ភ្នំពេញ៖ មិត្តរួមការងារលោក ឈឿង ឈឹង និងមន្រ្តីសិទ្ធិមនុស្ស សម្តែងការមិនពេញចិត្តចំពោះការសម្រេចផ្តន្ទាទោសលើឃាតករបាញ់សម្លាប់អ្នកសារព័ត៌មានបរិស្ថានលោក ឈឿង ឈឹង ត្រឹមតែ១២ឆ្នាំ និងសងសំណងជាង ១ម៉ឺនដុល្លារ។ ការមិនសូវពេញចិត្តនេះ អ្នកពាក់ព័ន្ធខាងលើយល់ថា ឃាតកម្មនេះគឺជាករណីរៀបចំទុកជាមុនមានផែនការច្បាស់លាស់ ពោលគឺពុំមែនរឿងបាញ់សម្លាប់ដោយចៃដន្យ។ កញ្ញា កែវ សុជាតា រាយការណ៍
លោក ឈឿង ឈឹង មានវ័យ ៦៣ឆ្នាំ អ្នកសារព័ត៌មានមកពីអង្គភាពកម្ពុជាអភិវឌ្ឍន៍ ដែលសកម្មក្នុងការរាយការណ៍ពីបទល្មើសព្រៃឈើនៅស្រុកជីក្រែង ត្រូវបានខ្មាន់កាំភ្លើងបាញ់ចំ ពោះ បណ្តាលឱ្យរងរបួសធ្ងន់ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។ ក្រោយ ៣ថ្ងៃ គឺនៅថ្ងៃទី៧ ខែធ្នូ លោក ឈឹង ត្រូវបានបាត់បង់ជីវិត បន្ទាប់ពីវះកាត់ហើយ។ ហេតុការណ៍ការបាញ់សម្លាប់នេះ កើតឡើងរយៈពេលប្រមាណ១សប្ដាហ៍ ក្រោយពេលដែល លោក ឈឹង ចុះរាយការណ៍ព័ត៌មានពីការកាប់ទន្ទ្រានព្រៃឈើក្នុងដែនជម្រកសត្វព្រៃបឹងពែរ។
ភ្លាមៗសមត្ថកិច្ច ក៏ចាប់បានជនជាប់ចោទឈ្មោះ ស៊ី លឿយ និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តសៀមរាប ពីបទ «ឃាតកម្ម» កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤។ ឃុំខ្លួនបាន ៨ថ្ងៃ គឺថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ តុលាការខេត្តសៀមរាប ធ្វើសន្និសីទព័ត៌មានបកស្រាយលើករណីបាញ់សម្លាប់លោកឈឿង ឈឹង។ ក្នុងសន្និសីទនេះ លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានបញ្ជាក់ថា ករណីឃាតកម្មបាញ់សម្លាប់ លោក ឈឿង ឈឹង នេះ ជាទំនាស់ផលប្រយោជន៍រវាងបុគ្គល និងបុគ្គល ហើយមិនមានអ្នកនៅពីក្រោយខ្នងនោះទេ។ លោកចាត់ទុកថាទំនាស់បុគ្គលនេះ កើតឡើងដោយសារតែលោក ឈឹង បានទាមទារសំណូក ដើម្បីជាថ្នូរនឹងការមិនចុះផ្សាយព័ត៌មាន។
ចាប់តាំងពីការឃុំខ្លួនជនល្មើសឈ្មោះ ស៊ី លឿយ រហូតមកដល់ពេលនេះ មានរយៈពេល ៦ខែ ដែលសាលាដំបូងខេត្តសៀមរាប សម្រេចផ្តន្ទាទោសជនល្មើសដែលបាញ់សម្លាប់លោក ឈឿង ឈឹង អ្នកកាសែតដែលរាយការណ៍ពីបញ្ហាបរិស្ថាន និងព្រៃឈើ នៅស្រុកជីក្រែង ខេត្តសៀមរាប ដាក់ពន្ធនាគារចំនួន ១២ឆ្នាំ និងបង្គាប់ឱ្យបង់ប្រាក់សំណងការខូចខាត និងជំងឺចិត្តចំនួន ៥៤លានរៀល ស្មើនឹង១៣,៥០០ដុល្លារ ជូនគ្រួសារជនរងគ្រោះ។ នេះបើយោងតាមសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ (CamboJA) ចុះផ្សាយនៅថ្ងៃទី៦ ខែមិថុនានេះ។
សមាគមខាងលើបានឱ្យដឹងទៀតថា ការសម្រេចផ្តន្ទាទោសនេះ ធ្វើឡើងតាមរយៈសាលក្រមរបស់សាលាដំបូងខេត្តសៀមរាប ដែលសមាគមមួយនេះទទួលបាននៅថ្ងៃទី៥ ខែមិថុនានេះ ក្នុងពេលសាលក្រមនេះ ត្រូវសាលាដំបូងខេត្តសៀមរាប ប្រកាសកាលពីថ្ងៃទី២៨ ខែឧសភាកន្លងទៅនេះ។
ជុំវិញការសម្រេចរបស់តុលាការលោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ ថ្លែងប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី៦ ខែមិថុនាថា សាលក្រមសម្រេចផ្តន្ទាទោសនេះ ជាការសម្រេចរបស់តុលាការ ក៏ប៉ុន្តែលោកយល់ថា ការសម្រេចនេះហាក់មិនទាន់សមស្របបើធៀបនឹងការប្រព្រឹត្តរបស់ជនល្មើស។ ការដែលមន្រ្តីសិទ្ធិមនុស្ស យល់ថាមិនទាន់សមស្រប ដ្បិតឃាតកម្មនេះ ហាក់ដូចជាជនល្មើសបានគ្រោងរៀបចំទុកជាមុន ដើម្បីសម្លាប់អ្នកកាសែតរូបនេះ មិនមែនជាការបាញ់សម្លាប់ដោយចៃដន្យឡើយ។
លោក អំ សំអាត៖ «ទង្វើនិងការប្រព្រឹត្តហ្នឹង វាហាក់ដូចជាមិនទាន់សមរម្យមួយដែលអាចឱ្យទទួលយកបាន ពីព្រោះកាលដែលសម្លាប់ហ្នឹងវាហាក់ដូចជារឿងមួយមានការរៀបចំ មានការគ្រោងទុកទៅទៀត ហើយសម្លាប់ដោយយើងមើលទៅវាជារឿងមួយឃោរឃៅ។ អ៊ីចឹងទង្វើទាំងអស់ហ្នឹងវាគួរតែមានសណ្ឋានទម្ងន់ទោសហ្នឹងណា»។
ទោះយ៉ាងណាលោក សំអាត ចាត់ទុកថា ករណីនេះគឺមានពន្លឺយុត្តិធម៌សម្រាប់ក្រុមគ្រួសារជនរងគ្រោះ ព្រោះតុលាការបានផ្តន្ទាទោសលើជនល្មើស ប៉ុន្តែលោកចង់ឃើញឱ្យករណីបែបនេះគួរតែផ្តន្ទាទោសឱ្យធ្ងន់ជាងនេះ ដើម្បីឱ្យមានការរាងចាល។
លោក អំ សំអាត៖ «យុត្តិធម៌ហ្នឹងតើវាពេញលេញនឹងអាចទទួលយកបានទេ អាហ្នឹងបានត្រូវគិតថា ដូចខ្ញុំលើកឡើងថាការផ្តន្ទាទោសគួរតែមានដាក់ទោសឱ្យធ្ងន់ជាងនេះ»។
ដោយឡែកលោក មឿន នី មិត្តរួមការងារជាមួយលោក ឈឿង ឈឹង ប្រាប់វិទ្យុស្ដ្រីដែរថា ការសម្រេចរបស់តុលាការនេះ លោកមិនអាចទទួលយកបានឡើយ ព្រោះជនល្មើសដែលមានឈ្មោះ ស៊ី លឿយ នេះ មិនដែលមានទំនាស់គ្នាជាមួយលោក ឈឹង ពីមុនឡើយ ហើយឃាតកម្មនេះជាការរៀបចំទុកជាមុន មិនមែនកើតឡើងដោយចៃដន្យនោះទេ។
លោក មឿន នី៖ «បើខ្ញុំដូចខ្ញុំថាអ៊ីចឹងដូច១២ឆ្នាំវានៅដូចមិនទាន់គ្រប់កំណត់ តែដោយ១៥ឆ្នាំបានវាគ្រប់កំណត់ដោយករណីនេះវាប៉ិនប៉ង ប្រសិនជាថាវាជារឿងអចេតនា ឫមួយការចៃដន្យអីអាហ្នឹ៦ ៧ឆ្នាំវាមិនអីទេ តែអានេះវាប៉ិនប៉ង។ សព្វថ្ងៃនេះមិនធម្មតាទេដែលខ្ញុំចេញដើរទៅវាក៏មានមន្ត្រីមួយចំនួនតូចចាកផ្លៃចាក់ផ្កា នៅតែពាក្យប៉ិនប៉ងរហូតហ្នឹង»។
បើតាមលោក មឿន នី តំបន់ដីជាប់បណ្ដឹងតុលាការស្ថិតនៅដែនជម្រកសត្វព្រៃបឹងពែរ ដែលលោក ឈឹង បានរាយការណ៍នោះ មិនទាន់មានអ្នកណាប៉ះពាល់នៅឡើយ ប៉ុន្តែដីព្រៃក្បែរៗតំបន់នោះរងការឈូសឆាយ និងកាប់បំផ្លាញពីអ្នករកស៊ីឈើ។
យោងតាមក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ចែងថា «បទឃាតកម្ម» គឺជាអំពើសម្លាប់មនុស្សដោយចេតនា ដោយប្រើអាវុធ ឬមិនប្រើអាវុធ ដោយគ្មានស្ថានទម្ងន់ណាមួយដូចបានកំណត់ក្នុងមាត្រា២០០ (បទឃាតកម្មគិតទុកជាមុន) ដល់មាត្រា២០៥ (បទឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬអំពើរំលោភសេពសន្ថវៈ) ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១០ឆ្នាំ ដល់ ១៥ឆ្នាំ។
វិទ្យុស្ដ្រីបានព្យាយាមសួរលោក យិន ស៊្រាង អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប អំពីសាលក្រមសម្រេចផ្តន្ទាទោសជនល្មើសឈ្មោះ ស៊ី លឿយ នេះ ប៉ុន្តែលោកបដិសេធក្នុងការអត្ថាធិប្បាយជុំវិញរឿងនេះ ដោយសារតុលាការចេញសាលក្រមស្ថាពររួចហើយ។
អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន(RSF) បានដាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជា ១៦១ ក្នុងចំណោម ១៨០ប្រទេសនៅក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២៥ ដែលជាការធ្លាក់ចុះបន្ថែមទៀតពីចំណាត់ថ្នាក់ ១៥១ កាលពីឆ្នាំ២០២៤ ដែលចំណាត់ថ្នាក់នេះឆ្លុះបញ្ចាំងពីទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយកាន់តែធ្លាក់ចុះ។
ការធ្លាក់ចុះនេះ ដោយផ្អែកលើសោកនាដកម្មនៃការបាញ់សម្លាប់លោក ឈឿង ឈឹង អ្នកសារព័ត៌មានដែលរាយការណ៍អំពីបញ្ហាព្រៃឈើក្នុងខេត្តសៀមរាប និងការចាប់ខ្លួនអ្នកសារព័ត៌មានដែលទទួលបានពានរង្វាន់លោក ម៉ិច ដារ៉ា ជុំវិញការបង្ហោះតាមបណ្តាញសង្គមពាក់ព័ន្ធរមណីដ្ឋានបាភ្នំ ប៉ុន្តែលោកត្រូវបានអនុញ្ញាតឱ្យនៅក្រៅឃុំកាលពីខែតុលាឆ្នាំ២០២៤។ បន្ថែមលើនេះ ការបញ្ជាឱ្យបិទវិទ្យុសម្លេងប្រជាធិបតេយ្យ(VOD) កាលពីឆ្នាំ២០២៣ ដែលជាប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយ ក្នុងចំណោមស្ថាប័នព័ត៌មានឯករាជ្យដ៏តិចតួចដែលសេសសល់នៅកម្ពុជា៕
អត្ថបទដោយ កញ្ញា ជា សុខនី