ក្រោយមានការតវ៉ាពីអតិថិជនក្រោមហេតុផល ក្រុមហ៊ុន បុរីពិភពថ្មី រឹបអូសយកផ្ទះអតិថិជន ក្នុងករណីពុំមានលទ្ធភាពបង់ប្រចាំខែ, ប្រធានក្រុមហ៊ុនបានចេញមុខមកការពារភាពស្អាតស្អំរបស់ខ្លួន និងបានកែប្រែលក្ខខណ្ឌថ្មីមួយចំនួនដល់អតិថិជនបន្ថែម ដើម្បីជាប្រយោជន៍សម្រាប់អ្នកទិញផងដែរ។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
លោក ហុង ពីវ ដែលជាម្ចាស់បុរី ពិភពថ្មី បានចេញមុខមកការពារភាពស្អាតស្អំរបស់ខ្លួន តាមរយៈការចេញសេចក្ដីប្រកាសចំនួន៣លើក បើគិតមកត្រឹមថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ លោកបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកបានសម្រួលលក្ខខណ្ឌដល់អតិថិជនមួយចំនួន គ្រាន់តែថ្ងៃដំបូង ចំណាយអស់ជាង៦៣ម៉ឺនដុល្លា ខណៈមានអតិថិជន៦៧នាក់ ទៅទទួលយកលក្ខខណ្ឌសម្របសម្រួលនោះ។
ផ្អែកតាមលិខិតរបស់ក្រុមហ៊ុន បុរីពិភពថ្មី ចេញកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ម្សិលមិញ ក្រុមហ៊ុនអចលនទ្រព្យនេះ បានធ្វើកិច្ចសន្យា៣ចំណុច ក្នុងការទិញលក់បុរី។ ក្នុងនោះលោក ហុង ពីវ បានទទួលទិញផ្ទះវិញក្នុងតម្លៃ ៥០ភាគរយ នៃប្រាក់ដែលបានបង់ប្រចាំខែ ចាប់ពីខែទី៧ឡើងទៅ បូកបន្ថែមជាមួយប្រាក់កក់ និងប្រាក់បានសងដើម ទូទាត់ជាក់ស្ដែងជាមួយប្រាក់ជំពាក់ប្រចាំខែ។ លោកអះអាងថា មិនអាច ធ្វើតាមអ្វីដែលអតិថិជនទាមទារនោះទេ នឹងធ្វើឱ្យក្រុមហ៊ុនក្ស័យធន។
គួរជម្រាបថា អតិថិជនបានស្នើឱ្យមានដំណោះស្រាយដោយឱ្យក្រុមហ៊ុននេះ ទិញផ្ទះរបស់គេត្រលប់ទៅវិញ ដោយសុខចិត្តខាត៥០ភាគរយ និងទាមទារទូទាត់សំណង់ខ្លះៗទៅអតិថិជនដែលត្រូវបានបុរីកាត់ផ្ទះយក។
ការចេញលក្ខខណ្ឌសម្របសម្រួលរបស់ក្រុមហ៊ុនបុរីពិភពថ្មី ធ្វើឡើងក្រោយពេលអតិថិជនរងចាំចូលនៅបុរីនេះ បានតវ៉ា ទាមទាររកដំណោះស្រាយនៅខាងមុខការិយាល័យបុរីពិភពថ្មីក្នុងខណ្ឌកំបូល រាជធានីភ្នំពេញកាលពីសប្ដាហ៍មុន ក្រោមហេតុផលថា ក្រុមហ៊ុនរឹបអូសផ្ទះអតិថិជន ក្នុងករណីអតិថិជនពុំមានលទ្ធភាពបង់ប្រចាំខែ។
យ៉ាងណាក្រុមហ៊ុននេះបានអះអាងថា ទោះបីពេលបច្ចុប្បន្ននេះមានបញ្ហាសេដ្ឋកិច្ចជាសកល ក្រុមហ៊ុន នៅតែអនុវត្តតាមកិច្ចសន្យាដោយឥតកែប្រែ ថែមទាំងមានការកែប្រែលក្ខខណ្ឌបន្ថែម ដើម្បីជាប្រយោជន៍សម្រាប់អតិថិជនផងដែរ។
គួររម្លឹកដែរថា ការទាមទាររបស់អតិថិជន កើតឡើងដោយសារឈ្មួញកណ្ដាលជាច្រើនរូប ក្នុងនោះមាន លោកឆាយ យាន និងលោក ហេង តារា ដែលបានទិញផ្ទះម្នាក់២០៣ខ្នែង និងម្នាក់ទៀត៣៩ខ្នង យកទៅលក់បន្ដ ចំណេញរាប់រយ រាប់ពាន់ដុល្លាក្នុងមួយផ្ទះៗ តែជួបវិបត្តិអចលនទ្រព្យ ក៏នាំគ្នាបបួលអតិថិជនមួយចំនួនតូច ទៅជួបជុំគ្នាទាមទារគាបសង្កត់ឱ្យក្រុមហ៊ុនធ្វើតាមអ្វីៗដែលបុគ្គលទាំងនោះចង់បាន ដែលខុសពីអ្វីដែលបានចែងក្នុងកិច្ចសន្យា។ នេះបើផ្អែកតាមការលើកឡើងរបស់ក្រុមហ៊ុន បុរីពិភពថ្មី។
នៅក្នុងរឿងនេះ លោក ហុង ពីវ បានស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់រាល់សកម្មភាពទាំងឡាយណាដែលបំពានគោលការណ៍ច្បាប់ រំលោភលើសិទ្ធិបុគ្គល និងសណ្ដាប់ធ្នាប់សាធារណៈ។
បែបនេះក្ដី អតិថិជនមួយចំនួនបានចេញមុខការពារអ្នកទាំងពីរ ដោយធ្វើការផ្ដិតមេដៃជាសាក្សី ដើម្បីបញ្ជាក់ថា ការតវ៉ាទាមទាររបស់ក្រុមខ្លួន គឺធ្វើឡើងដោយគ្មានការបង្ខិតបង្ខំពីអ្នកណាទេ។
បើយោងតាមរបាយការណ៍ពីADB លើកឡើងថា វិស័យសំណង់របស់កម្ពុជាបានងើបឡើងវិញយឺតជាងការរំពឹងទុក ដោយសារតម្រូវការពីអ្នកទិញបរទេសបានធ្លាក់ចុះ ធ្វើឱ្យមានការអូសបន្លាយការវិនិយោគក្នុងអាជីវកម្មសំណង់។