ភ្នំពេញ៖ ជំងឺរើម ជាជំងឺម្យ៉ាងបណ្តាលមកអំពីវីរុសឈ្មោះ វ៉ារីសេឡា ហ្សូស្ទ័រ (Varicella Zoster Virus) ដែលបង្ហាញសញ្ញាលើស្បែកជាពងទឹក មានខ្លះតូច ខ្លះធំផ្តុំគ្នាជាកញ្ចុំឬជាផ្ទាំងៗ។ សណ្ឋានរបស់ រើម មើលមួយភ្លេតស្រដៀងទៅនឹងបញ្ហាកន្ទួលរមាស់ ឬស្រែងជាដើម តែឥទ្ធិពលរបស់វាអាចបង្កគ្រោះថ្នាក់ដល់ភ្នែក ខួរក្បាលនិងស្បែក បើសិនជាយើងមិនព្យាបាលទាន់ពេល។ ដូច្នេះហើយ ទើបក្នុងនាទីសុខភាពរបស់វិទ្យុស្រ្តីនៅពេលនេះ លោក កែវ សុខា នឹងលើកយកទិន្នន័យនិងការរកឃើញមួយចំនួនរបស់ក្រុមវេជ្ជបណ្ឌិត និងគេហទំព័រសុខភាពល្បីនានា ជុំវិញបញ្ហានេះមកចែករំលែកជូនដល់នាង កញ្ញា លោក លោកស្រី បានជ្រាបនិងឈ្វេងយល់ទាំងអស់គ្នា។
បើសិនមិនបានពិនិត្យឱ្យបានល្អិតល្អន់នោះទេ យើងអាចច្រឡំគ្នារវាងជំងឺរើម ទៅនឹងបញ្ហាកន្ទួលរមាស់ ឬបញ្ហាកើតស្រែងជាដើមនៅដំណាក់កាលដំបូងៗ។ ម្លោះហើយ ទើបជំងឺនេះមានឱកាសបង្កគ្រោះថ្នាក់ដល់សរីរាង្គផ្នែកភ្នែក ពោលអាចបណ្តាលឱ្យខ្វាក់ មួយទៀតអាចបង្កឱ្យមានបញ្ហាខួរក្បាល បញ្ហាសួត និងបញ្ហាស្បែកធ្ងន់ធ្ងរផងដែរ។
ផ្អែកតាមការចុះផ្សាយពីមន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យបាងកក បានបង្ហាញនូវឬសគល់នៃជំងឺ កត្តាប្រឈម រោគសញ្ញា និងវិធីទប់ស្កាត់ឬព្យាបាលប្រហាក់ប្រហែលគ្នា។
រូបភាពពីមន្ទីរពេទ្យកាល់ម៉ែត។
យោងតាមការរកឃើញបានបង្ហាញថា ជំងឺរើមនេះ អាចកើតមានឡើងលើខ្លួនមនុស្សដោយសារកត្តាអាយុកាន់តែច្រើនទៅៗ។ មួយទៀតក៏អាចបណ្តាលមកពីកត្តាដែលមនុស្សយើងធ្លាប់មានបញ្ហាជំងឺរ៉ាំរ៉ៃពីមុនមក គួបផ្សំនឹងប្រព័ន្ធភាពសុំាឬអង់ទីគ័រចុះខ្សោយផងទើបជំងឺនេះមានឱកាសកើតឡើងមក។ មិនតែប៉ុណ្ណោះ ការប្រើប្រាស់ថ្នាំប្រឆាំងនឹងជំងឺHIV ឬអេសដ៍ និងអ្នកជំងឺប្តូរសរីរាង្គដោយសារបញ្ហាមហារីក ក៏អាចមានហានិភ័យខ្ពស់នៃការលេចឡើងវត្តមានជំងឺរើមនេះផងដែរ។ នេះបើតាមមន្ទីរពេទ្យកាល់ម៉ែត។
ផ្អែកតាមមន្ទីរបាងកក(Bangkok)វិញ ភាគរយខ្ពស់នៃជំងឺនេះ គឺកើតឡើងលើមនុស្សចាស់ ព្រោះថាអាយុកាន់តែចាស់អង់ទីគ័រក៏កាន់តែចុះខ្សោយជាងមុន។ តាមការបញ្ជាក់ គឺមនុស្សចាស់មានវ័យចាប់ពី៦០ឆ្នាំឡើងទៅ ហើយជំងឺនេះអាចបង្កឱ្យមានការឈឺចាប់រាប់ខែឯណ្ណោះ។ ក្រុមមនុស្សចាស់ដែលមានបញ្ហានេះ អាចកើតមានបញ្ហាញុំាមិនសូវបាន សម្រាន្តមិនសូវលក់ មានសភាពឈឺចុកចាប់នៅត្រង់កន្លែងដែលរើមកើត ហើយបានរំខានដល់ជីវិតរស់នៅប្រចាំ ដោយអ្នកជំងឺខ្លះគិតខ្លីមិនចង់រស់ព្រោះលំបាកទ្រាំនឹងការឈឺចុកចាប់ដែលមានសភាពកាន់តែធ្ងន់ធ្ងរទៅៗ។
ជំងឺរើម ត្រូវបានក្រុមគ្រូពេទ្យកំណត់មុខសញ្ញាថា ជាប្រភេទជំងឺលាក់មុខមួយប្រភេទសំងំក្នុងខ្លួនមនុស្ស។តែយ៉ាងនៅរយៈពេល ៤ ទៅ ៥ ថ្ងៃ មុនពេលលេចចេញជំងឺនេះ អ្នកជំងឺមានអាការៈរាងអស់កម្លាំង ក្តៅខ្លួនស្ទិញៗ រៀងស្រគៀរក្រហាយៗនៅលើស្បែកកន្លែងដែលវាប្រុងនឹងលេចចេញនោះ។
បន្ទាប់មកទើបរើមលេចចេញជាផ្ទាំងក្រហមកំណត់ដោយពងទឹកមានសណ្ឋានខ្លះតូច មានខ្លះធំផ្តុំគ្នាជាកញ្ចុំឬជាផ្ទាំងៗ។ រើមអាចចេញគ្រប់ទីកន្លែង នៅលើទ្រូង លើមុខ នៅលើដៃផងដែរ។ ក៏ប៉ុន្តែរើមអាចចេញតែម្ខាង ឬដោយផ្នែកៗ មិនដែលចេញទាំងសងខាង ឬព័ទ្ធជុំនោះទេ។
ក្រោយចេញសញ្ញាលើស្បែកពី ៧ ទៅ ១០ថ្ងៃហើយ ពងទឹកទាំងនោះក៍សះទៅជាក្រមរ និងបន្សល់ទុកនូវសំលាក ព្រមជាមួយការឈឺចាប់ក្រហាយ(acute neuritis) លើស្បែកកន្លែងចេញ។ រោគសញ្ញាឈឺចាប់ និង ក្រហាយលើស្បែកនេះអាចតិច ឬខ្លាំង អាចវិវត្តន៍ទៅជាឈឺចាប់សរសៃប្រសាទរ៉ាំរ៉ៃ (postherpetic neuralgia) ទៅតាមសុខភាពបុគ្គលផ្សេងៗគ្នា។
ទោះបីជាជំងឺរើម មានចរិតកាចជាងប្រភេទជំងឺសើស្បែកដទៃទៀតក៏ពិតមែន ប៉ុន្តែ ជំងឺនេះអាចមានវិធីការពារ និងព្យាបាលជាសះស្បើយបើសិនណាទៅជួបគ្រូពេទ្យជំនាញទាន់ពេលវេលា។
តាមការណែនាំពីមន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យបាងកក តម្រូវងូតទឹកសំអាតខ្លួនប្រាណនឹងសាប៊ូជាប្រចាំ។ ត្រូវបរិភោគអាហារបំប៉នសុខភាព ដោយមិនតមអាហារអ្វីនោះទេ។ មិនត្រូវស្តោះផ្លុំ ឬយកភ្លើងមកដុតលើស្បែករបស់អ្នកជំងឺរើមឱ្យសោះ។ អ្វីជាពិសេសជាងនេះ ចំពោះអ្នកមិនទាន់កើតអុតស្វាយត្រូវចាក់ថ្នាំការពារជំងឺអុតស្វាយ។ ដោយឡែក ជំងឺនេះបច្ចុប្បន្នក៏មានវ៉ាក់សាំងសម្រាប់ការពាររួចហើយ តែរាល់ការចង់ចាក់វ៉ាក់សាំងការពារ ត្រូវតែទៅជួបវេជ្ជបណ្ឌិតជំនាញជំងឺនេះ ដើម្បីជៀសវាងមានបញ្ហាជាយថាហេតុកើតឡើង៕