អ្នកស្រី ចាប យ៉េន ដែលជាម្ដាយលោក កើត សារ៉ាយ កាន់តែមានវ័យចាស់ជរា ហើយរាងកាយក៏ទ្រុធទ្រោម តែងតែទន្ទឹមរង់ចាំចង់ជួបមុខកូន ស្របពេលខ្លួនមិនមានលទ្ធភាពឡើងមកភ្នំពេញ ដើម្បីសួរសុខទុក្ខលោក សារ៉ាយ ដែលត្រូវជាប់ឃុំដល់ ៤ឆ្នាំក្នុងពន្ធនាគារ ដោយសារសកម្មភាពការងារសង្គមរបស់លោក។ លោក គីម ចាន់ចាវ រាយការណ៍
អ្នកស្រី ចាប យ៉េន៖ «តាំងពីកើតមកតាំងពីតូចដឹងក្ដីមក កូនខ្ញុំអត់ដែលបានទៅប្រព្រឹត្តអីមួយខុស ឬមួយអាក្រក់ឱ្យអ្នកស្រុកគេស្អប់ គេខ្ពើម ហើយសូម្បីតែក្រុមគ្រួសារក៏មិនដែលស្អប់ឱ្យប្រព្រឹត្តអីធ្វើឱ្យម្ដាយពិបាកចិត្ត ឬមួយក៏តូចចិត្តរឿងអីមួយអត់មានទេកូន។ តាំងពីលោកនៅបួសមិនដែលធ្វើឱ្យម្ដាយពិបាកចិត្ត ឬមួយក៏ទាមទារលុយអី អត់រៀនអត់កាក់អីអត់មានទេ គឺអត់ដែលមានធ្វើឱ្យម្ដាយពិបាកចិត្តទេ មានតែរឿងលួងម្ដាយ កុំឱ្យម្ដាយពិបាកចិត្ត»។
នេះជាប្រសាសន៍របស់អ្នកស្រី ចាប យ៉េន ម្ដាយរបស់លោក កើត សារ៉ាយ ប្រាប់វិទ្យុស្ដ្រីតាមប្រព័ន្ធទូរស័ព្ទនៅថ្ងៃទី១៧ ខែកុម្ភៈនេះ។
អ្នកស្រី ចាប យ៉េន មានកូន ៦នាក់ សព្វថ្ងៃអ្នកស្រីមានព្រះជន្ម៨០ព្រះវស្សារស់នៅជាមួយកូនប្រុស និងកូនប្រសារ ស្ថិតក្នុងភូមិសំរោងខាងត្បូង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ចម្ងាយពីភូមិដែលអ្នកស្រីរស់នៅ ទៅក្រុងភ្នំពេញ ដែលជាកន្លែងឃុំខ្លួនលោក សារ៉ាយ មានប្រវែងប្រមាណ ៣០០គីឡូម៉ែត្រ ដែលចម្ងាយនេះឆ្ងាយពិបាកទៅសួរសុខទុក្ខ។
អ្នកស្រីរៀបរាប់ថា កូនទាំងអស់ មានតែលោក សារ៉ាយទេ ដែលជាកូនពៅគេមិនទាន់មានគ្រួសារ ហើយតាំងពីជាប់ឃុំខ្លួនមក អ្នកស្រីមិនមានលទ្ធភាពឡើងទៅមើលកូនក្នុងពន្ធនាគារឡើយ ដោយសារកត្តាជីវភាព និងវ័យចាស់ជរា។ ថ្វីត្បិតកន្លងមកមិនបានរស់នៅជាមួយកូនជាប់លាប់ក្ដី តែកាលលោក កើត សារ៉ាយ នៅជាព្រះសង្ឃ អ្នកស្រី យ៉េន តែងតែរៀបចំចង្ហាន់ទៅវត្ត ដើម្បីជួបមុខកូនជារឿយៗ ហើយនៅពេលនោះលោក សារ៉ាយ តែងតែខ្វល់ខ្វាយ និងយកចិត្តទុកដាក់លើសុខភាពអ្នកស្រី។
អ្នកស្រី ចាប យ៉េន៖ «យាយខ្វល់ខ្វាយម្យ៉ាងខ្លាចកូនអត់អីហូបនៅក្នុងហ្នឹង ហើយមិនដឹងថាកូនហូបយ៉ាងណា ឬកន្លែងសម្រាកហ្នឹងយ៉ាងណា ឬមួយក៏មានអីហូបចុកយ៉ាងណា មានការខ្វល់ត្រិះរិះច្រើនណាស់ចៅ យប់ឡើង បើគិតវិញយាយអត់ដេកលក់ទេ។ តាមចិត្តយល់ឃើញថាកូនយាយ គឺថាមិនបានទៅញុះញង់គេទេ ប៉ុន្តែគេចោទដាក់កូនតែម្ដង កូនមិនដែលបានទៅញុះញង់ ដឹកនាំប្រជាជនណាឱ្យទៅបោះបោររឿងអីមួយគឺអត់»។
លោក កើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវ័ន្តខ្មែរ (KSILA) ត្រូវបានអាជ្ញាធរចាប់ខ្លួន នៅមុខការិយាល័យរបស់សមាគមលោក កាលពីខែមេសា ឆ្នាំ២០២៤ ក្រោយពេលដែលលោកបាននិយាយទៅកាន់សារព័ត៌មាន អំពីជម្លោះដីធ្លីមួយដែលពាក់ព័ន្ធនឹងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន សីលាដាម៉ិច ខូអិលធីឌី នៅក្នុងខេត្តព្រះវិហារ ដែលនៅពេលនោះអាជ្ញាធរបានដុតបំផ្លាញផ្ទះសម្បែងរបស់ពលរដ្ឋ។ លោកត្រូវបានតុលាការចោទប្រកាន់ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» យោងតាមមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។ លោកក៏ជាប់ចោទពីបទ «មិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម» យោងតាមមាត្រា៨៨ នៃក្រមព្រហ្មទណ្ឌផងដែរ។
លោក កើត សារ៉ាយ។ រូបភាពពីបណ្ដាញសង្គមហ្វេសប៊ុក។
បើតាមអ្នកស្រី ចាប យ៉េន ចាប់តាំងពីថ្ងៃចាប់ខ្លួន រហូតឃុំខ្លួនមកដល់ពេលនេះ ជាង ១០ខែហើយ ដែលអ្នកស្រីមិនបានជួបមុខកូន និយាយជាមួយកូនដូចកាលពីមុនឡើយ ដោយនៅពេលនឹកនាម្ដងៗ បានត្រឹមតែសម្លឹងមើលរូបថតលោក កើត សារ៉ាយ ប៉ុណ្ណោះ។
អ្នកស្រី ចាប់ យ៉េន៖ «ខ្ញុំមានការសំណូមពរសូមឱ្យលែងកូនខ្ញុំ ដោះស្រាយឱ្យកូនខ្ញុំមក ព្រោះកូនខ្ញុំអត់បានធ្វើសរសេរអី ឬមួយក៏កាប់សម្លាប់គេក៏អត់មានដែរ ព្រោះកូនខ្ញុំធ្វើនេះដើម្បីសង្គមជាតិទេចៅ»។
អ្នកស្រីបន្ថែមថា ក្នុងវ័យចំណាស់នេះហើយ សុខភាពក៏មិនល្អ ហើយអ្នកស្រីក៏គ្មានសមត្ថភាពតតាំងអ្វីបានទេ មានតែសង្ឃឹមថាថ្នាក់ដឹកនាំនឹងពិចារណាឡើងវិញជួយសម្របសម្រួលដោះលែងលោក កើត សារ៉ាយ ពីព្រោះសកម្មភាពកូនខ្លួនធ្វើកន្លងមកដើម្បីជួយប្រជាពលរដ្ឋ និងសង្គមប៉ុណ្ណោះ។
កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសលោក កើត សារ៉ាយ ឱ្យពន្ធនាគារចំនួន ៤ឆ្នាំ និងពិន័យជាប្រាក់ ២លានរៀល ពីបទ «ញុះញង់ និងបទមិនរាងចាលក្នុងបទល្មើសមជ្ឈិម»។ យ៉ាងណាការសម្រេចផ្តន្ទាទោសនេះកន្លងមក អង្គការសិទ្ធិមនុស្ស ចាត់ទុកថាជារឿងអយុត្តិធម៌ និងជាការគំរាមកំហែងដល់សកម្មជនការពារសិទ្ធិមនុស្ស ហើយនិងសកម្មជនការពារសិទ្ធិដីធ្លីផ្សេងទៀត៕
អត្ថបទដោយ៖ កញ្ញា ជា សុខនី