អង្គការសិទ្ធិមនុស្សកម្ពុជា ដែលទទួលជំនួយពីសហរដ្ឋអាមេរិក និងរងផលប៉ះពាល់ក្រោយពីបង្កកជំនួយនេះ នៅតែជឿសហរដ្ឋអាមេរិក គិតគូរពីវិស័យសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ទោះបីអាមេរិកដកខ្លួនចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UNHRC)។ ប៉ុន្តែគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាថា ការដកខ្លួនរបស់សហរដ្ឋអាមេរិក មិនធ្វើឱ្យប៉ះពាល់វិស័យសិទ្ធិមនុស្សនៅកម្ពុជាឡើយ។ លោក គីម ចាន់ចាវ រាយការណ៍
តាមសារព័ត៌មាន Al Jazeera ចុះផ្សាយនៅថ្ងៃទី៤ ខែកុម្ភៈនេះ លោក ដូណាល់ ត្រាំ ប្រកាសថាសហរដ្ឋអាមេរិកដកខ្លួនពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងផ្ដាច់ជំនួយមូលនិធិដល់ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន(UNRWA) ផងដែរ។
ក្រៅពីប្រកាសដកខ្លួនពីក្រុមប្រឹក្សាអង្គការសហប្រជាជាតិកន្លងមកចាប់តាំងពីការចូលកាន់តំណែង អាណត្តិទីពីរនេះ លោក ដូណាល់ ត្រាំ ក៏បានប្រកាសថាសហរដ្ឋអាមេរិក ដកខ្លួនចេញពីអង្គការសុខភាពពិភពលោក (WHO) និងបានបង្កកជំនួយ USAID ជាដើម។
លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក ប្រាប់វិទ្យស្ដ្រីនៅថ្ងៃទី៦ ខែកុម្ភៈនេះថា ពិភពលោកទាំងមូល សុទ្ធតែរងផលប៉ះពាល់ពីការបង្កកជំនួយរបស់សហរដ្ឋអាមេរិក ដែលជំនួយនេះ មានទំហំទឹកប្រាក់ច្រើន មិនអាចរកជំនួយណាមកប្ដូរបានឡើយ។ ងាកមកសមាគមអាដហុក ក៏មិនខុសអង្គការផ្សេងទៀតដែរ សុទ្ធតែទទួលជំនួយពីសហរដ្ឋអាមេរិក តាមរយៈ USAID ដែលជំនួយទាំងនោះសមាគមអាដហុក យកមកធ្វើការងារលើកកម្ពស់វិស័យសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ក្នុងការជួយទៅដល់ជនដែលរងការរំលោភបំពានសិទ្ធិមនុស្ស ហើយនិងចូលរួមជួយពង្រឹងប្រព័ន្ធលទ្ធិប្រជាធិបតយ្យនៅក្នុងប្រទេសកម្ពុជាផងដែរ។
លោក នី សុខា ប្រធានសមាគមអាដហុក។ រូបភាពពីហ្វេសប៊ុកសមាគមអាដហុក។
លោក នី សុខា៖ «ពេលដែលមានការបង្កកជំនួយនេះគឺថាសមាគមអាដហុក ក៏ទទួលរងនូវផលប៉ះពាល់ធ្ងន់ធ្ងរ ប៉ះពាល់ទីមួយទៅលើសកម្មភាពរបស់យើង ដែលផ្អាកទៅលើសកម្មភាពមួយចំនួននៅក្នុងគម្រោងដែលទទួលបានពី USAID ហើយវាក៏មានផលប៉ះពាល់ទៅលើបញ្ហាថវិកាមួយចំនួនដែលផ្គត់ផ្គង់មកដល់បុគ្គលិក ក៏ដូចជារដ្ឋបាលផ្សេងៗ។ អាហ្នឹងជារឿងមួយដែលយើងទទួលរងផលប៉ះពាល់មិនខុសពីដៃគូយើងផ្សេងៗទៀតទេបាទ!»។
ថ្វីត្បិតតែសហរដ្ឋអាមេរិក បង្កកជំនួយ និងថែមទាំងដកខ្លួនចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិក្ដី តែវិស័យសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ជាគោលនយោបាយរបស់ប្រទេសមហាអំណាចមួយនេះ ហើយក៏មានសារៈសំខាន់ខ្លាំងណាស់នៅទូទាំងពិភពលោករ។ ដូច្នេះប្រសិនសហរដ្ឋអាមេរិកលែងខ្វល់ខ្វាយ និងគាំទ្រលើវិស័យទាំងនេះ លោកថា វិស័យសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នឹងជួបបញ្ហាប្រឈម ហើយពិភពលោកទាំងមូលនឹងមានហានិភ័យ។
លោក នី សុខា៖ «ខ្ញុំនៅតែជឿជាក់ថាប្រទេសអាមេរិកមិនអាចថាមិនខ្វល់អំពីរឿងទាំងអស់នេះទេ វាគ្រាន់តែថាក្នុងដំណាក់កាលនេះ វាអាចជាការមួយក្នុងការកែសម្រួលឡើងវិញនៅបញ្ហាផ្សេងៗទាក់ទងនឹងជំនួយរបស់សហរដ្ឋអាមេរិកទៅដល់ប្រទេសដៃគូផ្សេងៗហ្នឹងទេ។ ខ្ញុំនៅតែគិតថាប្រទេសអាមេរិក ជាប្រទេសមួយនៅតែគិតគូរ ពីព្រោះនយោបាយសហរដ្ឋអាមេរិកកន្លងមក ជានយោបាយមួយយកចិត្តទុកដាក់ខ្លាំងក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ទោះបីជាជំនួយផ្សេងៗឱ្យទៅប្រទេសដៃគូ ក៏ត្រូវតែមានការផ្សារភ្ជាប់ទៅនឹងកាតព្វកិច្ចក្នុងការអនុវត្តលើកកម្ពស់សិទ្ធិមនុស្ស និងប្រជាធិបតេយ្យហ្នឹងផងដែរ។ អ៊ីចឹងខ្ញុំគិតថា សហរដ្ឋអាមេរិកមិនអាចព្រងើយកន្ដើយ និងបោះបង់អ្វីដែលជាគោលនយោបាយនោះទេ»។
ប្រធានសមាគមរូបនេះបន្ថែមថា ផ្ទុយទៅវិញ នៅថ្ងៃអនាគត ប្រសិនជាសហរដ្ឋអាមេរិក ឈប់ខ្វល់ខ្វាយ និងលែងយកចិត្តទុកដាក់លើវិស័យទាំងនោះទេ ឥទ្ធិពលសហរដ្ឋអាមេរិកនឹងថយចុះ ដោយនៅទូទាំងពិភពលោកលែងមានអ្នកគាំទ្រប្រទេសនេះ។ ហើយក៏ធ្វើឱ្យប៉ូលប្រជាធិបតេយ្យ ធ្លាក់ចុះ ដែលបណ្ដាលឱ្យប៉ូលកុម្មុយនីស្ដ រីកសាយភាយកាន់តែកើនឡើង។
លោក ស្រ៊ាង ចិន្តា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ប្រាប់វិទ្យុស្ដ្រីដែរថា ការដកខ្លួនចេញរបស់សហរដ្ឋអាមេរិក ជាសិទ្ធិរបស់ប្រទេសនេះ ពីព្រោះប្រធានាធិបតីនាពេលនេះ គិតគូរផលប្រយោជន៍របស់ខ្លួនជាធំ។ ដូច្នេះអ្វីដែលគ្មានផលប្រយោជន៍ និងធ្វើឱ្យខូចខាតដល់សហរដ្ឋអាមេរិក គឺលោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងដកខ្លួនចេញ។
យ៉ាងណាកន្លងមកកម្ពុជាទទួលជំនួយពីសហរដ្ឋអាមេរិក តែងតែផ្សារភ្ជាប់ឱ្យលើកកម្ពស់សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ហើយនៅពេលសហរដ្ឋអាមេរិក សម្រេចបង្កកជំនួយ និងដកខ្លួនចេញក្រុមប្រឹក្សាសិទ្ធិមនុស្សថែមទៀត លោកថា ឥទ្ធិពលទាំងនោះនឹងមិនបង្កផលប៉ះពាល់លើវិស័យសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជាឡើយ។
លោក ស្រ៊ាង ចិន្តា៖ «អ៊ីចឹងយើងអត់មានអីជាការបារម្ភ ឬក៏គិតថាក្រោយពីសហរដ្ឋអាមេរិកដកខ្លួនចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សនេះ នឹងធ្វើឱ្យស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាកាន់តែអាក្រក់ឡើង វាអត់មានអីប៉ះពាល់នោះទេ ហើយសំខាន់គឺរដ្ឋាភិបាលោកយកចិត្តទុកដាក់លើគ្រប់វិស័យក្នុងការជំរុញ និងលើកកម្ពស់សិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាដែលយើងបានមើលឃើញស្រាប់ ហើយដើម្បីសិទ្ធិមនុស្សកាន់តែល្អប្រសើរឡើងមានតែពង្រឹងការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព»។
បន្ថែមពីនេះការដកខ្លួនរបស់សហរដ្ឋអាមេរិកនេះ លោកថា ក៏គ្មានផលប៉ះពាល់អ្វីដល់ការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដែរ ដោយការងារសំខាន់របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ពាក់ព័ន្ធនឹងយន្តការពិនិត្យជាសកលតាមកាលកំណត់ (UPR) មិនពាក់ព័ន្ធនឹងគោលនយោបាយសហរដ្ឋអាមេរិកឡើយ។ ដូច្នេះយន្តការ UPR នេះ កម្ពុជាបានចូលរួមបំពេញរួចហើយ និងទទួលបានអនុសាសន៍ពីរដ្ឋដែលជាសមាជិកនៃក្រុមប្រឹក្សានេះ៕
អត្ថបទដោយ៖ កញ្ញា ជា សុខនី