ហូល ផាមួងខ្មែរ របស់អ្នកស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលមានអាយុកាលប្រមាណចន្លោះពី ៤០ ទៅ៦០ឆ្នាំ នឹងត្រូវយកទៅដាក់តាំងបង្ហាញនៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ។
ផ្អែកតាមអាជ្ញាធរជាតិអប្សរា ការដាក់តាំងបង្ហាញហូប ផាមួង ដែលជាសមុច្ច័យរបស់អ្នកស្រុកព្រៃកប្បាសនេះ ដើម្បីសាធារណជន និងភ្ញៀវទេសចរ បានចូលទស្សនា ក៏ដូចជាសិក្សាស្វែងយល់ពីហូល ផាមួងខ្មែរ ចាស់ៗដែលជាស្នាដៃរបស់អ្នកស្រុកព្រៃកប្បាស ខេត្តតាកែវផ្ទាល់។
លោក សែន គឹមស៊ុន នាយករងស្ដីទីនៃសារមន្ទីរវាយណភណ្ឌប្រពៃណីអាស៊ី នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ពិព័រណ៍ហូល ផាមួងខ្មែរនេះ នឹងធ្វើឡើងរយៈពេល៦ខែ ដោយដាក់បង្ហាញនូវសមុច្ច័យជាហូល ផាមួង អាវប៉ាក់ សរុបចំនួន២១ ឈុត ក្នុងសម័យមុនខ្មែរក្រហម និងក្នុងសម័យខ្មែរក្រហម។
នាយករងស្ដីទីនៃសារមន្ទីរវាយណភណ្ឌប្រពៃណីអាស៊ីរូបនេះ បន្ដថា សារមន្ទីរបានយកហូល ផាមួយនោះ ពីការបរិច្ចាគរបស់ពលរដ្ឋស្រុកព្រៃកប្បាស ខេត្តតាកែវ សរុបមានចំនួន៥១ ដែលក្នុងនោះមានសំពត់ផាមួង អាវ និងក្រណាត់ហូលជាដើម។
ក្រុមការងារសារមន្ទីរបានទៅទទួល សមុច្ច័យទាំងនោះកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់មកមានការចុះបញ្ជីរៀបចំអភិរក្ស សម្អាត និងជួសជុល មុននឹងរៀបចំឱ្យមានពិព័រណ៍បង្ហាញដល់សាធារណជនបានទស្សនា។
នេះជាដំណាក់កាលទី១នៃការរៀបចំពិព័រណ៍ មានត្រឹមតែ ហូល ផាមួងត្រឹម២១ ឈុតប៉ុណ្ណោះ សារមន្ទីរវាយណភណ្ឌប្រពៃណីអាស៊ីថា នឹងមានការបង្ហាញនៅដំណាក់កាលក្រោយៗទៀត។ លោក សែន គឹមស៊ុន អំពាវនាវឱ្យសាធារណចូលទស្សនាក្នុងពិព័រណ៍ដ៏មានសារសំខាន់នេះ ដែលជាផ្នែកមួយក្នុងការឱ្យតម្លៃ និងសិក្សាស្វែងយល់ពីស្នាដៃសិល្បៈនៃហូល ផាមួងរបស់អ្នកស្រុកព្រៃកប្បាស ខេត្តតាកែវ។
គួរជម្រាបថាសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីមានទីតាំងស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប តាមបណ្តោយផ្លូវសម្តេចវិបុលបញ្ញា សុខ អាន ឬហៅថាផ្លូវ៦០ម៉ែត្រ។ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីនេះ បានធ្វើការតាំងបង្ហាញនូវសមុច្ច័យសំខាន់ៗជាច្រើន មកពីប្រទេសជាសមាជិកក្នុងសាលពិព័រណ៍ទាំង៤ របស់សារមន្ទីរមានដូចជា៖ សាលព័ត៌មានពិព័រណ៍ ,សាលពិព័រណ៍វត្ថុធាតុដើម ,សាលពិព័រណ៍វាយនភណ្ឌបុរាណ និងសាលពិព័រណ៍វាយនភណ្ឌសហសម័យ៕