en     km
en     km

ករណីម្ចាស់បំណុលជាប់ពន្ធនាគារ សាលាឧទ្ធរណ៍តម្កល់ការសម្រេចរបស់សាលាដំបូងខេត្តសៀមរាបទុកជាបានការ ដោយដាក់ទោសស្ត្រីម្ចាស់បំណុល ២ឆ្នាំតែត្រូវព្យួរ

Share

ករណីម្ចាស់បំណុលជាប់ពន្ធនាគារ សាលាឧទ្ធរណ៍តម្កល់ការសម្រេចរបស់សាលាដំបូងខេត្តសៀមរាបទុកជាបានការ ដោយដាក់ទោសស្ត្រីម្ចាស់បំណុល ២ឆ្នាំតែត្រូវព្យួរ

សាលាឧទ្ធរណ៍បាត់ដំបង នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥នេះ បានសម្រេចតម្កល់ការសម្រេចរបស់សាលាដំបូងខេត្តសៀមរាប ទុកជាបានការដដែល ក្នុងសំណុំរឿងប្ដឹងផ្ដល់គ្នារវាងឈ្មោះ សម្បត្តិ កុសល និងឈ្មោះ ចិន ស្រីដា។ ការសម្រេចនេះ ធ្វើឡើងក្រោយលោក សម្បត្តិ កុសល ដែលជាភាគីកូនបំណុល ប្ដឹងជំទាស់ចំពោះការសម្រេចរបស់សាលាដំបូងខេត្តសៀមរាប ដែលព្យួរទោសឈ្មោះ ចិន ស្រីដា។

ក្នុងសាលដីកាដែលប្រកាសជាសាធារណៈ សាលាឧទ្ធរណ៍បាត់ដំបង បានសម្រេច តម្កល់សាលក្រមព្រហ្មទណ្ឌលេខ ១៥“ឃ”/១៦១ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ របស់សាលាដំបូងខេត្តសៀមរាប ទុកជាបានការលើកលែងតែសេចក្ដីសម្រេចត្រង់ ចំណុចទី១ ដែលត្រូវកែប្រែថា៖«ផ្តន្ទាទោសជនជាប់ចោទ ឈ្មោះ ចិន ស្រីដា ដាក់ពន្ធនាគារកំណត់រយៈពេល ២(ពីរ)ឆ្នាំ ប៉ុន្តែទោសនេះ ត្រូវអនុវត្តក្នុងពន្ធនាគារត្រឹមរយៈពេលឃុំខ្លួនបណ្តោះអាសន្ន ទោសសល់ពីនេះ ត្រូវអនុវត្តការព្យួរទោសធម្មតា ពីបទ «គំរាមកំហែងហែកកេរ្តិ៍» ប្រព្រឹត្តនៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ និង អំឡុងខែមីនា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្ដន្ទាទោស តាមបញ្ញត្តិមាត្រា ៣៧២ និងមាត្រា ៣៧៣ និងមាត្រា ១០៧ និង មាត្រា ១០៨ នៃក្រមព្រហ្មទណ្ឌ»

ករណីម្ចាស់បំណុលត្រូវជាប់ពន្ធនាគារដោយសារកូនបំណុល ដែលកើតឡើងនៅឯខេត្ដសៀមរាប បានធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ និងវែកញែកពីមជ្ឈដ្ឋានជាច្រើនតាមបណ្ដាសង្គមនៅក្នុងខែមេសា ឆ្នាំ២០២៥ ខណៈម្ចាស់បំណុលត្រូវជាប់ពន្ធនាគារ ហើយស្វាមីកូនបំណុលត្រូវដកបុណ្យស័ក្ក។

ក្រោយមហាជនបន្ដវែកញែកនិងរិះគន់កាន់តែខ្លាំងសាលាដំបូងខេត្តសៀមរាបបាន​បកស្រាយលើករណីអ្នកស្រី ចិន ស្រីដា ដែលជាម្ចាស់បំណុលត្រូវជាប់ពន្ធនាគារ ដោយសារ​បណ្ដឹងរបស់កូនបំណុលពីរនាក់ប្ដីប្រពន្ធ ថាដោយសារ​អ្នកស្រីមិនបានស្វែងរកមធ្យោបាយផ្លូវច្បាប់ដើម្បីទាមទារ​បំណុលរបស់ខ្លួន។ សម្រាប់សាលាដំបូងខេត្តសៀមរាបករណីរបស់អ្នកស្រី ចិន ស្រីដា ជាករណី២ដាច់ពីគ្នាគឺរដ្ឋប្បវេណី(ជំពាក់លុយ) និងករណីព្រហ្មទណ្ឌ(ទាក់ទងនឹងការគំរាមកំហែងកេរ្តិ៍)។

ករណីអ្នកស្រី ចិន ស្រីដា ត្រូវលោក សម្បត្តិ កុសល ដែលគេស្គាល់ថាជាស្នងការរងខេត្តបន្ទាយមានជ័យ ត្រូវជាស្វាមីរបស់ស្ត្រីជាកូនបំណុល ប្ដឹងកាលពីខែមីនា ឆ្នាំ២០២៤ គឺ៤ថ្ងៃបន្ទាប់ពីអ្នកស្រី ស្រីដាឆាតប្រាប់ឱ្យប្ដីកូនបំណុលរបស់ខ្លួនសងលុយដែលថាស្រ្តីជាប្រពន្ធបានខ្ចីលុយខ្លួនយករត់ការឱ្យប្ដីឡើងផ្កាយមួយនៅខេត្តបន្ទាយមានជ័យ។ បណ្ដឹងនោះបានបានដកស្រង់ខ្លឹមសាររបស់អ្នកស្រី ចិន ស្រីដា ថា «បើគេចវេសមិនសងឱ្យខ្ញុំ ដឹងមួយម៉ាត់ស្រួលខ្ញុំដាក់ពាក្យបណ្ដឹង ហើយឱ្យសារព័ត៌មានរកដំណោះស្រាយតាមយុត្តិធម៌ឱ្យខ្ញុំ»។

អ្នកស្រី ចិន ស្រីដា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ នៅភូមិសាស្ត្រស្រុកក្រឡាញ់ ខេត្តសៀមរាប តាមដីកាបង្គាប់ឱ្យចាប់ខ្លួន-ឃុំខ្លួនរបស់ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តសៀមរាប ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥។ រហូតដល់ថ្ងៃទី១១ ខែមេសា ទើបសាលាឧទ្ធរណ៍បាត់ដំបង សម្រេចឱ្យអ្នកស្រីម្ចាស់បំណុលនៅក្រៅឃុំបណ្ដោះអាសន្ន។

ស្របពេលមានការប្តឹង ផ្តល់ទៅដល់តុលាការ របស់លោកសម្បត្តិ កុសលនេះ គេក៏ឃើញមានប្រកាសមួយរបស់ លោក ស សុខា រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្រេចផ្ទេរភារកិច្ច លោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ពីស្នងការរងខេត្តបន្ទាយមានជ័យ មកបម្រើការងារ នៅនាយកដ្ឋានវិទ្យុទាក់ទង ចំអគ្គស្នងការដ្ឋាន នគរបាលជាតិ ៕

Share

ព័ត៌មានទាក់ទង