en     km
en     km

សម្ដេចហ៊ុនសែននៅតែអះអាងថាកម្ពុជាគ្មានវិបត្តិនយោបាយទេ

Share

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុនសែន នៅតែបន្តអះអាងថា កម្ពុជា​គ្មានវិបត្តិនយោបាយទេ ដែលស្ថានភាពអភិវឌ្ឍន៍ប្រទេសនៅបន្តជានិច្ចខណៈកម្ពុជា ត្រូវបានប្រទេសលោកខាងលិចអាមេរិកនិងសហភាពអឺរ៉ុបមើលឃើញថា កំពុងដើរលើផ្លូវមួយងាកចេញពីប្រព័ន្ធប្រជាធិបតេយ្យ។

អ្នកស្រី អ៊ឹម សុខន រាយការណ៍បន្ថែម!

សម្ដេចនាយករដ្ឋមន្ត្រីបានថ្លែងដូចនេះនៅក្នុងពិធី អញ្ជើញជាអធិបតីសម្ពោធបើកឲ្យដំណើរការជាផ្លូវការ សណ្ឋាគារលំដាប់ផ្កាយ៥ «ដឹរ៉ូយ៉ាល់ សេន កោះរ៉ុង» ស្ថិតភូមិសុខសាន្ដ សង្កាត់កោះរ៉ុង ខេត្តព្រះសីហនុនៅព្រឹកថ្ងៃចន្ទទី២៣មេសានេះ។

សម្តេច ហ៊ុន សែន ថ្លែងថា ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស នៅតែបន្តដើរទៅមុខ ទន្ទឹមគ្នាជាមួយការរីកចម្រើនរបស់កម្ពុជា។

ប្រទេសកម្ពុជា នឹងបោះឆ្នោតជ្រើសតាំងសមាជិកសភាអាណត្តិទី ៦នៅថ្ងៃទី២៩កក្កដា ឆ្នាំ២០១៨  ដែលអ្នកសង្កេតការណ៍គិតថា នឹងគ្មានវត្តមានបក្សប្រឆាំងព្រោះតែត្រូវបានរំលាយដោយតុលាការកំពូលកាលពីថ្ងៃទី១៦វិច្ឆិកាឆ្នាំ២០១៧។

ឆ្លៀតក្នុងពិធីនេះ សម្ដេចហ៊ុនសែន នៅតែបន្តអះអាងថា ការបោះឆ្នោតដែលនាំអោយបក្សប្រជាជនកម្ពុជា បន្តឈ្នះឆ្នោតដឹកនាំប្រទេសគឺជាការនាំនូវការអភិវឌ្ឍហើយ សំណង់ហេដ្ឋរចនាសម្ព័ន្ធ បន្តរីកច្រើនថែមទៀត។

តែយ៉ាងនេះក្ដី ការបោះឆ្នោតសភា ជាច្រើនអាណត្តិកន្លងមក ជាពិសេស ការបោះឆ្នោតកាលពីថ្ងៃទី២៨កក្កដា ឆ្នាំ២០១៣ ដែលកាលនោះ គណបក្សសង្រ្គោះជាតិដឹកនាំដោយលោកសមរង្ស៊ីនិងលោកកឹមសុខា ត្រូវបានមើលឃើញថា ជាព្រឹត្តិការណ៍ដ៏កម្រនិងជាប្រវត្តិសាស្ត្រដែលធ្វើអោយបក្សកាន់អំណាចរបស់សម្ដេចហ៊ុនសែន របូតអាសនៈ​ចំនួន២២ ពី៩០មក៦៨អាសនៈ ។

ការបោះឆ្នោតសភាអាណត្តិទី៦នៅថ្ងៃទី២៩កក្កដាឆ្នាំ២០១៨នេះ ទំនង គ្មានបក្សប្រឆាំងធំចូលរួមនោះ គឺជាលើកដំបូងហើយ ចាប់តាំងពីឆ្នាំ១៩៩៣ ខណៈប្រទេសកម្ពុជាមានការបោះឆ្នោតស្ថិតនៅក្រោមក្រសែភ្នែករបស់សហគមន៍អន្តរជាតិតាំងពីពេលនោះមក។  

លោកសមរង្ស៊ី អតីតប្រធានគណបក្ស សង្រ្គោះជាតិ និងជាប្រធានចលនាប្រជាធិបតេយ្យនៅ ក្រៅប្រទេសបានអំពាវនាវឱ្យពលរដ្ឋខ្មែរកុំចេញទៅបោះឆ្នោតដែលលោកថា ការបោះឆ្នោតនោះ មិនធ្វើអោយសហគមន៍អន្តរជាតិ មានអាមេរិក សហភាពអឺរ៉ុប ទទួលស្គាល់ រដ្ឋាភិបាលចេញពីការបោះឆ្នោតនោះទេ។លោកសមរង្ស៊ី ចង់អោយបក្សកាន់អំណាច បើកការចរចាជាមួយ បក្សរបស់លោកឡើងវិញប្រយោជន៍អោយបក្សប្រឆាំងនេះ មានវត្តមាននៅក្នុងការបោះឆ្នោត។

តែយ៉ាងនេះក្ដី សម្ដេចហ៊ុនសែន កាលពីថ្មីៗនេះ បានថ្លែងថា ទោះជាគ្មានសហគមន៍អន្តរជាតិ ទទួលអោយតម្លៃនៃការបោះឆ្នោតនោះក៏ដោយតែ កម្ពជានៅតែជារដ្ឋអធិបតេយ្យមួយដដែល។

ជាការកត់សម្គាល់ ចាប់តាំងពីរដ្ឋមន្ត្រីការបរទេស ជប៉ុន លោក Taro Kono មកជួបសម្ដេចហ៊ុន សែនកាលពីថ្ងៃទី៩មេសា ដែលសារព៏ត៌មានជប៉ុនNHKថា លោកKono បន្តជំរុញសម្ដេចហ៊ុន សែន រៀបចំ ការបោះឆ្នោត ប្រព្រឹត្តទៅដោយភាពសេរី និងប្រកបដោយពហុបក្ស ត្រូវបានមើលឃើញថា សម្ដេចហាក់បន្ថយជាខ្លាំងនូវការប្រើវោហាសាស្ត្រនយោបាយ ធ្ងន់ៗវាយប្រហារទៅលើក្រុមប្រឆាំង។ ជាក់ស្ដែងក្នុងពិធីព្រឹកមិញមនេះ សម្ដេចប្រមុខរាជរដ្ឋាភិបាលក៏មិនបានប្រើសង្រ្គាមវោហាសាស្ត្រដូចមុនៗនោះទេ៕

Share

Image
Image
Image