en     km
en     km

ប្រវត្តិសាស្ត្រ៖ល្បិចធ្វើសង្គ្រាមរបស់ស្ដេចកននិងការលួចធ្វើគត់ព្រះបាទច័ន្ទរាជាមិនបានសម្រេច 

Share

ព្រះសេ្ដចកន និងព្រះបាទច័ន្ទរាជា មិនជាប់សែលោហិតនឹងគ្នាឡើយ។ ស្ដេចពីរអង្គនេះ មានសាវតារ ខុសគ្នា ដាច់ស្រឡះ។ ស្ដេចកន ជាកូនអ្នកក្រខ្សត់ ជាអ្នកងារបម្រើ វត្ត។ ចំណែកព្រះបាទច័ន្ទរាជា គឺជារាជបុត្ររបស់ ព្រះបាទធម្មោរាជានិង ជាប្អូនរបស់ព្រះបាទព្រះស្រីសុគន្ធបទ។ ក្រុមបារគូ បុរោហិត ហោរាចារ្យ បានថ្វាយព្រះនាមដល់ព្រះរាជបុត្រនោះថា ពញាចន្ទរាជា។ ក្នុងភាគនេះ យើងសូមលើកយកអំពីល្បិចកលនៃការធ្វើសង្រ្គាមរបស់ព្រះស្ដេចកន និងអំពើបរាជ័យរបស់ស្ដេចកនក្នងការលួចធ្វើឃាតព្រះបាទច័ន្ទរាជាមិនបានសម្រេច។

សូមស្ដាប់អធិប្បាយរបស់លោក នួន បូរិន ដូចតទៅ៖

ទោះបីព្រះស្ដេចកន​ស្ថិតក្នុងវណ្ណៈទាប ជាអ្នកបម្រើវត្តក៏ដោយ តែបុរសនេះត្រូវបានប្រវតិ្តសាស្ត្រចារថា ជាអ្នកមានបារម៉ីជាខ្លាំងទើបអាចធ្វើគត់ព្រះស្រីសុគន្ធបទ ដែលជាបងថ្លែរបស់ខ្លួនបានដោយជោគជ័យ ហើយឡើងសោយរាជ្យទៀតផង។ ក្រោយពីឈ្នះក្នុងសង្រ្គាមដែលមានល្បិចកលច្រើន ដណ្ដើ់មរាជ្យដោយជោគជ័យលើ បងថ្លៃខ្លួន ក៏រជ្ជកាលរបស់ស្ដេចកូនអ្នកក្រខ្សត់នេះ បានជួបប្រទះនូវភ្លើងសង្រ្គាម យ៉ាងខ្លាំងជាមួយ ព្រះបាទច័ន្ទរាជា ជាប្អូនរបស់ ព្រះស្រីសុគន្ធបទ។

សង្រ្គាមជាង១០ឆ្នាំ រវាងស្ដេចកននិងព្រះបាទច័ន្ទរាជា មានភាពរន្ធត់និងធំធេងយ៉ាងខ្លាំង។ចៅពញ្ញាច័ន្ទរាជាសឹងតែមិនឈ្នះស្ដេចកនទៅហើយ។នេះជាសង្រ្គាមសងសឹងនិងសង្រ្គាមដណ្ដើមរាជ្យមកវិញ។​ក្នុងអំឡុងនៃសង្រ្គាមទ័ពទាំងសងខាងស្លាប់ច្រើនរយនាក់។ តែស្ទើរគ្រប់សមរភូមិឃើញ ថាទ័ពស្ដេចកនមិនអាចយកជ័យជម្នះបានឡើយ។តែគុណបុណ្យបារម៉ីដ៏ខ្ពស់និងភាពឆ្នាតវៀងវៃរបស់ព្រះបាច័ន្ទរាជាធ្វើឱ្យស្ដេចសឹកអង្គនេះ  ដណ្ដើមជ័យជម្នះលើស្ដេចកនជាសា្ថពរ។

ល្បិចធ្វើសង្គ្រាមរបស់ស្ដេចកននិងការលួចធ្វើគត់ព្រះបាទច័ន្ទរាជាមិនបានសម្រេច 

ព្រះស្ដេចកនពេលឡើងគ្រងរាជ្យមានព្រះនាមថាព្រះ​ស្រីជេដ្ឋា​។នៅពេលមានសង្រ្គាមជាមួយ ព្រះបាទច័ន្ទរាជា គឺស្ដេចកន ត្រូវបានគេហៅថាជាម្ចាស់ផែនដី​​ខែត្រ​ត្រើយ​ខាងកើត។

នៅពេលដឹងថា​ គេហៅព្រះអង្គដូចនេះ គឺស្ដេចកនទ្រង់​ព្រះ​ពិរោធយ៉ាងខ្លាំងដោយ​ថាចៅ​ពញា​​ចន្ទ​នេះ​ ​កាន់តែ​ទន្ទ្រាន​បាន​ទី​ច្រើន​ពន់ប្រមាណ ហើយ​មេទ័ព និង​នាយកង​ដែល​យើង​ប្រើ​ទៅ​ទាំង​ប៉ុន្មាន​ក៏​ចេះ​តែ​ធ្វេសប្រហែស​ឲ្យ​ចាញ់​ឧបាយកល​គេ។

ដោយសារចេះតែចាញ់ទ័ពព្រះច័ន្ទរាជា ទើប​ស្ដេចកន គិត​ឧបាយកល​រើស​សេនា​ទាហាន​ដែល​មាន​ទំនុកចិត្ដទុក​ព្រះ​ទ័យ​បាន​ ១០០នាក់ ហើយ​ត្រាស់​បង្គាប់​ថា “ឲ្យ​ក្លែង​រត់​ចូល​ទៅ​នៅ​នឹង​សម្ដេចចៅពញា​ចន្ទរាជា កាលបើ​ល្បង​ឲ្យ​ទុក​ព្រះ​ទ័យ​បាន​កាលណា​ហើយ​ឲ្យ​ទាហាន​ទាំងនោះ​នាំ​គ្នាវាយ​លុក ​សំលាប់​ឲ្យ​បាន បើ​អ្នក​ទាំងឡាយ​ធ្វើ​បាន​យើង​នឹង​ឲ្យ​អ្នក​ឡើង​យសស័ក្ដិ​ឲ្យទ្រព្យសម្បត្ដិ​ឲ្យ​ពេញចិត្ដ”។

សេនា​ទាំង ​១០០​ នាក់​នោះ​ថ្វាយបង្គំ​សុំ​ទទួល​អាសា​ថា “ទូលព្រះបង្គំ​ទាំងឡាយ​នឹង​ធ្វើ​ឲ្យ​បាន​តាម​ព្រះរាជ​ហឫទ័យ” ។ ព្រះ​ស្រីជេដ្ឋា​ឬស្ដេចកន ទ្រង់​ព្រះ​សណ្ដាប់​ឮ​ថា​សេនា​ទាហាន​ព្រមព្រៀង​ហើយ​ទ្រង់​ ព្រះ​អំណរ​ណាស់ ទើប​ទ្រង់​តាំង​ឲ្យ​ហ្លួង​ជ័យជា​ក្មួយខាងម្ដាយ ឲ្យធ្វើ​ជា​ចៅពញា​មន្ដ្រី​តេជៈ គេហៅថាមេទ័ពដឹកនាំ​ពល​ទាហាន​ទាំង​ ១០០ ​នាក់​នោះ​ឲ្យទៅ​ចាត់ការ​ឲ្យ​បាន​សំរេច។

លុះទៅ​ដល់​បន្ទាយ​ផែនដី​ទិស​ខាងលិច ទាហាន​ទាំង​ ១០១ ​នាក់​នោះ​ ក៏​ចូល​ទៅ​រក​សេនាបតី​ឲ្យ​នាំ​ចូល​ទៅ​ថ្វាយខ្លួន​ នៅ​ជា​ខ្ញុំ​រាជការ​របស់ព្រះបាទច័ន្ទរាជា។នៅពេលថ្ងៃមួយនោះ សម្ដេចព្រះ​ចន្ទរាជា ព្រះ​អង្គ​ស្រង់​ក្នុង​ទឹកស្ទឹង​ខែត្រ​បរិបូណ៌នោះ ព្រមទាំង​សេនា​ទាហាន​ស្និទ្ធនឹងព្រះ​អង្គជា​ច្រើន​សុទ្ធតែ​ដៃទទេ​គ្មាន​ សាស្ត្រាវុធ​សោះ។ ទ្រង់​ត្រាស់​ឲ្យ​ក្រុម​ទាំងនោះ​ផ្លាស់​សំលៀក​បំពាក់​ឲ្យ​ចុះ​ងូតទឹក​គ្រប់​គ្នា។ មន្ដ្រី​សេនា​ទាហាន​ស្និទ្ធព្រះ​អង្គ​ទាំងអស់​ក៏​ផ្លាស់សំពត់​ងូតទឹក​តាម​ ព្រះរាជ​អធ្យាស្រ័យ។ ប៉ុន្តែពញា​មន្ដ្រី​តេជៈ និង​ទាហាន​ ១០០​ នាក់​ដែល​ស្ដេចកនប្រើ​ទៅ​នោះ ងូតទឹក​ទាំង​សំពត់​ស្លៀក ពុំ​ហ៊ាន​ផ្លាស់​ព្រោះ​ក្រែង​គេ​មើលឃើញ​កាំបិត​ដែល​ខ្លួន​ចង​ជាប់​នៅ​ភ្លៅ​ នោះ ។

ដោយមានការឆ្វេងយល់ដូច្នេះ​ហើយ ព្រះបាទច័ន្ទរាជា​មានការ​សង្ស័យ​ក្នុង​ព្រះ​ហឫទ័យ​ណាស់ ក៏​ត្រាស់​តឿន​ឲ្យ​ផ្លាស់​សំលៀក​បំពាក់​ឲ្យ​អស់​គ្រប់​គ្នា។ ដោយឡែក ពួក​បន្លំខ្លួន​ទាំង​១០១​នាក់​នោះ​យល់​ថា មុខជា​ពុំ​រួចខ្លួន​ទេ​ក៏​ធ្លាក់ទឹកមុខ​គ្រប់ៗ​គ្នា។ ​

ហេតុតែបុណ្យ​បារមី ព្រះបាទច័ន្ទរាជា​រឹតតែ​សង្ស័យ​ក្នុង​ព្រះរាជ​ហឫទ័យ ក៏​ស្ទុះ​ឡើង​ពី​ក្នុង​ស្ទឹង​ទៅ​ប្រថាប់​ក្រោម​ម្លប់ឈើ​មួយ។

ទ្រង់​ចាប់​កាន់ដាវ​ទាំង​ស្រោម ឯ​ពួក​ក្បត់​ទាំងនោះ​គិត​ថា ការណ៍​ម្ដងនេះ​បើ​មិន​ធ្វើ​ឲ្យ​ហើយ​ទេ មុខជា​មិន​រួចខ្លួន​ឡើយ ទើប​ពួក​គេ​ទាំងនោះ​ក្លែង​ថា សូម​ចូល​ទៅ​ក្រាបទូល​ត្បិត​ថា​វា​មាន​ការណ៍​ជា​សំងាត់​នឹង​ត្រូវ​ក្រាបទូល។ ព្រះ​អង្គ​ទ្រង់​ជ្រាប​ឧបាយកល ហើយ​ក៏​កាន់​ព្រះរាជ​អាវុធ​ជាប់​នឹង​ព្រះ​ហត្ថា ។

លុះ​ពួក​ក្បត់​ហូត​កាំបិត​ចូល​មក​ប្រហារ​ព្រះ​អង្គ ព្រះ​អង្គ​ទ្រង់​ត​នឹង​អាវុធ​ដាវ​នោះ ដោយ​កាប់​ត្រូវ​​មន្ដ្រី​តេជៈ​ជា​មុនគេ ហើយ​ទ្រង់​ស្ទុះ​ទៅ​ត​នឹង​ជន​ក្បត់​ ១០០​ នាក់​ទៀត។ ឯ​អស់​ខ្ញុំ​រាជការ​ដែល​តាម​ហែ​ក៏​ផ្អើល​ឆោឡោ​ឡើង ខ្លះ​ចូលចាប់​ដោយ​ដៃទទេ តែ​ត្រូវ​ពួក​អា​ក្បត់​ចាក់​ត្រូវ​ស្លាប់ និង​ពិការ​ជា​ច្រើន។ ខ្ញុំ​រាជការ​ខ្លះ​ទៀត​ស្ទុះ​ទៅ​ដក​បាន​បង្គោលរបង​ចូល​ត​នឹង​ពួក​​ក្បត់​ យ៉ាង​អង់អាច។ ពួក​ក្បត់​ស្លាប់ និង​ចាប់​បាន​ ៣៥ ​នាក់ក្រៅពី​នោះ​រត់​រួច​ទាំងអស់ ហើយ​ស្ដេច​ព្រះរាជ​ដំណើរ​ត្រឡប់​ចូល​ទៅ​បន្ទាយ​វិញ​ដោយ​សុវត្ថិភាព

សង្រ្គាមកាន់តែខ្លាំងឡើងៗ

 ក្រោយពីដឹងថា  ស្ដេចកន មិនបោះបង់ចោល ល្បិចអាក្រក់ដែលខ្លួនធ្លាប់ធ្វើបានសម្រេចនៅក្នុងសង្គ្រាមជាមួយ ព្រះស្រីសុគន្ធបទ  ព្រះបាទច័ន្ទរាជាការកាន់តែប្រុងប្រយ័ត្នហើយ បើកសង្រ្កាមកាន់តែធំដើម្បីកំចាត់ស្ដេចកនគឺបន្ទាប់ពីព្រះអង្គទុកពេលអោយកសិករធ្វើស្រែចម្ការួចរាល់សិន។ ចាប់ពីពេលនោះមក ស្ដេចកនដឹងថា ខ្លួនបរាជ័យទៀត ហើយក៏ខិតខំកសាងពលទ័ពដែរ តែមិនដូចមុនឡើយ ត្បិតអី សមរភូមិជាច្រើន​ទាំងដែនដីខាងកើតក៏បានធ្លាក់ទៅលើ ព្រះបាទច័ន្ទរាជា។

ស្ដេចកនដែលបាត់បង់មេទ័ពខ្លួនគឺចៅពញា​មន្ដ្រី​តេជៈ នាំឱ្យព្រះអង្គកាន់តែលំបាកផ្លូវចិត្តជាខ្លាំងទោះជា មានមេទ័ពច្រើនទៀតរួមទាំងឪពុកមាចៅហ្វាកៅ មានភាពវៃឆ្លាតក្នុងការបញ្ជាទ័ពប្រយុទ្ធក៏ដោយ។ ដោយដឹងថាទ័ពខ្លួនកាន់តែលែងមានភាពរឹងមាំក្នុងការប្រយុទ្ធ ស្ដេចបានព្យាយាមចរចាជាមួយព្រះបានច័ន្ទរាជាក្រោមហេតុទុកឱ្យពលរដ្ឋបានសុខនឹងការធ្វើស្រែចម្កា។ ព្រះបាទច័ន្ទរាជាបានយល់ស្រប ។ តែសម្រាប់ស្ដេចកនបានប្រើល្បិចមួយទៀតគឺនាំទ័ពលួចវាយលើដែនដីព្រះច័ន្ទរាជាដែលនាំឱ្យស្ដេចពញាច័ន្ទរាជា ផ្ទុះកំហឹងយ៉ាងខ្លាំង ក៏ចាប់វាយបកមិនបន្ថយដៃឡើយគឺរហូតកំចាត់ស្ដេចកនបានទាំងស្រុង។  

ព្រះបាទច័ន្ទរាជាបានគ្រប់គ្រងដែនដីទាំងមូល រហូតដល់ព្រះអង្គយាងចូលទិវង្គត។ ក្នុងរជ្ជកាលរបស់ព្រះអង្គឡើងគ្រងរាជ្យ គឺប្រទេសជាតិមានសន្តិភាពបរិបូរណ៍។ព្រះអង្គធ្វើឱ្យសង្គម មានយុត្តិធម៌ មានការគោរពប្រតិបត្តិព្រះពុទ្ធសាសនា ល្អខ្ជាប់ខ្ជួន ទឹកដីធំល្វឹងហ្វឺន ខណៈព្រះអង្គ បានដណ្ដើមខេត្តពីសៀមមកវិញ។

ព្រះបាទចន្ទរាជានេះហើយដែលជាព្រះរាជាខ្មែរដែលបានកសាងបន្ទាយលង្វែកហើយព្រះអង្គបានប្រែក្លាយនគរកម្ពុជាដែលជាប្រទេសទន់ខ្សោយមួយក្រោយសម័យអង្គរឲ្យក្លាយទៅជាមហាអាណាចក្រខ្មែរជាលើកទី២ឡើងវិញ។ ទ្រង់ជាព្រះមហាក្សត្រសឹកដ៏អង់អាចក្លាហាន និងមានមហិទ្ធិឫទ្ធិខ្លាំងពូកែជាងគេបំផុតក្នុងចំណោមព្រះមហាក្សត្រខ្មែរទាំងឡាយក្រោយសម័យអង្គរ។

កំណត់សម្គាល៖ កំណត់ត្រាប្រវត្តិសាស្ត្រនេះ ដកស្រង់ចេញសៀវភៅប្រវត្តិសាស្ត្ររបស់អ្នកនិពន្ធអាដេម៉ាឡឺក្លែរ អតីតរ៉េស៊ីដង់បារាំង ប្រចាំនៅកម្ពុជា៕

 

Share

Image
Image
Image