សមត្ថកិច្ច ចាប់ខ្លួនលោក ហេង សិទ្ធី ដែលជាអតីតឧកញ៉ាម្នាក់ធ្លាប់រកស៊ីវិស័យអចលនទ្រព្យ ក្រោយលោកប្រើប្រាស់បណ្ដាញសង្គមនិយាយលាតត្រដាងមន្ត្រីជាន់ខ្ពស់មួយចំនួនក្នុងជួររដ្ឋាភិបាលថា បានប្រព្រឹត្តអំពើពុករលួយ បណ្ដាលឱ្យមានល្បែងស៊ីសងអនឡាញ និងការជួញដូរមនុស្ស។ ប៉ុន្តែអាជ្ញាធរកម្ពុជា អះអាងថា ការចាប់ខ្លួនលោក ហេង សិទ្ធី មិនពាក់ព័ន្ធនឹងការបរិហារកេរ្តិ៍មន្ត្រីរដ្ឋាភិបាលឡើយ តែដោយសាររងបណ្ដឹងពីអ្នកវិនិយោគិនបរទេស។ លោក គីម ចាន់ចាវ រាយការណ៍
លោក ហេង សិទ្ធី រងបណ្ដឹងពីជនជាតិសិង្ហបុរីម្នាក់ ឈ្មោះ ភឿ ហ្គិកសេង (Phua Gek Seng) ដោយចោទប្រកាន់លោកពីបទបរិហារកេរ្តិ៍ និងគំរាមកំហែងទារប្រាក់ចំនួន ២លានដុល្លារ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។
យោងតាមលិខិតមួយចុះថ្ងៃទី៨ ខែមករានេះ ដោយមានហត្ថលេខាលោក ស៊ា កុសល រដ្ឋលេខាធិការ នៃក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ ប្រកាសនៅតាមបណ្ដាទូតខ្មែរដែលនៅក្រៅប្រទេសថា ក្រសួងមហាផ្ទៃ សម្រេចមោឃលិខិតឆ្លងដែនលោក ហេង សិទ្ធី ដែលត្រូវសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឱ្យចាប់ខ្លួន កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤។ លិខិតដដែលបញ្ជាក់ថា ការចាប់ខ្លួននេះ ដោយលោក ហេង សិទ្ធី រងបទចោទពីបទគំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោសប្រព្រឹត្តទៅនៅប្រទេសកម្ពុជាក្នុងខែវិច្ឆិកា ឆ្នាំ២០២៤។
លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បញ្ជាក់ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី១៥ ខែមករាថា លោក ហេង សិទ្ធី ចាប់ខ្លួនបាន ២ថ្ងៃហើយ នៅប្រទេសរុស្ស៊ី លោកមិនទាន់ដឹងសមត្ថកិច្ចបញ្ជូនលោក សិទ្ធី ត្រឡប់មកកម្ពុជាវិញពេលណាឡើយ។ ការមិនដឹងពេលវេលាបញ្ជូនមកនេះ ដោយសារត្រូវបំពេញនីតិវិធីរវាងរដ្ឋ និងរដ្ឋ ជាមុនសិន។
មុន ២ថ្ងៃ ដែលគេចាប់ខ្លួន លោក ហេង សិទ្ធី បានចេញសារសំឡេងនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា សូមឱ្យនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត ជ្រាបថា មេខ្លោងដែលនៅពីក្រោយល្បែងអនឡាញខុសច្បាប់ ការជួញដូរមនុស្ស និងការប្រព្រឹត្តឧក្រិដ្ឋកម្មនានា គឺជាមន្ត្រីមួយចំនួនដែលបម្រើការងារនៅក្នុងក្រសួងមហាផ្ទៃ និងជាសាច់ញាតិនាយករដ្ឋមន្ត្រី។ ក្នុងនោះលោកស្នើឱ្យនាយករដ្ឋមន្ត្រីស៊ើបអង្កេត និងបញ្ជាក់ឈ្មោះចំៗ មាន៖ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ថេត អគ្គស្នងការនគរបាលជាតិ លោក ជួន ណារិន ស្នងការនគរបាលរាជធានីភ្នំពេញ និងលោក គួច ចំរើន អភិបាលខេត្តកណ្ដាល។
ក្រៅពីដាក់ឈ្មោះចំៗទៅលើបុគ្គលដែលជាមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលហើយ លោក ហេង សិទ្ធី ក៏បានលើកឈ្មោះមេខ្លោងធំម្នាក់ទៀតដែលជាដៃគូរកស៊ីជាមួយវិនិយោគិនជនជាតិចិនឈ្មោះលោក ហ៊ុន តូ ដែលជាបងប្អូនជីដូនមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន ម៉ាណែត។
លោក ហេង សិទ្ធី៖ «ដូច្នេះប្រទេសកម្ពុជាយើង កំពុងតែធ្លាក់ចូលរណ្ដៅឧក្រិដ្ឋកម្មហើយ ប្រទេសកម្ពុជាកំពុងចូលទៅក្នុងលំដាប់ប្រទេសដែលលាក់ឧក្រិដ្ឋជនហើយ ដែលត្រូវតម្រូវឱ្យសង្គ្រោះជាបន្ទាន់។ យើងខើញមកដល់ពេលនេះសូម្បីតែនាយករដ្ឋមន្ត្រី ក៏នៅស្ងៀមដែរ ដូច្នេះខ្ញុំអាចវាយតម្លៃបានថានេះគឺជាការអសមត្ថភាពរបស់នាយករដ្ឋមន្ត្រី ឬមួយក៏គាត់មិនហ៊ានធ្វើព្រោះវាមានផលប៉ះពាល់ច្រើនបាទ ដោយសារប៉ះអ្នកនោះប៉ះអ្នកនេះ សុទ្ធតែបងប្អូនទាំងអស់ ដល់អ៊ីចឹងទៅគឺធ្វើអត់ចេញទេ»។
លោក ហេង សិទ្ធី។ រូបភាពពីបណ្ដាញសង្គមហ្វេសប៊ុកលោក។
ប៉ុន្តែលោក ទូច សុខៈ អះអាងថា ការចាប់ខ្លួនលោក ហេង សិទ្ធី មិនពាក់ព័ន្ធនឹងលោក សិទ្ធី និយាយទម្លាក់កំហុសមកលើថ្នាក់ដឹកនាំកម្ពុជា មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងអ្នកវិនិយោគទុនថ្មីៗនេះទេ ដោយលោក ហេង សិទ្ធី មានដីកាចាប់ខ្លួន និងមានបណ្ដឹងផ្សេងៗ តាំងពីលោករស់នៅប្រទេសកម្ពុជា។
លោក ទូច សុខៈ៖ «អ៊ីចឹងខ្ញុំបញ្ជាក់ជូនថា ការចាប់ខ្លួននេះមិនមែនមកពីគាត់ទៅបរិហារកេរ្តិ៍ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ថ្នាក់ដឹកនាំជាន់ខ្ពស់អីផ្សេងៗនាពេលបច្ចុប្បន្ននេះទេ គឺគាត់គេចខ្លួនពីការតាមចាប់ ដែលចេញដីការបស់តុលាការពីមុនមកហើយបាទ! ហើយខ្ញុំសូមជំរាបជូនដែរ ជាការកត់សម្គាល់ក្រៅពីគាត់ចេញទៅក្រៅហើយ គាត់បរិហារ ទម្លាក់កំហុសដោយស្រេចតែចិត្តមកលើថ្នាក់ដឹកនាំរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់ផ្សេងៗហ្នឹង គឺគាត់ក៏បានបរិហារមកលើកម្ពុជាយើងទាំងមូលដែរ ថាកម្ពុជាត្រូវបានគេស្គាល់ជាប្រទេសដែលពោរពេញទៅដោយបទឧក្រិដ្ឋឆកបោកតាមអនឡាញ ឬ Call Center នេះជាការធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរណាស់»។
កន្លងមកការលាតត្រដាងរបស់លោក ហេង សិទ្ធី ត្រូវបានថ្នាក់ដឹកនាំទាំងនោះ ច្រានចោល និងអះអាងថា ជារឿងមិនពិត។
លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បដិសេធមិនធ្វើសេចក្ដីអត្ថាធិប្បាយ ដោយលើកឱ្យទៅសួរក្រសួងយុត្តិធម៌។
លោក ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ នៃក្រសួងយុត្តិធម៌ ចាត់ទុកការផ្សព្វផ្សាយរបស់លោក ហេង សិទ្ធី កន្លងមក ជាព័ត៌មានដែលគ្មានមូលដ្ឋានច្បាស់លាស់ ដោយព័ត៌មាននោះ មិនអាចជាភស្ដុតាងរឹងមាំដើម្បីឱ្យសមត្ថកិច្ចធ្វើការស៊ើបអង្កេតតាមនីតិវិធីផ្លូវច្បាប់។
លោក ជិន ម៉ាលីន៖ «អ៊ីចឹងបើគាត់ភស្ដុតាងមូលដ្ឋានរឹងមាំច្បាស់លាស់ សូមឱ្យគាត់ប្រគល់ជូនសមត្ថកិច្ច ដើម្បីធ្វើការតាមផ្លូវច្បាប់ ក៏ប៉ុន្តែអ្វីដែលយើងឃើញកន្លងមក តែព័ត៌មាននេះវាធ្វើឡើងគ្រាន់តែជាចេតនាទុច្ចរិត មិនមានភស្ដុតាង មិនមានមូលដ្ឋានច្បាស់លាស់ ក្នុងចេតនាបង្កាត់បង្ខូត ប៉ះពាល់ដល់កេរ្តិ៍ឈ្មោះអ្នកដទៃអាហ្នឹងគេមានសិទ្ធិប្ដឹង ហើយវាទៅជាបរិហារកេរ្តិ៍ទៅវិញ ទិដ្ឋភាពផ្លូវច្បាប់វាប៉ុណ្ណឹង»។
លោក ឡេង ណាវ៉ាត្រា ដែលមានងារជាឧកញ៉ា មានមុខជំនួញជាច្រើនលើវិស័យដីធ្លី និងអចលនទ្រព្យ បានឆ្លៀតពេលពីការងារដ៏មមាញឹកក្នុងគម្រោងសាងសង់លំនៅដ្ឋានជូនអតិជន សរសេរវាយប្រហារ រលើលោក ហេង សិទ្ធី រហូតដល់ដឹកនាំក្រុមការងាររបស់លោក ទៅក្រៅប្រទេសអន្ទងឱ្យលោក ហេង សិទ្ធី វិលចូលស្រុកតតាំងក្ដីតាមផ្លូវច្បាប់ ក្រោមអំណាចតុលាការកម្ពុជា។
លោក ណាវ៉ាត្រា វាយប្រហារការនិយាយរបស់លោក ហេង សិទ្ធី ចំៗថាជារឿងបោកប្រាស និងជាការបង្កើតឡើងដើម្បីបំផ្លិតបំផ្លាញប្រទេសជាតិខ្លួនឯង។
លោក ហេង សិទ្ធី ត្រូវព្រះមហាក្សត្រដកគោរមងារអ្នកឧកញ៉ា កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ តាមសំណើរបស់នាយករដ្ឋមន្ត្រីសម្ដេច ហ៊ុន ម៉ាណែត។ ក្រោយពីបញ្ចប់គោរមងារអ្នកឧកញ៉ា លោក ហេង សិទ្ធី ក៏រងបណ្ដឹងពីបទបរិហារកេរ្តិ៍ពីជនជាតិសិង្ហបុរី៕
អត្ថបទដោយ៖ កញ្ញា ជា សុខនី