រូបភាពអ្នកស្រី ផាវ ញ៉ើង និងកូនតូច នៅមុខផ្ទះ មុនពេលជាប់ពន្ធនាគារ
ខណៈពេលអ្នកស្រីផាវ ញ៉ើង ជាប់ពន្ធនាគារ ដោយសារតែជម្លោះដីធ្លីជាមួយក្រុមហ៊ុនឯកជននៅខេត្តកោះកុង មានជនមិនស្គាល់មុខឆ្លៀតពេលអ្នកស្រីជាប់ពន្ធនាគារ បានចូលបំផ្លាញទ្រព្យសម្បិត្តិក្នុងផ្ទះអ្នកស្រី និងលួចមាន់។ កូនរបស់អ្នកស្រី បានអំពាវនាវ ដល់អាជ្ញាធរ ជួយអន្តរាគមន៍ស្វែងរកជនល្មើស និងសុំឱ្យតុលាការដោះលែងម្ដាយរបស់ខ្លួនដើម្បីអាចមកនៅផ្ទះសម្បែងវិញ។ លោក គីម ចាន់ចាវ រាយការណ៍
ក្រុមចោរអាចចូលលួចទ្រព្យសម្បត្តិបានកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដោយសារតែកូនៗអ្នកស្រីផាវ ញ៉ើ គ្មានលិទ្ធភាពមើលថែទាំផ្ទះ ដោយនាំគ្នាទៅភ្នំពេញធ្វើការដើម្បីរកការងារចិញ្ចឹមជីវិត និងជីវភាពគ្រួសារ។ លោក ហង់ វាសនា កូនប្រុសរបស់អ្នកស្រី ផាវ ញ៉ើងដែលបាននាំប្អូនស្រីតូច៨ឆ្នាំមកតាមខ្លួននៅភ្នំពេញពេលម្ដាយជាប់ពន្ធនាគារ បានប្រាប់វិទ្យុស្ត្រីថា ករណីចោរចូលផ្ទះរបស់លោក គឺតែងកើតមានឡើង ខណៈពេលដែលក្រុមគ្រួសារមួយនេះមានបញ្ហាដីធ្លីជាមួយក្រុមហ៊ុនឯកជន ដែលលើកនេះគឹជាលើកទី៣ហើយដែលកើតមានករណីនេះ។ ក៏ប៉ុន្តែករណីលើកនេះកើតចំពេលដែលម្ដាយរបស់លោកកំពុងជាប់ពន្ធនាគារ ហើយកូនៗត្រូវចំណាកស្រុកដើម្បីរកប្រាក់នៅទីក្រុង។
លោកបន្តថា ក្រោយពេលក្រុមចោរចូលគាស់ផ្ទះ ឯកសារពាក់ព័ន្ធនឹងសហគមន៍ដីធ្លីមួយចំនួនដែលរក្សាទុកក្នុងផ្ទះត្រូវបានរាយប៉ាយ និងឯកសារខ្លះបានបាត់ផងដែរ ប៉ុន្តែលោកមិនហ៊ានប្រាប់ម្ដាយរបស់លោកដែលកំពុងឃុំខ្លួនក្នុងពន្ធនាគារអំពីរឿងនេះឡើយ ចៀសវាងការព្រួយបារម្មណ៍។ ទោះយ៉ាងណា លោក អះអាងថាការលួចគាស់ទ្វាផ្ទះនេះមិនត្រឹមតែជាការបំផ្លាញលើទ្រព្យសម្បត្តិគ្រួសារនេះប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការគំរាមកំហែងដល់សុខសុវត្តិភាពរបស់ទ្រព្យនិងសមាជិកក្នុងគ្រួសាររបស់លោកផងដែរ។
«ខ្ញុំអត់ហ៊ានសន្និដ្ឋានអីផ្ដេសផ្ដាសទេបង ប៉ុន្តែខ្ញុំមានអារម្មណ៍ថាខ្ញុំបាត់បង់សុវត្ថិភាពនៅក្នុងក្រុមគ្រួសារ ព្រោះស្របពេលកំពុងតែមានរឿងហ្នឹងហើយ បែរជាមានការចូលបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះខ្ញុំទៀត ចឹងយើងអត់ដឹងថាការណ៍ដែលគាត់ចូលនោះក្នុងគោលបំណងដើម្បីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិធម្មតាទូទៅ ឬក៏ការណ៍ដែលមានបំណងផ្សេងឬក៏គាត់គ្រាន់តែរបស់ធម្មតា..»។
គិតត្រឹមថ្ងៃទី០២ ខែតុលានេះ អ្នកស្រី ផាវ ញ៉ើង (ដែលមានកូនតូចជាប់ខ្លួន) ត្រូវបានឃុំខ្លួន ៩៥ថ្ងៃហើយ។ អ្នកស្រី ផាវ ញ៉ើង និង សកម្មជនម្នាក់ទៀតគឺអ្នកស្រី សេង លីន ត្រូវបន្តជាប់ឃុំក្នុងពន្ធនាគារ កាលពីចុងខែសីហា ដោយសារសាលាឧទ្ធរណ៍ព្រះសីហនុ ផ្ដន្ទាទោសដាក់ពន្ធនាគារ១ឆ្នាំ ក្នុងករណី ដែលពួកគេត្រូវបានផ្ដន្ទាទោសពីបទបរិហាកេរ្តិ៍ និងបទញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ពាក់ព័ន្ធនឹងភាពសកម្មនិយមរបស់ពួកគេ ជុំវិញនឹងវិវាទដីធ្លីជាមួយក្រុមហ៊ុនឯកជន។
ពាក់ព័ន្ធបញ្ហានេះវិទ្យុស្ត្រីធ្លាប់បានព្យាយាមទាក់ទងសុំការបំភ្លឺជាច្រើនសារពីលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ប៉ុន្តែលោកមិនឆ្លើយតបសំនួររបស់វិទ្យុស្ត្រីនោះទេ ។ ទោះយ៉ាងណា លោក អំ សំអាត នាយកកិច្ចការទូទៅអង្គការលីកាដូ បានលើកឡើងថា ដំណោះស្រាយដែលប្រើប្រព័ន្ធតុលាការចោទប្រកាន់សកម្មជនដីធ្លីនេះ គឺជារឿងអយុត្តិធម៌សម្រាប់ពួកគេដ្បិតលោកយល់ថា ការកាត់ទោស ឬការឃុំខ្លួនពួកគេនឹងធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធយុត្តិធម៌ និងមុខមាត់រាជរដ្ឋាភិបាលទៅវិញទេ។
«បញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋនេះវាកើតឡើងរ៉ាំរ៉ៃហើយយូរមកហើយអត់មានដំណោះស្រាយ ប៉ុន្តែត្រូវបានតុលាការធ្វើការចោទប្រកាន់ហើយនឹងកាត់ទោសពួកគាត់ទៅវិញណា។ អញ្ចឹងវាប៉ះពាល់ដល់ប្រព័ន្ធយុត្តិធម៌ ប៉ះពាល់ដល់មុខមាត់អាជ្ញាធរ មុខមាត់របស់រាជរដ្ឋាភិបាលទៅវិញ។ អញ្ចឹងយើងឃើញថាទោះបីជាប្រើប្រាស់ឬក៏តុលាការកាត់ទោសពួកគាត់យ៉ាងណាក៏ដោយក៏មិនអាចបំបិទសំឡេងពួកគាត់ មិនអាចបំបិទមិនឱ្យគាត់តវ៉ាបានទេ យើងឃើញហើយផ្ទុយទៅវិញកាន់តែមានការតវ៉ាទាមទារឱ្យមានការដោះលែងអីជាដើម…»។
ក្រោយពីមានបញ្ហាចោរចូលលុកលុយផ្ទះដែលទុកចោលនេះ កុមារី ថា កាកា មានអាយុ៨ឆ្នាំជាកូនស្រីរបស់អ្នកស្រី ផាវ ញ៉ើង បានស្នើឱ្យតុលាការ ដោះលែងម្ដាយរបស់ខ្លួនដើម្បីអាចឱ្យពួកគេអាចជួបជុំគ្នានៅក្នុងផ្ទះវិញ។
«ខ្ញុំសូមឱ្យតុលាការនៅខេត្តកោះកុងដោះលែងម៉ាក់ញ៉ើង ពេលដែលចូលឆ្នាំខ្ញុំមានម៉ាក់ខ្ញុំនៅកក់(កក់ក្ដៅ)ក្បែរ នៅជួបជុំគ្រួសារ និងគាត់វេចនំឱ្យខ្ញុំញ៉ាំ។ ពេលដែលឥលូវនេះ ពេលនេះម៉ាក់ខ្ញុំជាប់ពន្ធនាគារ ខ្ញុំអត់មានម៉ាក់ ពេលជួបជុំគ្នាអត់បានទៅវត្តជាមួយគ្នា អត់មានលុយចាយ ហើយជាមួយនឹងនឹកម៉ាក់ និងប្អូន»។
កុមារី ថា កាកា កូនស្រីរបស់អ្នកស្រី ផាវ ញ៉ើង
កូនៗអ្នកស្រីផាវ ញ៉ើងទាំងពីរនាក់ អំពាវនាវសូមឲ្យសមត្តកិច្ច ឃុំជីខក្រោម ស្រុកស្រែអំបិលខេត្តកោះកុង ស្រាវជ្រាវរកជនល្មើសមកផ្តន្ទាទោសតាមផ្លូវច្បាប់ បន្ទាប់ពីពួកគេបានដាក់ពាក្យបណ្តឹងទៅអាជ្ញាធររួចរាល់។ជាងនេះទៅទៀតគ្រួសារអ្នកស្រី សំណូមពរឲ្យមានការដោះលែង និងពន្លឿនការផ្តល់សេរីភាពដល់ម្តាយខ្លួន និងទម្លាក់បទចោទប្រកាន់ដែលគេយល់ថាអយុត្តិធម៌ ដោយគេលើកឡើងថាការដែលម្តាយជាប់ពន្ធនាគារនេះគឺមានភាពលំបាកច្រើនក្នុងក្រុមគ្រួសារ មិនថាជាការខ្វះភាពកក់ក្តៅ ការមើលថែកូនៗ ផ្ទះសម្បែង ព្រមទាំង ជីវភាពរស់នៅក្នុងនាមជាពលរដ្ឋក្រីក្រ។
«ការដែលចោរឬក៏អ្នកដែលអត់ស្គាល់មុខចូលទន្ទ្រាននេះ វាក៏ជាចំណែកមួយដែលអត់មានវត្តមានម៉ាក់ខ្ញុំដែរ ព្រោះតាំងពីដើមឡើយពេលដែលម៉ាក់ខ្ញុំនៅ ក៏អត់មានចោរមានអីចូលបំផ្លិចបំផ្លាញអីផ្ដេសផ្ដាសដែរ លុះត្រាតែយើងអត់នៅ។ ហើយស្របពេលនេះ ដោយសារតែជីវភាពយើងខ្វះខាតផងជាមួយនឹងយើងអត់មានម្ដាយដែលជាងអ្នកមើលថែផ្ទះ ដែលជាងអ្នកគ្រប់គ្រងក្នុងគ្រួសារនៅផង បានជាឱកាសឱ្យចោរហ្នឹងគាត់ចូលទន្ទ្រានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់យើង..»។
កូនៗអ្នកស្រីផាវ ញ៉ើងទាំងពីរនាក់៖ កុមារី កាកា និង លោក ហង់ វាសនា
ក្រុមសកម្មជននៃសហគមន៍ព្រលានខេត្តកោះកុង បានតស៊ូនឹងជម្លោះដីធ្លីនេះជាច្រើនចាប់តាំងពីឆ្នាំ២០០៦ បន្ទាប់ពីក្រុមហ៊ុនដែលមាន ទំនាក់ទំនងជាមួយឧកញ៉ា លី យ៉ុងផាត់ និងលោក ហេង ហ៊ុយ បានវិនិយោគដំណាំស្ករអំពៅលើដីសហគមន៍ ។ ទោះបីជាយ៉ាងណាក៏ដោយ ការខិតខំប្រឹងប្រែងរបស់សកម្មជន ក្នុងការការពារដីធ្លីរបស់ពួកគេ តែងត្រូវបានជួបប្រឈមជាបន្តបន្ទាប់ជាមួយនឹងការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរ។ នេះហើយតាមសេចក្ដីថ្លែងការរបស់ក្រុមសង្គមស៊ីវិលជាង៥០ ក្នុងខែកក្កដា ឆ្នា២០២៣៕