en     km
en     km

លោកហ៊ុន ម៉ានី លើកទឹកចិត្តដល់ស្ដ្រីឱ្យប្រឹងប្រែងសារជាថ្មី ខណៈគ្រូកីឡាថ្មីមានជាប់ស្រ្ដីតិចតួច

Share

ក្រោយប្រកួតប្រែជែងគ្នាលើវិញ្ញាសារសំណេរ និងអនុវត្តន៍ផ្ទាល់ លើឯកទេសអប់រំកាយ និងកីឡា បេក្ខជន១០០នាក់ត្រូវបានជាប់ជាស្ថាពរក្លាយជាគរុនិស្សិត។ យ៉ាងណា ចំនួនស្ដ្រីដែលប្រឡងជាប់មានចំនួនតិចតួច បើធៀបនិងបុរស តែរដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈដែលទទួលបន្ទុកជ្រើសរើសបេក្ខភាព លើកទឹកចិត្តដល់ស្ដ្រីឱ្យប្រឹងប្រែងសារជាថ្មីនាឱកាសក្រោយ។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្រសួងមុខងារសាធារណៈបានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ការបញ្ចប់ដំណើរការ ប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ក្រោយប្រឡងសមត្ថភាពអនុវត្តន៍ផ្ទាល់បានបញ្ចប់នៅថ្ងៃម្សិលមិញ។

លោក ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានឱ្យដឹងថា ក្នុងចំណោមបេក្ខជនជាប់ជាស្ថាពរ១០០នាក់ ក្នុងនោះមានកម្រិតបណ្ដុះបណ្ដាល ១២+២ ចំនួន៧៥នាក់ មានស្ដ្រីជាប់តែ៧នាក់ប៉ុណ្ណោះ។ ចំណែកកម្រិត១២+៤ ចំនួន២៥នាក់ មានស្ដ្រីតែ១នាក់គត់ដែលបានប្រឡងជាប់ឯកទេសនេះ។

លោករដ្ឋមន្ដ្រីថា ក្រសួងបានផ្ដល់ឱកាសស្មើៗគ្នា ដល់បេក្ខភាពទាំងអស់ តែលទ្ធផលស្ថិតលើការប្រឹងប្រែងរបស់បេក្ខភាពនីមួយៗ។ ទោះបីជាចំនួនស្ដ្រីជាប់ជាគ្រូឯកទេសអប់រំកាយ និងកីឡា មានចំនួនតិចតួច តែលោកក៏លើកទឹកចិត្តដល់បេក្ខភាពនារីទាំងអស់ប្រឹងប្រែងសារជាថ្មី នាឱកាសក្រោយទៀត។

សូមជម្រាបថា ការប្រឡងគ្រូឯកទេសអប់រំកាយ និងកីឡា មាន២ដំណាក់កាល។ ដំណាក់កាលទី១ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ជាការប្រឡងវិញ្ញាសារសំណេរ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ចមានបេក្ខជនសរុប ១៧៤៦នាក់។ ដំណាក់កាលទី២ ជាការអនុវត្តន៍ផ្ទាល់នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា មានបេក្ខជនសរុប ១៧២៤នាក់។ យ៉ាងណាបេក្ខជនដែលជាប់ទាំង១០០នាក់ នឹងត្រូវហ្វឹកហាត់រយៈពេល២-៤ឆ្នាំ ផ្អែកតាមកម្រិតរបស់ខ្លួននៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា រួចនឹងត្រូវទៅតាមខេត្តគោលដៅចំនួន២១ ដែលក្រសួងបញ្ជូនទៅ។

ក្រសួងមុខងារសាធារណៈបញ្ជាក់ បេក្ខជនដែលមិនអស់ចិត្តចំពោះលទ្ធផល និងមានបំណងស្នើសុំការពិនិត្យសន្លឹកកិច្ចការរបស់ខ្លួន អាចដាក់ពាក្យស្នើសុំជាលាយលក្ខណ៍អក្សរទៅអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ នៃក្រសួងមុខសាធារណៈបាន។

ទាក់ទិនរឿងជ្រើសរើសគ្រូបង្រៀននេះ គេនៅចាំបានថា ក្រសួងអប់រំធ្លាប់បានបញ្ឈប់យុវជនមួយក្រុមដែលបានហ្វឹកហាត់ចូលជាគ្រូឯកទេសបានមួយរយៈ តែក្រោយមករកឃើញថាខុសលក្ខខន្ដិកក៏បញ្ឈប់វិញ។  យុវជន កែវ សុវណ្ណឫទ្ធិ និងបក្សពួក ១២នាក់ផ្សេងទៀត បានទៅតវ៉ាមុខក្រសួងអប់រំ និងស្វែងរកអន្ដរាគមពីក្រសួងមុខងារសាធារណៈ តែមិនបានផល ទោះចំណាយពេលវេលាតវ៉ាជាច្រើនខែក៏ដោយ។

សង្គមស៊ីវិល និងសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យធ្លាប់បានឱ្យក្រសួងអប់រំ ត្រូវដោះស្រាយលើករណីតវ៉ាដោយសន្ដិវិធីរបស់ក្រុមយុវជននេះជាហូរហែរ តែក្រសួងបានត្រឹមឆ្លើយតបប្រមាណជា២-៣លើកប៉ុណ្ណោះ ក្នុងរឿងរ៉ាវនេះ និងគ្មានផលសម្រាប់ក្រុមយុវជននោះដដែល៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង