en     km
en     km

កំពង់ធំ៖​ អ្នកប្រកបរបរចាប់ចង្រិតនៅភូមិបាណកត្អូញត្អែរផលចង្រិតធ្លាក់ចុះ

Share

កំពង់ធំ៖​ កាលពីប៉ុន្មានឆ្នាំមុនលោក ហន ហាក់ អាចរកចង្រិតតាមវាលស្រែដោយការប្រើអំពូលម៉ែត្រពណ៌ខៀវៗជាធ្នាក់បានប្រហែល ១០០គីឡូក្រាមក្នុងមួយយប់។ ប៉ុន្តែឆ្នាំនេះ លោករអ៊ូថា រកចង្រិតតែមួយគីឡូក៏ពិបាកដែរ។ នេះជាការលើកឡើងរបស់លោក ហន ហាក់ បច្ចុប្បន្នប្រកបការងារធ្វើស្រែចំការ នេសាទ និងរកចង្រិតពេលរាត្រី រស់នៅក្នុងភូមិបាណក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

លោក ហន ហាក់ កសិករនៅភូមិបាណក។

លោកបន្ថែមថា លោកប្រកបរបរដាក់ចង្រិតនេះជាង ១០ឆ្នាំ មកហើយ ដោយរបរនេះអាចជួយទ្រទ្រង់ជីវភាពគ្រួសាររបស់លោកបានប្រសើរមួយកម្រិត បន្ទាប់ពីរបរដាំដុះ និងនេសាទ។

លោក ហាក់ ដែលលើក្បាលរបស់លោកពាក់អំពូលឆ្លុះកង្កែផងនិយាយបន្តថា ការដាក់អំពូលភ្លើងចាប់ចង្រិតនេះ គឺចាប់ផ្តើមពីពាក់កណ្ដាលខែ មិនា រហូតដល់ដើមខែ សីហា ព្រោះចង្រិតសម្បូរច្រើនពិសេសអំឡុងចុងខែ មេសា ដល់ចុងខែមិថុនា។

កសិករដើរប្រមូលចង្រិតក្នុងធ្នាក់ដែលមានតិចតួច។

កសិកររាងស្គមខ្ពស់រូបនេះ ត្អូញត្អែរដោយងឿងឆ្ងល់មិនដឹងថា ហេតុអ្វីឆ្នាំនេះផលចង្រិតធ្លាក់ចុះយ៉ាងខ្លាំងដូច្នេះសោះ។ លោកឱ្យដឹងបន្តថា លោកបានបាត់ប​ង់ចំណូលពីការរកចង្រិតនេះយ៉ាងខ្លាំង ហើយកសិករផ្សេងៗទៀតក៏បាត់ប្រភពចំណូលដូចលោកផងដែរ។

យ៉ាងណាលោកបានបញ្ជាក់ទៀតថា បើសិនឆ្នាំក្រោយៗចង្រិតនៅតែខ្សត់បែបនេះ លោកនិងអ្នកភូមិផ្សេងទៀតប្រហែលឈប់ប្រកបរបរនេះទៀតហើយ ព្រោះការចាប់ចង្រិតត្រូវប្រើថវិកាច្រើនលើការទិញអំពូលភ្លើង និងឧបករណ៍ផ្សេងៗព្រមទាំងត្រូវចំណាយលើថ្លៃភ្លើងទៀតផង៕

ទិដ្ឋភាពធ្នាក់ចង្រិតដែលកសិករតំរៀបតាមភ្លឺស្រែក្បែរមាត់ប្រឡាយ ដើម្បីទាក់ចង្រិត។

អត្ថបទខ្លីសរសេរដោយ ហុក ដេប៉ូ យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។​

Share

Image
Image
Image