ភ្នំពេញ៖ បន្ទាប់ពីផ្ទុះហេតុការណ៍ប៉ះទង្គិចគ្នារវាងប្រជាពលរដ្ឋជនជាតិដើមភាគតិចកួយព្រះវិហារនិងបក្ខពួកក្រុមហ៊ុនរបស់ឧញ៉ាម្នាក់កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ រួមមក គឺនៅថ្ងៃទី២៩ ខែមករានេះ ក្រុមប្រជាពលរដ្ឋបានស្នើសុំមន្ត្រីខេត្តព្រះវិហារ អន្តរាគមន៍ទៅភាគីក្រុមហ៊ុនឱ្យដកខ្លួនចេញពីសកម្មភាពឈូសឆាយទន្ទ្រានដីព្រៃសហគមន៍ និងដីកសិកម្មរបស់ពលរដ្ឋ។ យ៉ាងណាអ្នកនាំពាក្យសាលាខេត្តព្រះវិហារបញ្ជាក់ថា មន្រ្តីខេត្តបាននឹងកំពុងអន្តរាគមន៍ពិនិត្យរឿងនេះ ករណីក្រុមហ៊ុនធ្វើសកម្មភាពបំពានលើកិច្ចសន្យានោះមន្រ្តីខេត្តនឹងអនុវត្តតាមផ្លូវច្បាប់។
លោក កែវ សុខា ជូនសេចក្តីរាយការណ៍
នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥នេះ មន្រ្តីរដ្ឋបាលសាលាខេត្តព្រះវិហារបានដឹកនាំក្រុមមន្រ្តីរបស់ខ្លួនចុះជួបប្រជាពលរដ្ឋភូមិដងផ្លិត និងភូមិណារ៉ុង ស្ថិតក្នុងឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ ដើម្បីបើកកិច្ចសម្របសម្រួលមួយ បន្ទាប់ពីក្រុមប្រជាពលរដ្ឋ និងបក្ខពួកក្រុមហ៊ុនរបស់ឧញ៉ាម្នាក់ បានប៉ះទង្គិចគ្នាដោយហិង្សារហូតបណ្តាលឱ្យពលរដ្ឋម្នាក់រងរបួស។
ក្នុងជំនួបនោះ ក្រុមប្រជាពលរដ្ឋបានដាក់សំណើសុំទៅកាន់មន្រ្តីខេត្តនិងមន្រ្តីស្រុក ចំនួនពីរចំណុច គឺស្នើឱ្យអាជ្ញាធរពិនិត្យនិងបញ្ជាឱ្យក្រុមហ៊ុនបញ្ឈប់សកម្មភាពឈូសឆាយក្នុងតំបន់ដីចម្ការ និងដីព្រៃជំនឿរបស់ជនជាតិដើមភាគតិចកួយ ដែលធ្លាប់អាស្រ័យផងជាយូរឆ្នាំមកហើយនោះ។ មួយទៀត ពលរដ្ឋក៏ស្នើឱ្យមានវិធានការផ្លូវច្បាប់លើបក្ខពួកក្រុមហ៊ុនរបស់ឧញ៉ាម្នាក់ដែលពលរដ្ឋស្គាល់ថាជាអភិបាលរងខេត្តព្រះវិហារឈ្មោះ អ៊ុក គឹមសាន ដែលបានប្រើហិង្សាធ្វើឱ្យពលរដ្ឋម្នាក់រងរបួសភ្លៅ។
លោក កែវ កៀន ពលរដ្ឋម្នាក់ដែលបានចូលរួមប្រជុំកាលពីព្រឹកមិញឱ្យដឹងថា ដីព្រៃសហគមន៍ដែលប្រជាជនធ្លាប់អាស្រ័យផងធ្វើស្រែចម្ការវិលជុំ និងរកអនុផលព្រៃឈើក្នុងទំហំប្រមាណជាងមួយពាន់(១០៥៥)ហិកតា បច្ចុប្បន្នក្រុមហ៊ុនបានឈូសឆាយ ចូលទន្ទ្រានកាន់កាប់ជិតពាក់កណ្តាលហើយ។ លោកថា ប្រជាពលរដ្ឋជនជាតិដើមភាគតិចកួយសព្វថ្ងៃពឹងពាក់អាស្រ័យលើផ្ទៃដីខាងលើ ដើម្បីប្រកបមុខរបរកសិកម្មធ្វើស្រែចម្ការ ចិញ្ចឹមសត្វ និងរកអនុផលព្រៃឈើចិញ្ចឹមជីវិត។
លោក កែវ កៀន៖«សូមឱ្យក្រុមហ៊ុននោះដកចេញឱ្យអស់ បញ្ឈប់ការឈូសឆាយទុកដីនោះឱ្យប្រជាពលរដ្ឋអាស្រ័យផលវិញ។ សារៈសំខាន់ដីនោះទី១ជាដីស្រែដីចម្ការ ទី២ ពលរដ្ឋអាស្រ័យផលអនុផលព្រៃឈើដូចជារករឹសឈើ ជ័រឈើ រកផ្សិតអីជាដើម–ល–។និងពលរដ្ឋសម្រាប់ឃ្វៀលគោ។និយាយរួមទៅដីហ្នឹងមិនជាច្រើនប៉ុន្មានទេ គួរទុកឱ្យពលរដ្ឋទាំងពីរភូមិអាស្រ័យផលធ្វើស្រែចម្ការទៅ»។
ពលរដ្ឋម្នាក់រងរបួសភ្លៅមុតនឹងផ្លែដាវរបស់ក្រុមហ៊ុន។រូបភាពទទួលបានពីពលរដ្ឋ។
លោករំលឹកថា ដីព្រៃសហគមន៍នេះធ្លាប់ត្រូវបានខាងក្រុមហ៊ុនធ្វើសកម្មភាពឈូសឆាយម្តងរួចមកហើយកាលពីឆ្នាំ២០២៣ តែកាលណ្ណោះ ក្រុមហ៊ុនផ្អាកសកម្មភាពវិញដោយមានបទបញ្ជាពីមន្រ្តីខេត្ត។ ទើបមកដល់ដើមឆ្នាំ ២០២៥នេះ ក្រុមហ៊ុនបានធ្វើសកម្មភាពឈូសឆាយបន្តទៀត ដោយមេការក្រុមហ៊ុនបញ្ជាក់ថា ពួកគេឈូសឆាយដីដែលក្រុមហ៊ុនបានទិញពីពលរដ្ឋតែប៉ុណ្ណោះ។
ជុំវិញករណីក្រុមហ៊ុនចូលឈូសឆាយបង្កជាហិង្សានេះ លោក ណុប វុធ្ធី អ្នកនាំពាក្យសាលាខេត្តព្រះវិហារប្រាប់វិទ្យុស្រ្តីថា ក្រុមការងារខេត្តបាននិងកំពុងពិនិត្យមើលករណីនេះដើម្បីដោះស្រាយជូនពលរដ្ឋ។លោកថា បើសិនជាពិនិត្យឃើញភាគីក្រុមហ៊ុនបានឈូសឆាយបំពានលើសពីអ្វីដែលកិច្ចសន្យាមានមែននោះ នោះខេត្តនឹងចាត់វិធានការតាមផ្លូវច្បាប់។
លោក ណុប វុធ្ធី៖«រឿងក្រុមហ៊ុនគាត់ធ្វើមានច្បាប់មានទម្លាប់ដែរ ចំពោះគាត់ធ្វើលើសយ៉ាងម៉េច ឥឡូវយើងកំពុងធ្វើការប្រជុំដូចឯកឧត្តមអភិបាលខេត្តបានបង្ហោះលើផេករបស់លោកចឹងណាបាទ។ចឹងយើងពិនិត្យមើលថាតើក្រុមហ៊ុនបានធ្វើលើសពីអ្វីដែលមានក្នុងកិច្ចសន្យាអាហ្នឹងយើងត្រូវមើលការងារនេះឡើងវិញ។ តែបើក្រុមហ៊ុនធ្វើលើសអ្វីដែលមានក្នុងកិច្ចសន្យានោះយើងមិនអនុញ្ញាតទេ»។
ចំពោះករណីដែលពលរដ្ឋនិងអ្នកសារព័ត៌មានរាយការណ៍ក្រុមហ៊ុនដែលឈូសឆាយដីព្រៃសហគមន៍មានខ្នងមន្រ្តីខេត្តព្រះវិហារ គឺលោក អ៊ុក គឹមសាន នៅពីក្រោយ អ្នកនាំពាក្យខេត្តបានបដិសេធរឿងនេះ។
វីដេអូហេតុការណ៍ប៉ះទង្គិចគ្នា។ទទួលបានពីពលរដ្ឋ។
វិទ្យុស្រ្តីបានព្យាយាមហៅទូរស័ព្ទទៅលោក អ៊ុក គឹមសាន ជាអភិបាលរងខេត្តព្រះវិហារជាច្រើនលើកនៅថ្ងៃនេះ តែលោកមិនទទួលទូរស័ព្ទ។
ប្រជាពលរដ្ឋមួយរូបទៀតគឺលោក គង់ ណៃ តំណាងសហគមន៍ជនជាតិដើមភាគតិចកួយ ភូមិដងផ្លិតប្រាប់ឱ្យដឹងថា កាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២៥ ម្សិលមិញ មានហេតុការណ៍ប៉ះទង្គិចគ្នាកើតឡើងរវាងប្រជាពលរដ្ឋនិងក្រុមមេការក្រុមហ៊ុន បណ្តាលឱ្យប្រជាពលរដ្ឋម្នាក់រងរបួសភ្លៅដោយសារផ្លែដាវរបស់បក្ខពួកក្រុមហ៊ុន។ ដើមហេតុដែលនាំឱ្យផ្ទុះការប៉ះទង្គិចគ្នានេះ បន្ទាប់ពីអ្នកភូមិបានចាប់ឃាត់ត្រាក់ទ័ររបស់ក្រុមហ៊ុនមួយគ្រឿងដែលចេះតែធ្វើសកម្មភាពឈូសឆាយទន្ទ្រានដីនិងដំណាំរបស់អ្នកភូមិ។
បន្ទាប់ពីឃាត់គ្រឿងចក្ររបស់ក្រុមហ៊ុនហើយ ក្រុមប្រជាពលរដ្ឋប្រមាណជិត ២០០ នាក់ក៏រៀបចំពិធីសែនព្រេន បួងសួងឱ្យក្រុមហ៊ុនផ្អាកសកម្មភាពទន្ទ្រានដីព្រៃបន្តទៀត រួចពលរដ្ឋក៏នាំយកត្រាក់ទ័រក្រុមហ៊ុនមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំ។ ក៏ប៉ុន្តែពេលកំពុងធ្វើដំណើរតាមផ្លូវក៏ស្រាប់តែបក្ខពួកក្រុមហ៊ុនបើកត្រាក់ទ័រចំនួន ៨ គ្រឿងមានគ្នាជាង១០នាក់ មកបើកសម្រុកបុកពលរដ្ឋដើម្បីរំដោះត្រាក់ទ័រពីពលរដ្ឋ។ លោកថា ក្នុងការប្រទូសរាយនោះ ក្រុមបក្ខពួករបស់ក្រុមហ៊ុនបានប្រើដាវដេញកាប់ពលរដ្ឋបណ្តាលឱ្យពលរដ្ឋម្នាក់រងរបួសត្រង់ភ្លៅស្តាំ។ ជាងនេះគោយន្ត និងម៉ូតូរបស់ពលរដ្ឋក៏រងការខូចខាតផងដែរ។
លោក គង់ ណៃ ចាត់ទុកទង្វើរបស់បក្ខក្រុមហ៊ុនខាងលើជាទង្វើបែបព្រៃផ្សៃដែលត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
លោក គង់ ណៃ៖«សូមអំពាវនាវដល់សម្តេចនានាជួយរកយុត្តិធម៌និងដំណោះស្រាយជូនពលរដ្ឋ ដោយពិនិត្យមើលភាពជាក់ស្តែងរបស់ជនដៃដល់ចាត់វិធានការតាមផ្លូវច្បាប់ផង។បើមិនមានចំណាត់ការណាមួយទេ នោះប្រជាពលរដ្ឋនូវតែទទួលហានិភ័យព្រោះគេមានបំណងសម្លាប់អ្នកភូមិ»។
សកម្មភាពពលរដ្ឋចាប់ឃាត់ត្រាក់ទ័ររបស់ក្រុមហ៊ុន។រូបភាពទទួលបានពីពលរដ្ឋ។
សម្រាប់ករណីហិង្សានេះលោក សុខ សង្វារ មេប៉ុស្តិ៍ឃុំឆែប២ មិនទាន់អាចបញ្ជាក់បានត្រូវបង្កសំណុំរឿងទៅតុលាការឬយ៉ាងណាទេ ដោយរង់ចាំការសម្រេចពីលទ្ធផលកិច្ចប្រជុំពីថ្នាក់ខេត្តជាមុនសិន។
លោក សុខ សង្វារ៖«ខ្ញុំជាប់ប្រជុំតិចល្ងាចនឹងផ្តល់ដំណឹងជូន។សម្រាប់ករណីហ្នឹងប្រហែលបញ្ជូនទៅលើ ដោយរឿងនេះអភិបាលខេត្តគាត់ដោះស្រាយ»។
តាមរយៈខ្លឹមសារដែលសហគមន៍ជនជាតិដើមកួយភូមិដងផ្លិត និងភូមិណារ៉ុង បង្ហោះលើទំព័រហ្វេសប៊ុករបស់ខ្លួន បានស្នើឱ្យអភិបាលខេត្តព្រះវិហារចំនួនបីចំណុច។
ទី១. បញ្ឈប់រាល់ការឈូសឆាយដីប្រើប្រាស់ជាក់ស្ដែង និងដីព្រៃបម្រុងទុកប្រមូលផលអនុផលធនធានធម្មជាតិរបស់ប្រជាពលរដ្ឋក្នុងភូមិដងផ្លិត និងភូមិណារ៉ុង។ទី២. ចាប់ជនបង្កដាក់ពន្ធធនាគារ និងទូទាត់សំណងខូចខាត់ដំណាំស្រែចំការ និងរបស់ប្រើប្រាស់ជាក់ស្ដែងដូចជាម៉ូតូ គោយន្ត និងសងជំងឺចិត្តអ្នករងរបួសស្នាមនិងទី៣. ចេញដីការការពារដីប្រើប្រាស់ជាក់ស្ដែង និងដីព្រៃធនធានធម្មជាតិទុកសម្រាប់មនុស្សគ្រប់ជំនាន់ក្នុងភូមិដងផ្លិតនិងភូមិណារ៉ុង៕