loader

សម្ដេច ហ៊ុន សែន អំពាវនាវឱ្យអនុវត្ដ ៨ចំណុចដើម្បីគុណភាពនៃការអប់រំសម្រាប់គ្រប់គ្នា

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាជូនអនុសាសន៍ថា ដើម្បីធានាឱ្យការអប់រំឲ្យមានគុណភាពប្រកបដោយសមធម៌ បរិយាកាស និងលើកកម្ពស់ឱកាសក្នុងការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា គឺពាក់ព័ន្ធត្រូវអនុវត្តគោលការណ៍៨ចំណុចឱ្យបានខ្ជាប់ខ្ជួន។ ការអំពាវរបស់សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជាបានធ្វើឡើងក្នុងថ្ងៃបើកបវេសនកាលថ្មីសម្រាប់ឆ្នាំសិក្សា ២០១៨ ២០១៩។

សម្ដេចសរសេរក្នុងទំព័រហ្វេសបុករបស់សម្ដេចថា ថ្ងៃទី ០១​ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ​​ ជាថ្ងៃដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅបំផុតរបស់សិស្សានុសិស្សចំណេះទូទៅទាំងអស់ មានឱកាសទទួលបានការអប់រំ។​

តាមរយៈការបង្ហាញសារអបអរសាទរនេះ សម្ដេចក៏បានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូបង្រៀនទាំងអស់នៅទូទាំងប្រទេស ដែលការខិតខំលះបង់កម្លាំងកាយ​ ប្រាជ្ញា ស្មារតី បង្ហាត់បង្រៀនសិស្ស ឲ្យទទួលបានចំណេះដឹង ជំនាញ សីលធម៌ និងកាយសម្បទារឹងមាំ ដើម្បីក្លាយជាពលរដ្ឋល្អ ដែលជាសរសរទ្រូងដ៏រឹងមាំ ក្នុងការអភិវឌ្ឍប្រទេសជាតិ។

យ៉ាងណាមិញ ដើម្បីធានាឱកាសអប់រំឲ្យមានគុណភាពប្រកបដោយសមធម៌ បរិយាកាស និងលើកកម្ពស់ឱកាសក្នុងការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា សម្ដេចហ៊ុនសែនអំពាវនាវដូចតទៅ៖

១) ក្រសួងអប់រំ យុវជន និងកីឡា និងស្ថាប័នពាក់ព័ន្ធត្រូវពិនិត្យឡើងវិញនូវគោលនយោបាយក្របខណ្ឌច្បាប់បទដ្ឋាន និងយន្តការចាំបាច់ដើម្បីដឹកនាំគ្រប់គ្រង ក្នុងការអនុវត្តឲ្យមានប្រសិទ្ធភាព។

២) គ្រប់គ្រឹះស្ថានសិក្សា ព្រមទាំងវត្តអារាមត្រូវបង្កើនការផ្សព្វផ្សាយនិងធ្វើយុទ្ធនាការប្រមូលកុមារចូលរៀន រៀបចំសម្ភារៈ និងបរិវេណសម្រាប់សិក្សា ប្រកបដោយផាសុខភាព។ សាលារៀនត្រូវត្រៀមលក្ខណៈក្នុងការទប់ទល់នឹងបញ្ហាប្រឈមនានា ដោយធានាឱ្យបាននូវការអប់រំពេញលេញស្របតាមកម្មវិធីសិក្សាដែលបានកំណត់។ ចំពោះសាលារៀនដែលមានការអនុវត្តកម្មវិធីនានា ត្រូវខិតខំបង្កើនប្រសិទ្ធភាព ក្នុងការអនុវត្តក៏ដូចជាការផ្ដល់អាហារូបករណ៍ដល់សិស្ស ក៏ដូចជាផ្ដល់អាហារពេលព្រឹកឬអាហារថ្ងៃត្រង់ជាដើម។

៣) លោកគ្រូអ្នកគ្រូទាំងអស់ ត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពខ្លួនបន្ថែមទៀត រួមមានផ្នែកចំណេះដឹង វិធីសាស្ត្រនៃការបង្រៀន បច្ចេកវិទ្យាព័ត៌មាន ភាសាបរទេស ដើម្បីយកចំណេះដឹងថ្មីៗទាំងនេះទៅបញ្ជា្របសិស្សានុសិស្ស។

៤) សិស្សានុសិស្ស ក៏ដូចជាយុវជន យុវនារីទាំងអស់ ត្រូវខិតខំរៀនសូត្រឲ្យបានល្អ និងចូលរួមគ្រប់សកម្មភាពនានា ដើម្បីគាំទ្រដំណើរការអភិវឌ្ឍសាលារៀន និងសង្គមជាតិ។ សម្ដេចបន្ថែមថា សិស្សានុសិស្ស យុវជនយុវនារីទាំងអស់  បើស្រលាញ់ឪពុកម្ដាយ ស្រលាញ់អនាគតរុងរឿង ត្រូវនៅឆ្ងាយពីគ្រឿងញៀន អំពើអបាយមុខផ្សេងៗ ព្រមទាំងអំពើអសកម្មនានា។

៥) មាតាបិតា អាណាព្យាបាលសិស្ស ព្រមទាំងសហគមន៍ត្រូវរួមចំណែកឲ្យបានខ្លាំងក្លាបន្ថែមទៀតប្រកបដោយនិរន្តរភាព ក្នុងការជួយអប់រំកូនចៅទាំងផ្នែកសុខភាព ចំណេះដឹង និងសីលធម៌។

៦) អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវបន្ថែមការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសកម្មភាពផ្សេងទៀតសម្រាប់បង្កលទ្ធភាព ជំរុញសិស្ស និងយុវជន យុវនារី ដែលមិនបានរៀនសូត្រឬបោះបង់ការសិក្សា អោយមានឱកាសទទួលបានការរៀនសូត្រសារជាថ្មី ជាពិសេសត្រូវបង្កភាពងាយស្រួលដល់សិស្ស និងយុវជនដែលជួបការលំបាកអាចរៀនសូត្របានគ្រប់ៗគ្នា។

៧) ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ សូមជួយផ្សព្វផ្សាយ និងបញ្ជ្រាបឲ្យបានកាន់តែទូលំទូលាយអំពីសារៈសំខាន់នៃការអប់រំ ព្រមទាំងអំពាវនាវដល់មាតាបិតាអាណាព្យាបាលសិស្ស ឲ្យនាំកូនដល់អាយុចូលរៀនទៅចុះឈ្មោះចូលរៀន។

៨) ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល ត្រូវបង្កើនកិច្ចសហការនិងពង្រឹងភាពជាដៃគូកាន់តែខ្លាំងបន្ថែមទៀតក្នុងការជួយឧបត្ថម្ភគាំទ្រដល់កម្មវិធីអប់រំផ្សេងៗ។

អត្រា​ការ​ចុះ​ឈ្មោះ​ចូល​រៀន​របស់​កុមារកម្ពុជា​នៅ​ថ្នាក់បឋមសិក្សាកំពុង​តែ​កើនឡើងជាខ្លាំង​ ក្នុងនោះ​ ការចំណាយ​របស់​រដ្ឋលើ​វិស័យ​នេះ​ ក៏បាន​កើន​ឡើងជា​បន្តបន្ទាប់​ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។​ សាលារៀន​ថ្មីៗ​ជា​ច្រើន​ត្រូវ​បាន​បង្កើត​ឡើង​ ហើយ​អត្រា​អក្ខរកម្ម​ត្រូវ​បាន​លើកកម្ពស់​។​

យ៉ាងណា គេក៏សង្កេតឃើញថា​ វិស័យអប់រំនៅកម្ពុជាកាន់តែមានគុណភាពលើថ្នាក់មធ្យមសិក្សា ក្រោយពេលដែលមានការពង្រឹងដំណើរការនៃការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិពីក្រសូងអប់រំ យុវជន និងកីឡា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ តែសម្រាប់ឆ្នាំ ២០១៨នេះ បានកើតមានឡើងនូវបញ្ហាបន្តិបន្តួចទៅលើលទ្ធផលនៃការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ដែលឈានទៅដល់ការប្រកាសលទ្ធផលជាលើកទី២។ ករណីនេះ ធ្វើឱ្យសិស្សមួយចំនួន ក៏ដូចជាសាធារណៈជនបាត់បង់ទំនុកចិត្តលើក្រសួងអប់រំមួយកម្រិតថែមទៀត៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ក្រសួងមានយន្ដការថ្មីសម្រាប់ជំនួសយន្ដការចាស់ក្នុងការអង្កេតការប្រឡងបាក់ឌុបឆ្នាំនេះ

(ភ្នំពេញ)៖ សេចក្ដីប្រកាសរបស់ក្រសួងអប់រំយុវជន [...]

លោក សម រង្ស៊ីឆ្លើយតបទៅនឹងការរៀបគម្រោងកម្ចាត់លោករបស់នាយករដ្ឋមន្ត្រីកម្ពុជា

ភ្នំពេញ៖ លោក សម​ រង្ស៊ី ប្រធានស្ដីទីអតីតគណបក្[...]

កាណាដាគ្រោងទិញសម្លៀកបំពាក់ពីកម្ពុជាតម្លៃជាង៩១លានដុល្លារក្នុងឆ្នាំ២០១៩-២០២០

(ភ្នំពេញ)៖ ប្រទេសកាណាដា មានគម្រោងទិញផលិតផលសម្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត