ភ្នំពេញ៖ ការបន្ទោរបង់មកមានឈាមក្រហមមកជាមួយ មហាជនភាគច្រើនតែងគិតទៅដល់ជំងឺឫសដូងបាត។ ក៏ប៉ុន្តែវាពុំមែនសុទ្ធតែបណ្តាលមកពីជំងឺឫសដូងបាតទាំងអស់នោះទេ ហើយអាការៈមែននេះក៏ជាមុខសញ្ញាមួយដ៏គ្រោះថ្នាក់ដល់អាយុជីវិត ជាងជំងឺឫសដូងបាតផងដែរ បើសិនមិនបានស្វែងរកការពិនិត្យព្យាបាលឱ្យទាត់ពេលវេលាទេនោះ។ តើការបន្ទោរបង់មកមានឈាមក្រហមមកជាមួយ កើតចេញមកពីបញ្ហាអ្វីខ្លះ? តទៅនេះសូមនាង កញ្ញា លោក លោកស្រី អញ្ជើញស្តាប់នាទីសុខភាព ដែលរៀបរៀងដោយលោក កែវ សុខា ដូចតទៅ។
សម្រាប់បញ្ហាសុខភាព អាការៈខ្លះដូចគ្នា ស្ថានភាពជំងឺខ្លះដូចគ្នា រោគសញ្ញាខ្លះដូចគ្នា ហើយសំណាកខ្លះក៏ដូចគ្នា តែប្រភពបញ្ហា ឬជំងឺអាចពុំដូចគ្នាទាំងអស់នោះទេ។ តួយ៉ាង បញ្ហាការបន្ទោរបង់មកមានឈាមក្រហម មហាជនភាគច្រើនតែងគិតដល់ភ្លាមថា នោះមកពីជំងឺឫសដូងបាត។
សម្រាប់មន្ទីរពេទ្យកាល់ម៉ែត ពន្យល់ថា ការគិតបែបនេះគឺមិនត្រឹមត្រូវនោះទេ ព្រោះមានប្រភេទជំងឺមួយចំនួនទៀតក៏មានរោគសញ្ញាដូចជំងឺឫសដូងបាតនេះផងដែរ ហើយអ្នកជំងឺអាចគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិតបានភ្លាមៗថែមទៀតផង ពោលគឺសាហាវជាងជំងឺឫសដូងបាតទៅទៀត។ តើជំងឺនោះមានប្រភេទជំងឺអ្វីខ្លះ?
រូបភាពពីមន្ទីរពេទ្យកាល់ម៉ែត។
យោងតាមគេហទំព័ររបស់មន្ទីរពេទ្យកាល់ម៉ែតចេញផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ការបន្ទោរបង់មកមានឈាមក្រហម គឺមូលហេតុភាគច្រើនអាចបណ្តាលមកពីជំងឺឫសដូងបាត (Hemorrhoids bleeding) ឬអាចជាបញ្ហាផ្សេងទៀតនៅម្តុំបាត ដូចជា ការដាច់រហែកភ្នាសបាតជាដើម និងអាចមកពីបញ្ហារហែកទ្វារលាមក (Anal Fissure)។
ក៏ប៉ុន្តែអ្វីជាក្តីព្រួយបារម្ភ និងពុំអាចមើលស្រាលបាននោះ គឺការបន្ទោរបង់មកមានឈាមក្រហមដែលបង្កចេញពីបញ្ហាក្រពះ ពោះវៀន ឬបញ្ហាជំងឺមហារីកប្រព័ន្ធរំលាយអាហារ។
ម្ល៉ោះហើយបានជាមន្ទីរពេទ្យកាល់ម៉ែតដាស់តឿន កុំឱ្យវាយតម្លៃមើលស្រាលពេក ហើយយកល្អគប្បីគួររត់រកគ្រូពេទ្យព្រឹក្សាយោបល់ទើបជាការប្រសើរ។
បញ្ហាការបន្ទោរបង់មកមានឈាមក្រហមនេះ ក្រៅតែពីមូលហេតុឫសដូងបាត គឺអាចមកពី ដំបៅក្រពះ។
រូបភាពពីមន្ទីរពេទ្យកាល់ម៉ែត។
តែជំងឺដំបៅក្នុងក្រពះនេះ ភាគច្រើនមិនធ្វើឲ្យអ្នកជំងឺហូរឈាមក្រហមស្រស់ៗមកតាមលាមកទេ ដោយសារតែចម្ងាយពីក្រពះមកទ្វារធំមានគម្លាតឆ្ងាយ។ ដោយសារតែឈាមហូរមកឆ្ងាយបែបនេះហើយ ទើបធ្វើឲ្យឈាមបង្កពីបញ្ហាដំបៅក្នុងក្រពះត្រូវរលាយចូលក្នុងលាមក ធ្វើលាមកមានពណ៌ក្រម៉ៅខ្លាំងទៅវិញ ដោយក្លិនក៏អាក្រក់ខ្លាំងផងដែរ។
បើទោះបីជាមិនមានសណ្ឋានពណ៌ក្រហមស្រល់ក៏ដោយ តែវេជ្ជបណ្ឌិតនៅតែព្រមានពីសញ្ញាណគ្រោះថ្នាក់នៃជំងឺរលាកក្នុងក្រពះនេះ គឺត្រូវតែប្រុងប្រយ័ត្នខ្ពស់។
ក្រៅតែពីជំងឺរលាកក្នុងក្រពះនេះ បញ្ហារលាកក្នុងពោះវៀន និងរលាកប្រដាប់រំលាយអាហារ ជំងឺដំបៅពោះវៀនធំ (Colonic ulcer)និង ជំងឺដំបៅពោះវៀនតូច ក៏ជាដើមហេតុបង្កឱ្យការបន្ទោរបង់មានឈាមមកជាមួយដូចគ្នា។
តែក្នុងចំណោមប្រភេទជំងឺរៀបរាប់ខាងលើ អ្វីដែលយើងគួរឱ្យព្រួយបារម្ភខ្លាំងនោះ គឺបញ្ហាដុំសាច់មហារីក (Colon cancer)។ ជំងឺនេះ បណ្តាលមកពីការស្រកទម្ងន់ដោយមិនមានមូលហេតុ និងមានបញ្ហារាក ឬទល់លាមកជាប្រចាំ ដែលយើងគួរតែគិតដល់ជំងឺមហារីកពោះវៀនធំ។
រូបភាពពីមន្ទីរពេទ្យកាល់ម៉ែត។
ជាទស្សនទានពីមន្ទីរពេទ្យកាល់ម៉ែត ចំពោះវេជ្ជបណ្ឌិតឯកទេសផ្នែកជំងឺក្រពះ ពោះវៀន ថ្លើម និង ឫសដូងបាតនេះ ត្រូវការការប្រុងប្រយ័ត្នជាប់ជានិច្ច ដោយករណីខ្លះត្រូវពិនិត្យ និងធ្វើរោគវិនិច្ឆ័យអំពីមូលហេតុនៃការធ្លាក់ឈាមនេះឱ្យបានច្បាស់លាស់បំផុត។ អ្វីជាពិសេសនោះ ក្រុមគ្រូពេទ្យត្រូវពិនិត្យឆ្លុះសុងពោះវៀនធំ (Total colonoscopy) ដើម្បីរកមូលហេតុពិត និងបែងចែកថា ការធ្លាក់ឈាមនេះមកពីពោះវៀនធំ ឬបញ្ហាឫសដូងបាតដូចដែលបានបកស្រាយនៅខាងលើ។
ដោយឡែក ចំពោះការឈានទៅដល់ការឆ្លុះពិនិត្យពោះវៀនធំ លុះត្រាតែអ្នកជំងឺមានលក្ខខណ្ឌដូចខាងក្រោម គឺ៖
-ត្រូវមានអាយុលើសពី ៤៥ឆ្នាំឡើងទៅ (old age)
-បាត់បង់គ្រាប់ឈាមក្រហមច្រើន (Hb < 9g/l)
-មានអការ:ឈឺពោះរ៉ាំរ៉ៃ (Chronic abdominal pain)
-ស្រកទម្ងន់លឿន ឬ ខុសប្លែកពីធម្មតា (Weight lost or alteration)
-ក្រោយការពិនិត្យរាង្គកាយរបស់វេជ្ជបណ្ឌិត រកឃើញ ឬ ស្ទាបប៉ះដុំក្នុងពោះ (after physical examination)
-មានប្រវត្តិគ្រួសារដែលមានបញ្ហាដុំសាច់កាច ឬមហារីក (Family history of any cancer).
ជាចុងក្រោយ មន្ទីរពេទ្យកាល់ម៉ែត ផ្តល់សារដាស់តឿនដល់សាធារណជន ឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហានេះ។ តែក៏មិនត្រូវភ័យខ្លាចខ្លាំងនោះដែរ ក្នុងការពិនិត្យឆ្លុះពោះវៀនធំ ដើម្បីរកមូលហេតុ និង រោគវិនិច្ឆ័យនៃជំងឺនេះឱ្យច្បាស់លាស់ ព្យាបាលបានចំគោលដៅ និងទាន់ពេលវេលា ជៀសវាងធ្លាក់ទៅសភាពធ្ងន់ធ្ងរ៕