ គឺមានតែជនជាតិពូនងដែលដាំកាហ្វេច្រើនជាងគេ។ លោកបានឱ្យដឹងទៀតថា ការជ្រើសរើសយករបរដាំកាហ្វេនេះ គឺបានជួយច្រើនទៅដល់ជនជាតិដើមភាគតិច ហើយអ្វីដែលពិសេសទៀតនោះ ការដាំកាហ្វេរបស់ពួកគាត់មិនបានចំណាយដើមទុនច្រើននោះទេ។

លោក រួយ ទើប ៖«ខ្ញុំដាំអត់មានអស់លុយ អស់កាក់ទេ ពីព្រោះខ្ញុំដាំប្រើតែកម្លាំង ពីព្រោះខ្ញុំក្រក ខ្ញុំមិនហ៊ានខ្ចីគេទេ ខ្ញុំប្រើតែកម្លាំងដាំសិន »។

បើតាមអោយដឹងពីលោក រួយ ទើប សម្រាប់អ្វីដែលលោកសប្បាយចិត្តជាងគេនោះ គឺ លទ្ធផលដែលទទួលបានពីការដាំកាហ្វេនេះ។

លោក រួយ ទើប៖«ពីមុនវាអត់មានទីផ្សារ ឥលូវយើងមានទីផ្សារខ្ញុំសប្បាយចិត្ត»។

ជុំវិញរឿងនេះដែរ លោក យ៉ង់ សាំងកុមារ អ្នកជំនាញកសិកម្ម និងជាស្ថាបនិកអង្គការសេដាក  មានប្រសាសន៍ឱ្យវិទ្យុស្រ្ដីដឹងនៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០១៨នេះ ថា នៅលើពិភពលោក កាហ្វេ គឺជាទំនិញសំខាន់ទីពីរ បន្ទាប់ពីប្រេងកាត ។ ប្រទេសប្រេស៊ីលជាប្រទេសលេខមួយនៅលើពិភពលោកក្នុងការផលិតកាហ្វេ។ ប៉ុន្ដែនៅជាង ១០ឆ្នាំចុងក្រោយនេះ ប្រទេសវៀតណាមបានក្លាយជាប្រទេសលេខ ២ ក្នុងការផលិត និងនាំចេញកាហ្វេ។

លោក យ៉ង់ សាំងកុមារ  ៖«ប្រទេសវៀតណាមបានក្លាយជាប្រទេសលេខ ២ ក្នុងការផលិត និងនាំចេញកាហ្វេជាង ១លានតោនជាង ប្រទេសឡាវ ផលិតកាហ្វេបាន ៣ម៉ឺនតោន ដោយឡែកកម្ពុជានាំចេញតិចតួច ប្រហែល ១នតោន ក្នុងមួយឆ្នាំ…»។

តាមប្រសាសន៍របស់លោក យ៉ង់ សាំងកុមារ ត្បិតថា ដំណាំកាហ្វេរបស់ជនជាតិដើមភាគតិច​ គឺមានទីផ្សារសន្ទុះឡើងនៅរយៈពេលចុងក្រោយនេះក៏ពិតមែន ប៉ុន្ដែមិនទាន់គ្រប់គ្រាន់ក្នុងការចែកចាយនិងយកទៅផ្គត់ផ្គង់នៅក្រៅប្រទេសនៅឡើយទេ។

លោក យ៉ង់ សាំងកុមារ  ៖«អ្វីដែលគាត់មាន គឺអត់ទាន់មានគ្រប់អោយគេទេ ចឹងក្នុងពេលបច្ចុប្បន្ន ឬពីរបីឆ្នាំខាងមុខ ទីផ្សារមិ​នសូវជាបញ្ហាអ្វីទេ ប៉ុន្ដែ ៥ទៅ ១០ឆ្នាំទៀត យើងត្រូវប្រយ័ត្នប្រយែងទាក់ទងនិងផែនការដាំដុះអោយស៊ីនឹងទីផ្សារ»។

បើតាមអោយដឹងពីលោក សេង សៅ អនុប្រធានការិយាល័យក្សេត្រសាស្រ្ដ និងផលិតភាពនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តមណ្ឌលគិរី គឺ ផ្ទៃដីដំាំដំណាំកាហ្វេនៅខេត្តមណ្ឌលគិរី មានសរុប ២៨៦ ហិកតា ក្នុងនោះ ផ្ទៃដីកាហ្វេក្រុមហ៊ុន មាន ១៣៥ ហិកតា។

ស្រ្តីជនជាតិដើមភាគតិចដែលមានមុខរបរដាំកាហ្វេបានបង្ហញក្ដីសប្បាយរីករាយ ដោយអនុផលនៃដំណាំកាហ្វេនេះ បានក្លាយជាជម្រើសទី ២ បន្ទាប់ពីដំណាំស្រូវ ហើយមិន​តែប៉ុណ្ណោះ ដំណាំកាហ្វេក៏ជាការទាក់ទាញអោយស្រ្តីជនជាតិ ដើម្បីបន្តថែរក្សាទំនៀមទំលាប់រស់នៅក្នុងភូមិដោយការមិនធ្វើចំណាកស្រុកឬផ្លាស់ទីតាំងរស់នៅ៕

 

Share

Image
Image
Image