en     km
en     km

ជនជាតិដើមភាគតិចបន្តពិធីសែនព្រេនអ្នកតាបញ្ចៀសក្រុមហ៊ុនកុំឱ្យសង់ទំនប់វារីអគ្គិសនីស្រែពកក្រោម ៣

Share

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋជាជនជាតិដើមភាគតិចរស់នៅភូមិណងប៊ួរ ឃុំណងឃីលិក ស្រុក កោះញែក ខេត្តមណ្ឌលគិរី បានបន្តរៀបចំពិធីសែនព្រេនបន់ស្រន់អ្នកតា ម្ចាស់ទឹក ម្ចាស់ដី ដោយសហការគ្នាកាប់ គោ ជ្រូក មាន់ ទា សែនអ្នកតា ដើម្បីឱ្យក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប របស់អ្នកឧញ៉ា គិត ម៉េង បញ្ចៀសការសាងសង់ទំនប់វារីអគ្គិសនីស្រែពកក្រោម ៣ ក្នុងតំបន់ពួកគេរស់នៅ។

នៅគិតត្រឹមខែមករាដើមឆ្នាំ២០២៥នេះ ក្រុមជនជាតិដើមភាគតិចបានរៀបចំពិធីសែនព្រេនបែបនេះចំនួន២លើកមកហើយ ហើយនៅតែបង្ហាញជំហរដាច់ណាត់ មិនព្រមចាកចេញពីភូមិកំណើតនោះឡើយ ទោះបីភាគីក្រុមហ៊ុនមានសំណងដោះដូរយ៉ាងណាក៏ដោយ។

សកម្មភាពសែនព្រេននិងថ្លែងសារបញ្ចៀសកុំឱ្យមានការសាងសង់ទំនប់វារីអគ្គិសនីស្រែពកក្រោម៣។រូបភាពពីពលរដ្ឋ។

ការរៀបចំពិធីបន់ស្រន់ជាថ្មីនេះ ក៏បន្ទាប់ពីមន្រ្តីអាជ្ញាធរស្រុកនិងខេត្តមណ្ឌលគិរី ជាមួយក្រុមហ៊ុន បានមកបើកវេទិកាសាធារ ណៈជួបជាមួយពលរដ្ឋកាលពីថ្ងៃទី២០ ខែមករា ថ្មីៗនេះ ដោយពន្យល់ពីភាពចាំបាច់នៃការកសាងទំនប់វារីអគ្គិសនីស្រែពកក្រោម ៣ ដើម្បីទាញយកថាមពលអគ្គិសនីប្រើប្រាស់ ដ្បិតកម្ពុជាសព្វថ្ងៃនៅបន្តទិញអគ្គិសនីពីប្រទេសក្បែរខាង។

តែក្នុងវេទិកានោះ ប្រជាពលរដ្ឋនៅតែបង្ហាញជំហរមិនព្រមចាកចេញ និងសូមឱ្យក្រុមហ៊ុនកុំយកតំបន់ពួកគេរស់នៅទៅអភិវឌ្ឍ ព្រោះតំបន់នេះពលរដ្ឋងាយស្រួលប្រកបរបរចិញ្ចឹមជីវិត ផ្អែកលើកសិកម្ម និងរបរនេសាទ។ ​ជាងនេះ ប្រពៃណី ទំនៀមទម្លាប់ ទីសក្ការៈ កន្លែងកប់សពដូនតា និងព្រៃសហគមន៍ គឺជាអ្វីដែលពួកគេយល់ថា មានតម្លៃមិនអាចកាត់ថ្លៃបាន។

ប្រជាពលរដ្ឋអះអាងថា ពួកគេសុខចិត្តរស់នៅក្បែរមាត់អាងទំនប់វារីអគ្គីសនី ទោះបីជាការស្ថាបនាទំនប់បង្កឱ្យមានទឹកជំនន់យ៉ាងណាក្តី។ ការសុខចិត្តស៊ូទ្រាំលំបាកបែបនេះ ព្រោះពលរដ្ឋមិនចង់ទៅនៅតំបន់ដែលក្រុមហ៊ុនរៀបចំដោយហេតុថា គ្មានហេដ្ឋានរចនាសម្ព័ន្ធច្បាស់លាស់ និងនៅឆ្ងាយពីប្រភពទឹក។

យ៉ាងណារដ្ឋបាលសាលាខេត្តមណ្ឌលគិរីធ្លាប់បញ្ជាក់ថា អាជ្ញាធរបាននិងកំពុងសិក្សាគ្រប់លទ្ធភាពដើម្បីរកដំណោះស្រាយជាវិជ្ជមាន ដោយបញ្ចៀសឱ្យបានរូបភាពគៀបសង្កត់ ឬការបង្ខិបង្ខំចំពោះពលរដ្ឋ។ ហើយសំណងជាកញ្ចប់សាច់ប្រាក់ក៏ត្រូវពិចារណាដាក់បញ្ចូលផងដែរក្នុងការចរចាលើកក្រោយ។

ជាការកត់សម្គាល់ កត្តាដែលនាំឱ្យពលរដ្ឋជាជនជាតិដើមភាពតិចនៅមិនទាន់ទទួលយកសំណងពីក្រុមហ៊ុន ព្រោះនៅដំណាក់កាលនេះ ក្រុមហ៊ុនបានបង្ហាញទំហំសំណងមួយដែលមិនទាន់សមាមាត្រជាមួយទ្រព្យសម្បត្តិដែលពលរដ្ឋមានសព្វថ្ងៃ។ ជាឧទារហណ៍តូចមួយ ក្រុមហ៊ុនផ្តល់ដីបង្កបង្កើនផលជូនពលរដ្ឋក្នុងមួយគ្រួសារចន្លោះពី៣ ទៅ៥ ហិកតាតែប៉ុណ្ណោះ ខណៈដីស្រែចម្ការរបស់ពលរដ្ឋមានក្នុងមួយគ្រួសារមានចន្លោះពី១៥ ទៅ២០ ហិកតា។ ដោយឡែកដីចម្ការស្វាយចន្ទីរបស់ពលរដ្ឋសុទ្ធមានផលដំណាំ ខណៈដីដែលក្រុមដោះដូរជូនបច្ចុប្បន្ននៅជាដីវាលរហោឋាននៅឡើយ៕

Share

ព័ត៌មានទាក់ទង