ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានអំពាវនាវ ឱ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធបន្តគាំទ្រគោលនយោបាយសមភាពយែនឌ័រ ដែលផ្ដល់ផលល្អទៅលើស្ត្រីដែលមានចំនួនជាងពាក់កណ្ដាលប្រជាពលរដ្ឋ និងយកចិត្តទុកដាក់អនុវត្តន៍ការងារ ដើម្បីវិបុលភាព និងសេចក្ដីសុខរីកចម្រើនរបស់ជនរួមជាតិទាំងអស់គ្នា។ នេះបើតាមព្រះរាជសាររបស់សម្តេចព្រះមហាក្សត្រី សម្រាប់ជាការអបអរសាទរទិវាអន្តរជាតិនារីលើកទី១១៤ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥នេះ។
តាមរយៈព្រះរាជសារសម្តេចព្រះវររាជមាតា បានបង្ហាញពីព្រះរាជបំណងចង់ឱ្យប្រជាពលរដ្ឋខ្មែរ ចូលរួមទាំងអស់គ្នាក្នុងលើកកម្ពស់ស្ត្រីសម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។ ព្រះមហាក្សត្រី គាំទ្រក្រសួងកិច្ចការនារី គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ក្រសួង ស្ថាប័ន អង្គការជាតិ និងអន្តរជាតិ ដែលបាននិងកំពុងខិតខំប្រឹងប្រែងជំរុញការអនុវត្តក្នុងបេសកកម្មដ៏ថ្លាថ្លៃ ដើម្បីស្ត្រី និងក្មេងស្រី បានទទួលនូវកិច្ចការពារសិទ្ធិ និងផលប្រយោជន៍ តាមរយៈការទទួលស្គាល់ ការផ្ដល់តម្លៃ និងចាត់ទុកស្ត្រី ក្មេងស្រីជាមូលធនមនុស្សដ៏សំខាន់ក្នុងការអភិវឌ្ឍគ្រួសារ និងសង្គមព្រមទាំងជំរុញ លើកទឹកចិត្តកសាង និងអភិវឌ្ឍសមត្ថភាពស្ត្រីក៏ដូចជាការផ្ដល់ឱកាសឱ្យពួកគេចូលរួមប្រកបដោយសមភាព និងសមធម៌ នៅគ្រប់ការងារ និងគ្រប់វិស័យ។
ព្រះមហាក្សត្រី បានសរសើរ ថ្នាក់ដឹកនាំ ដែលខំលើកកម្ពស់សីលធម៌សង្គម និងតម្លៃស្ត្រី និងបានកំណត់តម្លៃស្រ្ដីថា «ស្រ្តី គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ»។ បន្ថែមពីនេះ សម្តេចព្រះវររាជមាតា ក៏បានសរសើរក្រសួងកិច្ចការនារី រាជរដ្ឋាភិបាល និងស្ថានប័នពាក់ព័ន្ធ បានចូលរួមលើកកម្ពស់ស្រ្តី ដើម្បីស្រ្តី និងក្មេងស្រី បានទទួលនូវកិច្ចការពារសិទ្ធ និងផលប្រយោជន៍ តាមរយៈការទទួលស្គាល់ ការផ្តល់តម្លៃ និងចាត់ទុកស្រ្តី ក្មេងស្រីជាមូលធនមនុស្សដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍ សេដ្ឋកិច្ចគ្រួសារ និងសង្គម៕