en     km
en     km

កំពង់ធំ៖ គ្រួសារមួយជួបការលំបាកក្នុងជីវភាពក្រោយមករស់នៅតំបន់ដាច់ស្រយាល

Share

កំពង់ធំ៖ ​ខ្ទមទុរគតមួយសង់ពីឈើ ប្រក់ដំបូលស្លឹកមានសណ្ឋានដាច់ដោយអន្លើៗក្នុងដីចំការស្វាយចន្ទីមួយកន្លែងស្ថិតក្នុងភូមិ អូរទ្រោក ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ ទីនេះហើយជាលំនៅរបស់អ្នកស្រី​វន អ៊ិន និងស្វាមី ព្រមទាំងកូនពីរនាក់ទៀតក្នុងបន្ទុក ដែលសព្វថ្ងៃកំពុងជួបប្រទះបញ្ហាជីវិត។

អ្នកស្រី វន អ៊ិន កំពុងដាំបាយសម្រាប់គ្រួសារ។

មករស់នៅតំបន់ដាច់ស្រយាលឆ្ងាយពីទីប្រជុំជន អ្នកស្រី វន អ៊ិន បានរៀបរាប់ពីផលវិបាកពេលមករស់នៅទីនេះថា តំបន់នេះគ្មានហេដ្ឋានរចនាសម្ព័ន្ធត្រឹមត្រូវនោះ ពោលគឺឆ្ងាយពីមន្ទីរពេទ្យ សាលារៀន វត្តអារាម។

ទិដ្ឋភាពពលរដ្ឋដែលរស់នៅតំបន់ដាច់ស្រយាលមួយនេះ។

អ្នកស្រីឱ្យដឹងថា អ្នកស្រីជួបការលំបាកពេលត្រូវការសេវាសាធារណៈមួយចំនួន តួយ៉ាង ពេលមានជំងឺឈឺស្កាត់ ភ្លើងអគ្គិសនី សេវាទឹកស្អាត និងការសិក្សារៀនសូត្ររបស់កូន។

សព្វថ្ងៃអ្នកស្រីប្រើភ្លើងបំភ្លឺពីអំពូលសូឡាដោយសន្សំសំចៃបំផុត ចំណែកទឹកប្រើប្រាស់ប្រចាំថ្ងៃវិញ គឺគ្រួសារអ្នកស្រីដងទឹកតាមអូរ និងត្រងទឹកភ្លៀងដើម្បីប្រើប្រាស់និងបរិភោគ។

ពលរដ្ឋប្រើតង់កៅស៊ូដើម្បីត្រងទឹកភ្លៀងទុកប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។

ចំណែកការទិញសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថ្នាំព្យាបាលវិញ គឺត្រូវចំណាយពេលច្រើន ព្រោះត្រូវធ្វើដំណើរទៅផ្សារដែលឆ្ងាយពីផ្ទះរាប់គីឡូម៉ែត្រ។

សព្វថ្ងៃអ្នកស្រីនិងស្វាមីប្រកបរបរជាអ្នកស៊ីឈ្នួលដកដំឡូង បេះគ្រាប់ស្វាយចន្ទី ដែលរបរនេះបានត្រឹមតែដោះស្រាយជីវភាពការហូបចុកប្រចាំថ្ងៃប៉ុណ្ណោះ ពុំអាចសល់ប្រាក់កាសច្រើននោះទេ ហើយសព្វថ្ងៃគឺប្រទះបញ្ហាជីវភាពខ្វះខាតខ្លាំងណាស់។

អ្នកស្រី បានត្អូញត្អែរពីកង្វះខាតផ្នែកសេវាសាធារណៈដែលមិនទាន់មានមកដល់កន្លែងអ្នកស្រីរស់នៅ។

អ្នកស្រីសំណុំពរ ឱ្យអាជ្ញាធរដែនដី  ស្ថាប័នពាក់ព័ន្ធជួយគិតគូរពីបញ្ហាជីវភាពពលរដ្ឋដែលមករស់នៅទីនេះប្រមាណ ៣០ គ្រួសារ ពិសេស គិតគូរពីហេដ្ឋានរចនាសម្ព័ន្ធនៅតំបន់នេះផង៕

អត្ថបទខ្លីសរសេរដោយ ហុក ដេប៉ូ យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

Share

Image
Image
Image